ប្រកាសចូលកាន់តំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងថ្មី
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានខេត្ត
នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីប្រកាសផ្លាស់ប្តុរ នឹងទទួល
ភារកិច្ច ប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងថ្មី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានសាខាគយប្រចាំច្រកទ្វារ សាខាកាំកុងត្រូលខេត្ត ប្រធានច្រកទ្វារតាមបណ្ដាច្រកព្រំដែន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា លោក ផាន់ គឹមសន ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រព្រំដែនអន្តរជាតិត្រពាំងផ្លុង ជំនួសលោក វុឹង មុន្នី ដែលត្រូវទៅបម្រើការងារនៅសាលាខេត្តត្បូងឃ្មុំវិញ។
ឯកឧត្តមបណ្ឌិត បានថ្លែងថា ការតែងតាំងផ្លាស់ប្តូរមុខតំណែង វាជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្តូរ បទពិសោធន៍នៃមុខតំណែងផ្សេងទៀត របស់ស្ថាប័នរដ្ឋតាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ថ្នាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឱ្យមានកំណែក្នុងប្រព័ន្ធការងារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែល ប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងចាស់ អនុវត្តបាន យ៉ាងល្អប្រសើរនាពេលកន្លងមក។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានណែនាំឲ្យ ប្រធានច្រក ដែលបានប្រកាសទទួលភារកិច្ចនាពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង រួមសហការបង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច និងបទល្មើសនានាតាមបន្ទាត់ព្រំដែន ។
មួយវិញទៀត បន្តធ្វើការសម្រួលការធ្វើចរាចរទំនិញចេញចូល ធានាគុណភាព សម្រាប់សុខភាពប្រជាពលរដ្ឋ ជាពិសេស ត្រូវរួមសហការជាមួយមន្ត្រីគយប្រចាំច្រក លើការយកពន្ធជូនរដ្ឋ ដែលជាប្រភពនៃសេដ្ឋកិច្ចជាតិ៕