ចូលរួមដាក់បិណ្ឌវេនទី៧៖ អភិបាលខេត្តត្បូងឃ្មុំ ប្រាប់លោកយាយលោកតាថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រទេសមានសុខសន្តិភាព ទើបពលរដ្ឋមានឱកាសធ្វើបុណ្យជុំបងប្អូន ដោយសប្បាយរីករាយបែបនេះ!!
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានខេត្ត
ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងតែមានសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី
ជាតិខ្មែរ តាមគន្លងទំនៀមទំលាប់ ប្រពៃណីសាសនា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម គន់ សុភា អភិបាលរងខេត្ត រួមទាំងអាជ្ញាធរក្រុងសួង និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញទៅចូលរួមដាក់បិណ្ឌវេនទី៧ នៅវត្តពណ្ណរាយ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។
ថ្លែងបង្ហាញប្រាប់ទៅកាន់លោកតាលោកយាយនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងនូវសមិទ្ធិផលយ៉ាងច្រើន ដែលបានកសាង កំពុងកសាង និងបន្តកសាង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យទាំងវិស័យអាណាចក្រ ពិសេសវិស័យពុទ្ធចក្រនេះតែម្តង។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត មានប្រសាសន៍គូសបញ្ជាក់ថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា បាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ដោយអនុវត្តន៍យុទ្ធសាសន្ត្រឈ្នះៗ ក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរទទួលទានបានដោយសេរី ធ្វើឲ្យមានជីវភាពធូរធារ ទើបពលរដ្ឋមានលទ្ធភាព និងឪកាសធ្វើបុណ្យនានាជុំបងប្អូន ដោយសប្បាយរីករាយបែបនេះ ពិសេសពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក៍បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ២លានរៀល ព្រមទាំងបង្គោលភ្លើង១០បង្គោល ស្មើនឹង៦០០ដុល្លារ ទៅប្រគេនជូនវត្តពណ្ណារាយ សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
ព្រមទាំងចែកថវិការដល់លោកតាលោកយាយ និងប្រជាពលរដ្ឋ ក៍ដូចជាកុមារាកុមារី ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាល ក្នុងនាមជាមេគ្រួសាររបស់ពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំទាំងមូល។
គួររំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយការយកទេយ្យទានផ្សេងៗ មានដូចជាអាហារជាដើម ទៅផ្គត់ផ្គង់ព្រះសង្ឃ នៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល១៥ថ្ងៃគត់។
ពិធីបុណ្យនេះ ធ្វើឡើងសម្រាប់ឧទ្ទិសកោសល្យ ដល់ដួងវិញ្ញាណក្ខន្ធបងប្អូន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសកោសល្យដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត និងពពួកប្រេតជនញាតិ ដែលបានស្លាប់ទៅ ជាពិសេសសូមឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា៕