រដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ បំផុសឲ្យនាំគ្នាស្រឡាញ់ និងនាំគ្នាសម្អាតបរិស្ថាន លើកស្ទួយ សោភ័ណភាពបរិស្ថានខេត្ត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានខេត្ត
ក្រោយពីបញ្ចប់រដូវបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ រួចមក នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ លោក វ៉ឹង មុនី នាយករងរដ្ឋបាលសាលាខេត្ត
ត្បូងឃ្មុំ បានដឹកនាំមន្ត្រីរាជការ ស្ថាប័នមន្ទីរ/អង្គភាពជុំវិញខេត្ត បានចុះសម្អាតបរិស្ថានតាមដងផ្លូវនានា នៃរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ក៏ដើម្បីបញ្ជ្រាបនិងយល់ដឹងអំពីបរិស្ថានស្អាតនៅទូទាំងខេត្តត្បូងឃ្មុំ សម្រាប់ទាក់ទាញ់ភ្ញៀវទេសចរមកកម្សាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិចម្រុះជាតិសាសន៏មកលេងកំសាន្តនៅទីរួមខេត្តត្បូងឃ្មុំ។
ថ្លែងសំណេះសំណាលនាឱកាសនោះ លោក វ៉ឹង មុនី នាយករងរដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា ការធ្វើពលកម្មសម្អាតតាមដងផ្លូវនានា ជុំវិញរដ្ឋបាលសាលាខេត្តត្បូងឃ្មុំនេះ គឺយើងតែងតែធ្វើជាប្រចាំ និងកម្មវិធីផ្សេងៗ ហើយសម្អាតប្រមូលសំរាមតាមដងផ្លូវសាធារណៈនេះ យើងធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋ អាជីករ និងអាជ្ញាធរមូលដ្ឋាន កាន់តែមានភាពជិតស្និតនឹងគ្នា រស់នៅក្នុងសហគមន៍មួយរួមគ្នា ត្រូវចេះស្រឡាញ់គ្នា ស្រឡាញ់បរិស្ថាន មានអនាម័យល្អ ទើបជិវិតរស់នៅមានសុខភាពល្អទាំងអស់គ្នា។
លោក បានបន្តថា ៖ ការរួមគ្នាសម្អាតនេះ គឺធ្វើឲ្យស្អាតមានសោភ័ណភាពល្អ បរិស្ថានល្អ ប្រកបដោយអនាម័យ ដើម្បីទទួលបានបរិស្ថានស្អាត និងមានភ្ញៀវចម្រុះជាតិសាសន៍ ដែលបានអញ្ជើញមកទស្សនាកម្សាន្តនៅតំបន់រដ្ឋបាលសាលាខេត្ត កន្លែងផ្សេងៗ ទូទាំងខេត្តត្បូងឃ្មុំ និងតាមបណ្តាលខេត្តផ្សេងៗទៀតផង។
លោក វ៉ឹង មុនី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ អ្នកលក់ដូរតាមដងផ្លូវទន្លេសប្បនិម្មិត ត្រូវរៀបចំសំរាមដាក់ក្នុងស្បោងប្លាសស្ទីក ហើយយកទៅដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ កុំចោលពាសវាលពាសកាល ដែលជាហេតុធ្វើឲ្យបរិស្ថានយើងមិនល្អ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាការពារបរិស្ថានក្នុងខេត្តយើង អោយបានស្អាតទាំងអស់គ្នា។
សូមបញ្ជាក់ថា ការចុះសម្អាតបរិស្ថាននេះ លោក វ៉ឹង មុនី បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ បាននាំគ្នាដើរប្រមូលចាប់ពីសម្រាមក្នុងបរិវេណសួនបឹងតាវ៉ាន់ (ទន្លេសប្បនិម្មិតខេត្តត្បូងឃ្មុំ) ឆ្ពោះទៅតាមដងផ្លូវនានា នៃតំបន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំផងដែរ ៕