Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរខេត្ដត្បូងឃ្មុំ ស្នើឱ្យមានការរៀបចំ ប្រព័ន្ធលូឡើងវិញ នៅទីប្រជុំជន ក្រុងសួង

  • បោះពុម្ព

ត្បូងឃ្មុំ៖ ក្រោយពីមាន ការរិះគន់ និងលើកឡើង ពីកង្វល់ របស់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ដែលរកស៊ីលក់ដូរ នៅក្នុងផ្សារសួង និងរស់នៅក្នុង ទីប្រជុំជន មួយនេះ ស្ដីអំពីបញ្ហាបរិស្ថាន ពាក់ព័ន្ធបញ្ហាសំរាម និងប្រព័ន្ធលូ ដែលមានការរាំងស្ទះ ធ្វើឱ្យទឹកជន់លិច ជះក្លិនស្អុយនោះ អភិបាលរង ខេត្ដត្បូងឃ្មុំ ឯកឧត្ដម ហាក់ សុខមករា កាលពីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ បានដឹកនាំ ក្រុមការងារ មកពីមន្ទីរសាធារណការខេត្ដ អភិបាលក្រុងសួង អាជ្ញាធរសង្កាត់ និងអ្នកម៉ៅការផ្សារ ចុះទៅពិនិត្យផ្ទាល់ នៅទីនោះ ដើម្បីរកវិធីដោះស្រាយ បំបាត់កង្វល់របស់ ប្រជាពលរដ្ឋ និងក្រុមអាជីវករ ។

ឯកឧត្ដម ហាក់ សុខមករា បានឱ្យដឹងថា នៅតំបន់ទីប្រជុំជនក្រុងសួង និងនៅផ្សារសួងនេះ កំពុងជួបបញ្ហាប្រព័ន្ធ ពីព្រោះពេល មានភ្លៀងធ្លាក់ម្ដងៗ ធ្វើឱ្យទឹកហូរលិច នៅក្នុងផ្សារ ព្រមទាំងផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះ ដោយឡែកសំរាមវិញ ត្រូវបានចោល មិនទាន់មានសណ្ដាប់ធ្នាប់ ធ្វើឱ្យជះក្លិនស្អុយ ប៉ះពាល់ដល់ ការរស់នៅ និងរកស៊ីប្រចាំថ្ងៃ របស់បងប្អូន ។

ឯកឧត្ដម លោកបន្ដថា ក្រោយពីមានការរិះគន់ យ៉ាងដូច្នេះ អភិបាលខេត្ដត្បូងឃ្មុំ  ឯកឧត្ដម ប្រាជ្ញ ចន្ទ បានចាត់ចែង ឱ្យលោកដឹកនាំ ក្រុមការងារ ចុះទៅពិនិត្យផ្ទាល់ និងដោះស្រាយ បញ្ហាកង្វល់មួយនេះ ។ ក្រោយពីការពិនិត្យ មើលឃើញបញ្ហា ជាក់ស្ដែងនៅ ទីប្រជុំជន ក្រុងសួងរួចមក ឯកឧត្ដម ហាក់ សុខមករា បានប្រាប់ទៅអាជ្ញាធរមូលដ្ឋាន មានក្រុង និងសង្កាត់ ព្រមទាំង អ្នកម៉ៅការផ្សារ ត្រូវ ស្ដារ និងរៀបចំ ប្រព័ន្ធលូឡើងវិញ ចៀសវាង ពេលភ្លៀងធ្លាក់ម្ដងៗ នៅក្នុងរដូវវស្សានោះ ធ្វើឱ្យមានទឹកជន់លិច ។

ដោយឡែកបញ្ហាសំរាម  ឯកឧត្ដម  បានណែនាំឱ្យមានការ ដឹកជញ្ជូនចេញ បានឆាប់រហ័ស និងត្រូវទុកដាក់មានរបៀប រៀបរយ ក៏ដូចជា ការពន្យល់ និងធ្វើការណែនាំ ដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋ អំពីការទុកដាក់សំរាម នៅក្នុងថង់ចង ឱ្យបានត្រឹមត្រូវ ។ អភិបាលរងខេត្ដរូបនេះ បានជំរុញឱ្យ ក្រុមការងារថ្នាក់មូលដ្ឋាន ត្រូវបន្ដតាមដាន និងយកចិត្ដទុកដាក់ លើបញ្ហាទាំងនេះ ឱ្យបាន ទៀងទាត់ដោះស្រាយ ជូនប្រជាពលរដ្ឋ ចៀសវាងមាន ការរិះគន់និងស្ដី បន្ទោសផ្សេងៗ៕