Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តត្បូងឃ្មុំ លើកទឹកចិត្តដល់ប្រជាពលរដ្ឋចាប់អារម្មលើការងារចិញ្ចឹមសត្វ ត្រី និងដាំដុះដំណាំផ្សេងៗដើម្បីជួយដោះស្រាយជីវភាព

  • បោះពុម្ព

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តត្បូងឃ្មុំ លើកទឹកចិត្តដល់ប្រជាពលរដ្ឋចាប់អារម្មលើការងារចិញ្ចឹមសត្វ ត្រី និងដាំដុះដំណាំផ្សេងៗដើម្បីជួយដោះស្រាយជីវភាព នៅក្នុងកម្មវិធីចែកសម្ភារៈ តង់

ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី សម្រាប់អនុវត្តសកម្មភាពវារីវ្បកម្មក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីត១៩ ដល់ប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានជម្រុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋបន្ថែមទៀតក្នុងការងារដាំដុះ និងចិញ្ចឹមសត្វ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ ក្នុងនោះមន្រ្តីជំនាញត្រូវចុះពិនិត្យ និងផ្តល់អនុសាសន៍ ឬបច្ចេកទេសដល់ប្រជាពលរដ្ឋជាប្រចាំដើម្បីឲ្យទទួលបានជោគជ័យ។

ថ្លែងនាឱកាសនោះឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ សូមបន្តការគាំទ្រតាមដានសកម្មភាពនេះ ឱ្យបានខ្ជាប់ខ្ជួន និងជួយផ្សារភ្ជាប់រវាងបណ្តុំកសិករចិញ្ចឹមទៅទីផ្សារ ដើម្បីកាត់បន្ថយហានិភ័យអស្ថេរភាពតម្លៃ ព្រមទាំងផ្តាំផ្ញើដល់ប្រជាកសិករដែលមានសមត្ថភាពចិញ្ចឹម គ្រប់គ្រាន់សូមបន្តចែករំលែកចំណេះដឹងការចិញ្ចឹមនេះដល់ អ្នកជិតខាងដែលមានការចាប់អារម្មណ៍ផង។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានចាប់យកវិស័យកសិកម្ម ជាវិស័យអថិភាពមួយក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ជាតិ និងសង្គមគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីត១៩ ដូច្នេះសូមអជ្ញាធរពាក់ព័ន្ធពិសេសមន្រ្តីនៃមន្ទីកសិកម្ម ត្រូវបន្តបំផុស និងលើកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋឲ្យងាក់មក ចាប់យករបរដាំដុះដំណាំផ្សេងៗ ពិសេសការចិញ្ចឹមសត្វ និងត្រី ដើម្បីរកចំណូលបន្ថែមសម្រាប់ជួយទ្រទ្រង់ជីវភាពគ្រួសារ ។

ឯកឧត្តម ហាស់ សារ៉េត បន្តថា ថ្ងៃនេះក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួង បានសហការជាមួយបន្ទីកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្ត នាំយកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី សម្រាប់អនុវត្តសកម្មភាពវារីវ្បកម្មក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីត១៩ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣២ គ្រួសារ។

ចំនួននេះគឺតិចតួចនៅឡើយ តែយ៉ាងណាសង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូលនឹង ចាប់អារម្មណ៍ ហើយងាកមកចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំដុះដំណាំកសិកម្មផ្សេងៗ ជំនួសឲ្យការធ្វើចំណាក់ស្រុក ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីត១៩ ដែលកំពុងធ្វើឲ្យពាល់ជីវភាពប្រជាលរដ្ឋទូទាំងប្រទេស ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ផ្នែកវារីវប្បកម្ម ក្នុងខេត្តត្បូងឃ្មុំ មានកសិករ ១ ៣០០គ្រួសារ បានចូលរួមចិញ្ចឹមវារីសត្វក្នុងបែរ ស្រះ និងអាងតង់ប្លាស្ទិក តែទំហំនៃការចិញ្ចឹមទាំងអស់ មានទ្រង់ទ្រាយតូចៗនៅឡើយ។

បច្ចុប្បន្នក្នុងខេត្ត មានការចិញ្ចឹមក្នុងបែរ ៨៣០បែរ ក្នុងស្រះ ៤០២ស្រះ និងតាមអាងតង់ប្លាស្ទិក ១៩០អាង ដែលបានចិញ្ចឹមត្រីប្រា អណ្តែង ឆ្ពិន ក្រាញ់ ទីឡាព្យា កង្កែប ។

ក្នុងនេះដែរ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមចំណែកគាំទ្រជាពូជនិងចំណីដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី កង្កែប ក្នុងស្រះ បែរ និងអាងតង់ប្លាស្ទិក ចំនួន ១៤ បណ្តុំ ស្មើនឹង ៤៤៣គ្រួសារ។