Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនដល់មន្ត្រីល.ខ.ប តំណាងអាជ្ញាធរ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ

  • បោះពុម្ព

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ (គ.ជ.ប) បានប្រារព្ធពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនដល់មន្ត្រីល.ខ.ប តំណាងអាជ្ញាធរ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពបន្ថែមធ្វើយ៉ាងណាធានា ឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះដែរ ប្រព្រឹត្តទៅនៅសាលាប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ដោយរៀបចំឡើងរយៈពេល២ថ្ងៃ ក្រោមអធិបតីភាពលោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ និង លោក ទូច សុជារ៉ា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត ក្នុងនោះក៏មានសិក្ខាកាមជាគ្រូបង្ហាត់ តំណាងអាជ្ញាធរ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ លោក ទូច សុជារ៉ា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត បានលើកឡើងថា ៖ ការចុះឈ្មោះបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត, ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០០៦) និងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់ប្ដូរលំនៅឋានឬទីសំណាក់ ចូលថ្មីក្នុងឃុំ សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោះ ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត ឬកែតម្រូវឈ្មោះ និងទិន្នន័យក្នុងឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែងផងដែរ។

ជាមួយគ្នានោះ លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានថ្លែងថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ព្រោះបញ្ជីបោះឆ្នោតជាតម្រូវការចាំបាច់ មិនអាចខ្វះបាន ហេតុនេះហើយទើបគ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោត ជាធរមានសំដៅរៀបចំការបោះឆ្នោត នាពេលខាងមុខ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

លោក បានឲ្យដឹងថា ៖ អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ខាងមុខនេះ។

ដោយឡែកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៩ ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣។

លោក បន្តថា ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣នេះ គ.ជ.ប មានបំណងធ្វើយ៉ាងណាធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ លោក បានស្នើសុំភាគីពាក់ព័ន្ធមេត្តាជួយផ្សព្វផ្សាយបន្ត ដើម្បីអប់រំដល់សាធារណជនអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន តាមគោលការណ៍ណែនាំរបស់ គ.ជ.ប សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ សម្រេចបានជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕