Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មវិធីជាតិសុខភាពភ្នែក សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បើកយុទ្ធនាការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ

  • បោះពុម្ព

កម្មវិធីជាតិសុខភាពភ្នែក សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភដោយមូលនិធិហ្វ្រេដហូឡូ ( Fred Hollows Foundation) ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត និងឯកឧត្តមវេជ្ជបណ្ឌិត អេកឃាង ប្រធានមន្ទីរពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យជំនាញភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែក បានធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពី ថ្ងៃទី០៤ ដល់០៨ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ។

ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងឱ្យដឹងថា ៖ ការផ្ដល់សេវាពិនិត្យ ព្យាបាល វះកាត់ភ្នែក វាស់ភ្នែក និងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ នាឱកាសនេះ គឺជាសកម្មភាពមនុស្សធម៌ ដើម្បីផ្តល់ការយកចិត្តទុកដាក់ ចំពោះសុខភាពភ្នែក ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ។

ឯកឧត្តមវេជ្ជបណ្ឌិត បន្តថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ សហការជាមួយក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងអង្គការដៃគូអភិវឌ្ឍន៍នានា បានរៀបចំកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកន្លងមក មានប្រជាជនជាច្រើន បានមកទទួលសេវាពិនិត្យ និងវះកាត់ជំងឺភ្នែកឥតគិតថ្លៃនេះ។

ឯកឧត្តមវេជ្ជបណ្ឌិត បន្តថា ក្នុងឆ្នាំ២០២៣នេះ ការរៀបចំលើកនេះ វាជាលើកទី២ហើយ ដែលមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យជាតិ បានប្រកាសផ្ដល់ការវះកាត់ភ្នែកឥតគិតថ្លៃ ទៅដល់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកដុះកន្ទុយថ្លែន និងភ្នែកឡើងបាយ ។

ជាមួយគ្នានោះ ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកនេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ និងជាពិសេសប្រជាពលរដ្ឋដែលមានវ័យចំណាស់ ដែលភាគច្រើនពួកគាត់មានបញ្ហាភ្នែកឡើងបាយ ហើយប្រសិនជាពួកគាត់មិនបានធ្វើការវះកាត់ ឬដាក់លេនស៍ទេ ពួកគាត់នឹងមានបញ្ហាងងឹត ឬអាចមើលមិនឃើញ។

ដូច្នេះនៅពេលមានការរៀបចំពិនិត្យ និងវះកាត់ភ្នែកដាក់លេនស៍ឱ្យពួកគាត់ នោះពួកគាត់ប្រាកដជាបានមើលឃើញនូវអ្វីដែលជាទិដ្ឋភាពខាងក្រៅពិតប្រាកដ ហើយពួកគាត់នឹងមានការសប្បាយចិត្ត។

ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ បានឱ្យដឹងថា៖ «ហេតុនេះការពិនិត្យ ព្យាបាល និងវះកាត់នេះ គឺមិនមានលក្ខខណ្ឌតម្រូវអ្វីទាំងអស់ ឱ្យតែគាត់មានបញ្ហាភ្នែក គឺគាត់អាចទទួលបានសេវាព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃបានហើយ ហើយកន្លងមកមានប្រជាពលរដ្ឋវះកាត់បញ្ហាជំងឺភ្នែកម្ដងៗរាប់រយអ្នកផងដែរ »។

ក្នុងនោះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ក៏សូមជម្រាបជូនដំណឹងជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាភ្នែក សូមអញ្ជើញមកពិនិត្យ ព្យាបាល ឱ្យបានរួសរាន់នៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ ដែលទីតាំងស្ថិតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕