ឈប់ម៉ូតូបត់ជើងម៉ាភ្លែត…ចោរភ្ជង់ប្លន់យកភ្លាម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
ខេត្តបាត់ដំបង ៖ បុុរសម្នាក់អះអាងថា ខ្លួនត្រូវក្រុមជនមិនស្គាល់មុខ ដកកូនកាំបិតភ្ជង់ប្លន់យកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព នៅវេលាម៉ោង៤និង៣នាទីរសៀលថ្ងៃទី០៣ កញ្ញា នៅពេលដែលខ្លួនកំពុងឈប់ម៉ូតូនោមនៅក្បែរផ្លូវស្ងាត់មួយកន្លែងត្រង់ចំណុច «ច្រាប» ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់។បុរសដែលអះអាងថា ត្រូវក្រុមចោរប្លន់យកម៉ូតូនោះ ឈ្មោះសុខ យិន អាយុ៣៦ឆ្នាំ រស់នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទំនងមានបក្សពួក២នាក់ ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ តែជនរងគ្រោះមិនចាំស្លាកលេខទេ ។ បានប្រើប្រាស់កូនកាំបិតភ្ជង់ជនរងគ្រោះប្លន់យកម៉ូតូ ខណ:ដែលជនរងគ្រោះកំពុងឈប់នោមតាមផ្លូវ ។
ម៉ូតូនោះម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1-AA 5561។នៅក្នុងរបាយការណ៍ ជនរងគ្រោះឈ្មោះសុខ យិន បាននិយាយថា ខ្លួនបានឈប់ម៉ូតូនៅក្បែរថ្នល់រួចចុះទៅនោមក្បែរនោះដែរ ។ គាត់និយាយទៀតថា ពេលគាត់កំពុងឈប់នោម ខណ:មេឃកំពុងមានភ្លៀងធ្លាក់ខ្លាំងផង ស្រាប់តែមានមនុស្សប្រុស២នាក់ដែលខ្លួនមិនស្គាល់មុខ បានជិះម៉ូតូមកឈប់ក្បែរ រួចមានម្នាក់ចុះមក ដកកូនកាំបិតភ្ជង់គំរាមសម្លាប់គាត់ ហើយប្លន់យកម៉ូតូគាត់ជិះត្រឡប់ទៅក្រោយវិញបាត់ស្រម៉ោលភ្លាមៗតែម្ដង ។
លោកជេត វណ្ណនី ស្នងការរងខេត្តបានថ្លែងថា លោកបានទទូលព័ត៌មាននេះភ្លាមៗដែរ ក្រោយកើតហេតុបន្តិច តែយើងមិនទាន់ប្រាកដអំពីរឿងនេះទេ ព្រោះពេលនោះហាក់ល្ងាចពេកទៅហើយ។ ប៉ុន្តែលោកស្នង ការរងបានបញ្ជាក់ថា លោកស្នងការខេត្តបានបញ្ជាឲ្យមន្ត្រីជំនាញ ចុះទៅពិនិត្យកន្លែងកើតហេតុ នៅព្រឹកថ្ងៃទី០៤ កញ្ញា ដើម្បីស្រាវជ្រាវបន្ត។
លោកស្នងការរងបានបញ្ជាក់ដែរថា ពេលនេះ មន្ត្រីការិយាល័យជំនាញកំពុងពិនិត្យទីតាំងកើតហេតុ និងកំពុងស្វែងរកជនរងគ្រោះ ដើម្បីបំភ្លឺជាថ្មីជុំវិញករណីប្លន់ម៉ូតូនេះ ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ ។
សូមបញ្ជាក់ថា ផ្លូវក្រួសក្រហមមួយខ្សែដែលតភ្ជាប់ពីឃុំភ្នំសំពៅ ទៅកាន់ស្រុកបាណន់ ហាក់កំពុងបង្កក្ដីបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខ និងសុវត្ថិភាព ក្នុងការធ្វើដំណើតាមដងផ្លូវដ៏ស្ងាត់មួយនេះ។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលធ្លាប់ជួបប្រទះនូវសកម្មភាពដូចខាងលើនាពេលកន្លងមក ។
អ្នកភូមិនិយាយថា «ផ្លូវនេះ មិនសូវមានសុវត្ថិភាពទេ ក្នុងការធ្វើដំណើរ។ អ្នកដំណើតែងជួបប្រទះមនុស្សមិនស្គាល់មុខ ជិះម៉ូតូតាមពីក្រោយមិនថា ពេលយប់ឬពេលថ្ងៃនោះទេ។ ហើយពេលខ្លះអ្នកដំណើរត្រូវបង្ខំចិត្តជិះម៉ូតូចូលផ្ទះអ្នកភូមិនៅក្បែរៗផ្លូវនោះ ដើម្បីសុវត្ថិភាព ដោយសារតែមិនទុកចិត្តមនុស្សមិនស្គាល់មុខជិះម៉ូតូតាម» ។
ប្រភពនានាក៏បាននិយាយដែរថា ពេលខ្លះអ្នកដំណើរត្រូវចោរ ឆក់ យកទ្រព្យសម្បត្តិទាំងថ្ងៃៗ ដោយ សារកំណាត់ផ្លូវមួយខ្សែនេះមានសភាពស្ងាត់ ទើបងាយស្រូលដល់ពួកចោរធ្វើសកម្មភាព ហើយពេលកើតហេតុក៏គេពិបាកនឹងទំនាក់ទំនងប្ដឹងសមត្ថកិច្ចដែរ។ ដូច្នេះមានតែការប្រុងប្រយ័ត្នដោយខ្លួនឯងទេ ទើបប្រសើរ៕
ដកស្រង់ពី៖កោះសន្តិភាព