ទាំងស្រី ទាំងប្រុសចេះនាំគ្នាធ្វើរឿងបែបហ្នឹងនៅក្នុងផ្ទះសំណាក់ទៅកើត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៨នាក់ជាមុខសញ្ញាឆក់ប្លន់យ៉ាងសកម្មកំពុងលាក់ខ្លួនជួញដួរ និងប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ច
ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបបានកាលវេលាម៉ោង០៤និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ«ឡេសុីហ្វីស» ផ្ទះលេខ២៥ តាមបណ្តោយផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
ជាក់ស្តែងក្រោយពីកំណត់បានមុខសញ្ញា និងទីតាំងប្រព្រឹត្តសកម្មភាពបទល្មើសដែលកើតមានក្នុងមូលដ្ឋានរហូតឈានដល់បើកកិច្ចប្រតិបត្តិការឆ្មក់ចុះបង្ក្រាបមុខសញ្ញាឆក់ប្លន់ និងជួញដូររួមទាំងប្រើប្រាស់គ្រឿងញៀនដែលកំពុងពួនសម្ងំលាក់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់ធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀនស្ថិតនៅចំណុចទីតាំងផ្ទះសំណាក់ហោ «ឡេសុីហ្វីស» ខាងលើមានចំនួន១៨បន្ទប់ ក្នុងនោះសមត្ថកិច្ចបានត្រួតពិនិត្យឃើញមានចំនួន១៣បន្ទប់ដែលបានសំរួលទីតាំងអោយប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។
សមត្ថកិច្ចបានបើករង្វង់កិច្ចប្រតិបត្តិការចុះបង្ក្រាបឡោមពទ្ធ័ក្រសោបបានបក្សពួក និងឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ក្នុងនោះស្រី០៣នាក់រួមមាន ទី១-ឈ្មោះ ផៃ គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់, ទី២-ឈ្មោះ ឈួន ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់បន្ទប់លេខ០០៣ មុខរបរមិនពិតប្រាដ (ជួញដូរ), ទី៣-ឈ្មោះ ម៉ាក់ សូវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើមុខរបរអ្នកមើលការខុសត្រូវ, ទី៤-ឈ្នោះ រ៉ា ស៊ុមឆាយឆាញស៊ុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់ទីតាំងខាងលើ មុខរបរសន្តិសុខ, ទី៥-ឈ្មោះ ឡេន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការនៅផ្ទះសំណាក់ គីមសួរ (ប្រើប្រាស់), ទី៦-ឈ្មោះ ទុំ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់), ទី៧-ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុចរបរបគ្មាន (ប្រើប្រាស់) និងទី៨-ឈ្មោះ ទុន ចរិយា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (ប្រើប្រាស់) ។
វត្ថុតាងដកហូតរួមមាន កាំភ្លើងខ្លី០១ដើមមិនស្គាល់ម៉ាក គ្រឿងញៀនចំនួន១៤កញ្ចប់តូច ដបទឹកសុទ្ធជាឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួនដាវកែច្នៃចំនួន១ដើម កាំបិតចំនួន០២ដើម ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ រួមទាំសម្ភារផ្សេងៗមួយចំនួនទៀត ។
ដោយឡែកទីតាំងផ្ទះសំណាក់ខាងលើក្រោយពីសមត្ថកិច្ចធ្វើការបង្ក្រាបឆែកឆេររួចឃើញថាជាទីតាំងសម្រួលឲ្យជនសង្ស័យលាក់ខ្លួនប្រព្រឹត្តបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចធ្វើការបិទទាំងស្រុងតែម្ដង ៕