Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុក្ខ​កម្មករ​ធ្វើ​ផ្លូវ​៖ បារម្ភ​​​ចោរ​លួច​​កើត​​រាល់ថ្ងៃ ពិសេស​ក្នុង​​ក្រុង​បាត់​ដំបង

  • បោះពុម្ព

ខេត្តបាត់ដំបង៖ អំពើចោរកម្មដែលសមត្ថកិច្ចមិនអាចទប់ស្កាត់ ឬ ឲគ្រប់គ្រងមុខសញ្ញាបាន ឬបង្ក្រាបមិនបានជនដៃដល់ ជាហេតុធ្វើឲ្យបទល្មើសនេះមានសន្ទុះកាន់តែខ្លាំងឡើងៗ បង្កអសន្តិសុខដល់ពលរដ្ឋស្ទើរគ្រប់ទីកន្លែង។

ជាពិសេស នៅក្នុងក្រុងបាត់ដំបងតែម្ដងដែលគេមើលឃើញថា ក្រុមចោរបានធ្វើសកម្មភាព«លួច»ស្ទើរគ្រប់រូបភាព និងមិនរើសមុខឡើយ ។ជាក់ស្ដែង ក្រុមកម្មករជួសជុលផ្លូវជាតិលេខ៥៧ ត្រូវជនមិនស្គាល់មុខចូលលួចទ្រព្យសម្បត្តិម្ដងហើយម្ដងទៀត តែចាប់ជនសង្ស័យមិនទាន់បាន ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅយប់ថ្ងៃទី០១ ធ្នូ ចោរបានលួចយកទូរស័ព្ទស៊េរីទំនើប០១គ្រឿង ខណៈក្រុមកម្មករកំពុងដេកលក់នៅក្នុងរោងក្បែរការដ្ឋានជួសជុលផ្លូវជាតិលេខ៥៧ ត្រង់នៅចំណុចភូមិគោកបន្លៃ សង្កាត់អូរមាល់ ក្រុងបាត់ដំបង ។

ជនសង្ស័យនោះ ត្រូវបានគេស្គាល់ភិនភាគយ៉ាងច្បាស់ គឺជាមនុស្សភេទទី៣ ដែលគេសង្ស័យមិននៅឆ្ងាយពីមូលដ្ឋាននោះទេ។ ព្រោះគេតែងប្រទះឃើញជននោះ ដើរទៅកន្លែងការដ្ឋាននោះជាញឹកញ៉ាប់។ ប៉ុន្តែយ៉ាងណា ជនរងគ្រោះបានទៅប្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលហើយ។

កាលពីជាងកន្លះខែមុន ក្រុមកម្មករធ្វើផ្លូវដដែលនេះ ក៏ត្រូវចោរលួចដោះយកអាគុយរថយន្តអស់ចំនួន០២គ្រាប់ម្ដងហើយដែរ ដែលកើតឡើងនៅពេលយប់ ត្រង់ចំណុចផ្លូវចូលបន្ទាយយោធាភ្នំតូច ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។

ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចស្រុកនេះ ហាក់គ្មានតម្រុយពីមុខសញ្ញាជនដៃដល់ឡើយ ហើយពេលនេះក្រុមកម្មករដដែល ត្រូវចោរលួចយកទូរស័ព្ទជាថ្មីទៀត តែលើកនេះជនសង្ស័យហាក់កំពុងត្រូវបានគេស្គាល់មុខព្រាលៗ តែមិនដឹងសមត្ថកិច្ចរកឃើញដែរឬអត់ ?ដោយឡែក កាលពីម៉ោងជាង៣រសៀលថ្ងៃទី៣០ វិច្ឆិកា កន្លងទៅថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានសេចក្ដីរាយការណ៏ថា យុវជនម្នាក់ត្រូវចោរឆ្កឹះទ្វារថយន្តលួចយកកាបូបមួយ ដែលមានប្រាក់ចំនួន៥៥លានរៀល ខណៈជនរងគ្រោះ បានចតរថយន្តនៅក្បែរចិញ្ចើមថ្នល់ជាតិលេខ៥៧ ខាងលិចស្ដុបបាណន់ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង រួចចុះទៅហូបអាហារនៅក្បែរនោះ។

ប្រភពបានឲ្យដឹងទៀតថា ម្ចាស់រថយន្តនោះឈ្មោះ ឃីម វិឆៃ ប្រុសអាយុ២២ឆ្នាំ រស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឬស្សី។ ជនរងគ្រោះបានបើករថយន្តទៅចតនៅចំណុចខាងលើ ហើយបានចុះដើរទៅហូបអាហារនៅក្បែរនោះ តែមិនបានដឹងថា មានចោរទៅឆ្កឹះទ្វាររថយន្តលួចយកកាបូបលុយទេ។ លុះពេលដើរទៅបើកទ្វាររថយន្តបម្រុងបន្តដំណើរ ក៏មានការភ្ញាក់ផ្អើលតែម្ដង ដោយសារបាត់ការបូបលុយ និង មើលឃើញមានស្នាមឆ្កឹះទ្វាររថយន្ត។

បើតាមសមត្ថកិច្ចដែលបានចុះទៅសួរនាំនៅកន្លែងកើតហេតុ បាននិយាយថា រាល់សកម្មភាពជនដៃដល់ បានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលគេបំពាក់នៅក្បែរនោះ។នៅក្នុងកាមេរ៉ាសុវត្ថិភាព ជននោះបានជិះម៉ូតូទៅឈប់ក្បែរចំហៀងរថយន្ត ហើយធ្វើសកម្មភាពឆ្កឹះទ្វាររថយន្តលូកយកកាបូបលុយ រួចជិះគេចខ្លួនភ្លាមៗដោយសុវត្ថិភាពតែម្ដង។ សមត្ថកិច្ចបានស្រង់សំដីជនរងគ្រោះថា លុយដែលត្រូវចោរលួចនោះមានចំនួន៥៥លានរៀល ជាលុយដែលទើបលក់ស្រូវចំនួន២រថយន្តធំៗ។

គេសង្ស័យថា ជនដៃដល់អាចជាមនុស្សដែលដឹងរឿងលុយលក់ស្រូវនោះច្បាស់ទើបលួចមិនច្រឡំបែបនេះ។ នៅថ្ងៃដដែលនេះ ក៏មានករណីគាស់ផ្ទះមួយកន្លែង និង កាច់សោរលួចម៉ូតូចំនួន០២លើកផងដែរ។

នេះបើតាមព័ត៏មានបឋមពីសមត្ថកិច្ច ដែលបានទម្លាយ។ នេះជាអំពើរចោរកម្មដ៏កក្រើកក្រុងបាត់ដំបង ដែលកើតឡើងទាំងយប់ទាំងថ្ងៃ គ្រប់ទីកន្លែង និង មានគ្រប់រូបភាព។

អំពើរចោរកម្មដែលកំពុងបង្កអសន្តិសុខបំផុតក្នុងពេលនេះ ត្រូវគេមើលឃើញថា មានដូចជា «ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ និង ចោរកាច់សោរ.កលួចម៉ូតូ»។ សមត្ថកិច្ចក៏ធ្លាប់បង្ក្រាបបានជនដៃដល់ជាបន្តបន្ទាប់ផងដែរ តែមិនតុល្យភាពនឹងចំនួនបទល្មើសដែលបានកើតឡើងស្ទើររាល់ថ្ងៃនេះទេ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់កន្លងមក ភាគច្រើនសុទ្ធតែជាមុខសញ្ញាប្រើប្រាសថ្នាំញៀន ប្រព្រឹត្តល្បែងស៊ីសង។ ជាពិសេសក្រុមអ្នកលេងល្បែង «អនឡាញ» ដែលកំពុងរីកដូចផ្សិតនៅក្នុងក្រុងបាត់ដំបងតែម្ដង។ល្បែង«អ៊ីនធើរណេត ឬ អនឡាញ» គ្មានច្បាប់យ៉ាងតិចជាង២០កន្លែង ដែលកំពុងបើកទ្វារចំហរពាសពេញក្រុងបាត់ដំបង នាសព្វថ្ងៃនេះ។ ហើយល្បែងនេះ ត្រូវបានមហាជនទូទៅ រាប់ទាំងសមត្ថកិច្ចគ្រប់ស្ថាប័នផង ដឹងយ៉ាងច្បាស់ថា ជាទីតាំងល្បែងដែលគ្មានច្បាប់។

ហើយកាន់តែដឹងច្បាស់ជាងនេះទៀតថា បនល្បែង«អនឡាញ»ទាំងនេះ មួយចំនួនជាជម្រកជ្រកកោន នៃជនទុច្ចរិត (ចោរ) ហើយក៏ជាទីតាំងជូញដូរគ្រឿងញៀនឬប្រើប្រាសគ្រឿងញៀនយ៉ាងចំហរផងដែរ។ ប៉ុន្តែស្ទើរគ្រប់ទីតាំងល្បែងនេះ សុទ្ធតែមានពាក់ព័ន្ធនឹងមន្ត្រីខិចខូចមួយចំនួន។ មន្ត្រីខ្លះមានភាគហ៊ុនជាមួយបទល្មើសនេះ និង ខ្លះទៀតទទូលបានប្រាក់សំណូកប្រចាំខែ ជាពិសេសលោកធំៗមួយចំនួន។

ដូច្នេះហើយទើបពិបាកបង្ក្រាប។ ក្រោយពីទើបប្រកាសចូលកាន់តំណែងស្នងការខេត្តក្ដៅៗ លោក សាត គឹមសាន បានដាក់ចេញនូវផែនការបើកចំហរជើងមេឃ ប្រកាសលេខទូរស័ព្ទ រាប់ចាប់តាំងពីមេប៉ុស្ដិ៍ អធិការស្រុក ក្រុង រួមទាំងលេខទូរស័ព្ទលោកស្នងការរងទទូលផែន និង លេខទូរស័ព្ទរបស់លោកស្នងការខ្លួនឯងផ្ទាល់ដល់ទៅ០២ខ្សែ បង្ហោះពេញមេឃតាមរយៈផេកស្នងការខេត្តបាត់ដំបង ដើម្បីជាការងាយស្រូលដល់ពលរដ្ឋទំនាក់ទំនងផ្ដល់ព័ត៏មាននានា ដែលបានកើតឡើងនៅក្នុងខេត្ត ដែលសមត្ថកិច្ចមិនបានដឹង។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី១៣ តុលា លោក សាត គឹមសាន ស្នងការខេត្តថ្មីរូបនេះ បានបញ្ជាឲ្យក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការខេត្ត ផ្សព្វផ្សាយជាសាធារណៈ នូវផែនការបង្ក្រាបល្បែង«អនឡាញ»គ្មានច្បាប់នេះ ជួនដល់អ្នកសារព័ត៏មាននិងប្រជាពលរដ្ឋបានជ្រាបទៀតផង។

ផែនការនេះ លោកស្នងការខេត្ត បានបញ្ជាឲ្យលោក លឹម ពុទ្ធីឡា ស្នងការរងផែនព្រហ្មទណ្ឌ និង លោក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង ជាអ្នកចុះអនុវត្តផ្ទាល់។ ប៉ុន្តែបើគិតត្រិមថ្ងៃទី០២ ធ្នូ នេះ ផែនការបង្ក្រាបល្បែង«អនឡាញ»នេះមានអាយុកាលជិត២ខែកន្លងទៅហើយ តែអត់បានការអ្វីទេ។

ផែនការនេះនៅតែជាប់គាំងស្ងេញដដែល ខណៈគ្រប់ទីតាំងល្បែងនេះជាង២០កន្លែង នៅតែដំណើរយ៉ាងរលូន ក្រោមក្រសែភ្នែកលោកស្នងការខេត្ត។ រីឯប្រជាពលរដ្ឋកំពុងតែទល់ភ្នែករងចាំទស្សនាស្នារដៃបង្ក្រាបរបស់លោកស្នងការថ្មី តែទំនងគ្មានសង្ឃឹមទេមើលទៅ ? ដូច្នេះ មានតែពឹងលើទេវតាចុះពីលើមេឃទេ ទើបអាចជួយដោះស្រាយបញ្ហានេះបាន ។

ដកស្រង់ពី៖កោះសន្តិភាព