Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​កម្ពុជា និង​ម៉ា​ឡេ​ស៊ី រំដោះ​ក្មេង​ស្រី​ខ្មែរ​ម្នាក់ ត្រូវ​​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើយោងតាមហ្វេសប៊ុកស្ត្រីជនជាតិខ្មែរអ៊ីស្លាមម្នាក់ឈ្មោះ Zalina Li បានបង្ហោះរូបភាព និងវីដេអូ កាលពីថ្ងៃទី៧ ធ្នូនេះ ស្តីពីករណីហិង្សាលើក្មេងស្រីខ្មែរម្នាក់ បម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី(រយៈពេល៤ឆ្នាំ) ត្រូវស្ត្រីម្ចាស់ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ ។

ក្រោយពីមានការចែករំលែកជាបន្តបន្ទាប់យ៉ាងច្រើន នៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងករណីហិង្សាខាងលើនេះ មន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវតាមជំនាញ និងជួយអន្តរាគមន៍ជួយសង្គ្រោះដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃកម្ពុជា ក្រោមការសម្របសម្រួលពីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងសហការជាមួយសមត្ថកិច្ចម៉ាឡេស៊ីផងដែរ ទើបឈានដល់ការរំដោះនារីរងគ្រោះ និងបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ ។

នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ករណីនេះសមត្ថកិច្ចម៉ាឡេស៊ី កំពុងស៊ើបអង្កេត ដើម្បីមានចំណាត់ការបន្ត លើជនដៃដល់ ។

ចំណែកជនរងគ្រោះ បន្ទាប់ពីព្យាបាលជាសះស្បើយពីរបួស មន្ត្រីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី នឹងរៀបចំសម្របសម្រួលឲ្យវិលត្រឡប់មកកម្ពុជាវិញ ។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានសង្កត់ធ្ងន់ថា កម្លាំងជំនាញរបស់នាយកដ្ឋាន បាននិងកំពុងសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តធ្វើការស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់ ដែលនាំនារីរងគ្រោះខាងលើទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ឃាត់ខ្លួនមេខ្យល់នោះ យកមកផ្ដន្ទាទោសតាមច្បាប់ ៕

 

ដកស្រង់ពី៖កោះសន្តិភាព