ឃាត់ខ្លួនបានហើយ ក្មេងទំនើងដែលនាំគ្នា បង្ហោះម៉ូតូតាមផ្លូវជាតិលេខ១ នាំមកអប់រំ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
ខេត្តស្វាយរៀង ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានស្រាវជ្រាវរកឃើញ និងបង្ហាញមុខយុវជន បង្ហោះម៉ូតូតាមផ្លូវសាធារណៈ ក្នុងក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុង បានធ្វើការកំណត់មុខសញ្ញាក្មេងបង្ហោះម៉ូតូ ដែលបង្កការភ្ញាក់ផ្អើតាមដងផ្លូវជាតិលេខ១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ជាលទ្ធផលនៃការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនបានចំនួន០២នាក់បន្ថែម រួមមាន ៖ ទី១ ឈ្មោះ គង់ សិរីសុនីតិ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ ជាសិស្ស មានអាស័យដ្ឋាន នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងទី២ ឈ្មោះ មាស ចាន់សុផាវីន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ ជាសិស្ស មានអាស័យដ្ឋាននៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ដោយសារក្មេងទាំង២នាក់នេះស្ថិតក្នុងវ័យជាអនីតិជន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ អោយកែខ្លួនឡើងវិញ និងបញ្ឈប់ការបង្ហោះម៉ូតូទៀត និងសំណូមពរមាតាបិតា អាណាព្យាបាល ណែនាំកូនចៅអោយបានល្អ កុំបណ្តោយអោយបង្ហោះម៉ូតូ ព្រោះគ្រោះថ្នាក់ចរាចរណ៍ អាចកើតមានគ្រប់វិនាទី ។
ទោះជាយ៉ាងណា កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង នៅបន្តធ្វើការស្រាវជ្រាវ រកក្មេងទំនើងបង្ហោះម៉ូតូ មួយចំនួនទៀត យកមកធ្វើការអប់រំ ។ គួរជម្រាបដែរថា ហៅម្ចាស់ម៉ូតូធ្វើកិច្ចសន្យា ដែលឲ្យមិត្តភក្តិខ្ចី ជិះបង្ហោះតាមផ្លូវជាតិលេខ១
ដកស្រង់ពី៖កោះសន្តិភាព