Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋស្រុកអង្គរធំ ជាង ១០០នាក់ បិទផ្លូវ មិនឱ្យរថយន្ត​ធុនធំ ឆ្លងកាត់

  • បោះពុម្ព

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនៅស្រុកអង្គរធំ ជាង ១០០ នាក់ បាននាំគ្នាបិទផ្លូវ មិនឱ្យរថយន្តធុនធំ ធ្វើចរាចរណ៍។ មូលហេតុ ដោយសារពួកគាត់ទ្រាំនឹងទង្វើរបស់ក្រុមហ៊ុនដឹកជញ្ជូននោះ លែងបាន និងហុយខ្លាំងពេក។

រថយន្ត ដែលបើកឆ្លងកាត់ភូមិ រហូតដល់អ្នកស្រុក ផ្ទុះការតវ៉ានោះ មានចំនួន ៣ ស្រុក គឺស្រុកអង្គរធំ ស្រុកវ៉ារិន្ទ និងស្រុកអង្គរជុំ ខេត្តសៀមរាប។ ហេតុការណ៍ពលរដ្ឋបិទផ្លូវនោះ បានកើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវគ្រោះក្រហម ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកអង្គរធំ បានប្រាប់ថា ពលរដ្ឋនាំគ្នាបិទផ្លូវ មិនឱ្យឡានធំៗ បើកឆ្លងកាត់នេះ ដោយសារតែកន្លងមក មានដឹកដី ដឹកថ្ម បានឆ្លងកាត់ នៅលើដងផ្លូវមួយនេះ មិនព្រម ចាក់ទឹក បណ្តាលឲ្យដីហុយខ្លាំង បង្កឱ្យមានបញ្ហាដល់សុខភាពកូនចៅ និងការហូបចុក ហើយធ្វើឱ្យកូនៗរបស់ពួកគាត់ កើតជំងឺក្អកស្ងួត សឹងរាល់ថ្ងៃផងដែរ។

ប្រភពបានបញ្ជាក់ថា ក្នុងពេលការបិទផ្លូវនេះ ពលរដ្ឋបានទាមទារ សូមឱ្យក្រុមហ៊ុនឡានដឹកដី ស្រោចទឹកផ្លូវ ក្នុង ០១ថ្ងៃ ០៣ដង ដើម្បីកុំឱ្យហុយធូលីដីខ្លាំងពេក។ សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ ក៏បានបិទផ្លូវនេះម្តងហើយ ដោយសារទ្រាំនឹងការហុយខ្លាំងពេក មិនបាន។ បើទោះបីជាពលរដ្ឋ នាំគ្នាបិទផ្លូវយ៉ាងណាក៏ដោយ ក៏អាជ្ញាធរស្រុកអង្គរធំ ហាក់មិនមានចំណាត់ការ ដោះស្រាយជូនប្រជាពលរដ្ឋឡើយ ដោយទុកឱ្យក្រុមហ៊ុនដឹកដីទាំងនោះ ដឹកជញ្ជូនតាមតែអំពើចិត្ត។

យ៉ាងណាក៏ដោយ នៅលើកនេះ បន្ទាប់ពីមានពលរដ្ឋបិទផ្លូវ រួចមក លោក សំ សៅ អភិបាលរង ស្រុកអង្គរធំ និងលោកនាយករដ្ឋបាល ព្រមទាំងសហការី កងកម្លាំងសមត្ថកិច្ច មេឃុំពាក់ស្នែង បានទៅជួបប្រជាពលរដ្ឋ ក្នុងឃុំពាក់ស្នែង ដើម្បីសម្រុះសម្រួល។ ប្រជាពលរដ្ឋ បានលើកនូវសំណូមពរ ០៣ ចំណុចសំខាន់ៗ ដូចជា៖ ១.សូមឱ្យក្រុមហ៊ុន ស្រោចទឹក តាមបណ្តោយផ្លូវ។

២.សូមបើកបរបន្ថយល្បឿន។ ៣.សូមមានការជួសជុលផ្លូវឡើងវិញ ផងដែរ។ ក្នុងនោះដែរ លោក សួន សុភាព នាយកផ្នែកលក់ ដែលជាតំណាងឱ្យក្រុមហ៊ុន ជាន ចុង វ៉ាង ចៅ ដែលជាក្រុមហ៊ុនឯកជន ទើបមកបើកអាជីវកម្មដឹកថ្ម រយៈពេល ១២ថ្ងៃ គិតមកដល់ថ្ងៃទី២២ ខែធ្នូ បានសន្យានៅចំពោះមុខអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋថា ក្រុមហ៊ុន នឹងជួសជុលផ្លូវឡើងវិញ ព្រមទាំងស្រោចទឹកយ៉ាងតិច ៣ដង ក្នុង ១ថ្ងៃ ដោយនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។

តំណាងក្រុមហ៊ុន ក៏បានសន្យាថា នឹងដាក់ផ្លាកសញ្ញា និងឲ្យអ្នកបើកបរឡានដឹកដី ដឹកថ្មទាំងនោះ បន្ថយល្បឿន តាមសំណូមពររបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ក្រុមហ៊ុនកិនថ្ម និងដឹកថ្មទាំងអស់ ដែលឆ្លងកាត់ផ្លូវក្នុងស្រុកអង្គរធំ និងស្រុកវ៉ារិន្ទ មាន ៥ ក្រុមហ៊ុន គឺ៖ ទី១/លោក អ៊ុក ដាលី តំណាងឱ្យក្រុមហ៊ុន ស៊ុន សាន ( ធ្វើអាជីវកម្មជាង ១០ឆ្នាំ)។

ទី២/លោក ជា ចាន់ណា តំណាងឱ្យក្រុមហ៊ុន ហុងយ័ង បើកបានរយៈពេល ១០ឆ្នាំ។ ទី៣/លោក នួន នៅវីរៈវុធ តំណាងឱ្យក្រុមហ៊ុន អង្គរថ្ម ផ្លែន ជាង ១០ឆ្នាំ និងទី៤/លោក ប៉ោ គឹមលី តំណាងក្រុមហ៊ុនសំណាងថ្មី (ជាង១០ឆ្នាំ) ។

ទី៥/លោក សួន សុភាព (ម៉ីង) នាយកផ្នែកលក់ តំណាងឱ្យក្រុមហ៊ុន ជាន ចុង វ៉ាង ចៅ របស់ឯកជន ទើបបើកបានរយៈពេល ១២ថ្ងៃ។ ក្រោយពីការសម្របសម្រួល រវាងអាជ្ញាធរស្រុកឃុំ ជាមួយតំណាងក្រុមហ៊ុនរួចមក ប្រជាពលរដ្ឋក៏ព្រមបើកផ្លូវឱ្យរថយន្តដឹកដីដឹកថ្មទាំងនោះ បើកឆ្លងកាត់ផ្លូវក្នុងភូមិឡើងវិញ៕

ដកស្រង់ពី៖កោះសន្តិភាព