Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចម្លើយ​សារភាព​មេខ្លោង​រៀប​គំរោង​ធ្វើ​គុត​ចៅអធិការ​វត្ត ធ្លាយ​រឿង​ផ្តាច់ជីវិត​បំបិទ​មាត់

  • បោះពុម្ព

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យដែលផ្តើមគំនិតក្នុងធ្វើគុតព្រះចៅអធិការវត្តចេតិយ៍ថ្មី ស្ថិតនៅឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាលនោះ ត្រូវបានកម្លាំងសមត្ថកិច្ចវែកមុខចាប់ខ្លួនបានហើយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យរូបនេះមានឈ្មោះ ឡៅ ទ្រី ហៅឃាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររកស៊ីពុះដីឡូតិ៍លក់ មានទីលំនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។

សូមរំលឹកថា កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅវត្តចេតិយ៍ថ្មី ក្នុងភូមិចេតិយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដោយគេឃើញព្រះចៅអធិការវត្ត ត្រូវគេរឹត.កធ្វើគុតនៅលើគ្រែក្នុងបន្ទប់ដែលព្រះអង្គសឹង ។ ព្រះចៅអធិការដែលរងគ្រោះរូបនេះព្រះនាម ភោគ ធារិទ្ធ ហៅតាតឿ ហៅតាតុប មានព្រះជន្ម៥៣ព្រះវស្សា ។

កណីខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា អំពើផ្តាច់ជីវិតទៅលើព្រះចៅអធិការវត្តចេតិយ៍ថ្មី ត្រូវជនសង្ស័យរូបនេះបានប្រើប្រាស់ខ្សែនីឡុងពណ៌ស (ខ្សែកន្ទុយកណ្តុរ) មករឹត.កធ្វើគុតព្រះអង្គ ។ ហើយមុនពេលដឹងថា ព្រះចៅអធិការត្រូវធ្វើគុត គឺមានលោកយាយ ប៉ិច សារឿន ហៅយាយប៊ុក អាយុ៦៧ឆ្នាំ ដែលសំណាក់នៅក្នុងវត្ត បានទៅនិមន្តព្រះអង្គដែលគង់នៅលើកុដិ ដើម្បីនិមន្តទៅឆាន់ចង្ហាន់ពេលព្រឹកដូចសព្វដង ។ លុះពេលទៅដល់មុខកុដិ លោកយាយបានស្រែកហៅរកព្រះចៅអធិការ ប៉ុន្តែមិនឮសម្លេងឆ្លើយតបទេ លោកយាយក៏ត្រឡប់ទៅសាលាឆាន់វិញ ។សមត្ថកិច្ចបង្ហើបបន្តថា ដោយមិនអស់ចិត្ត និងខ្លាចផុតចង្ហាន់ពេលព្រឹកផងនោះ លោកយាយប៉ុក បានដឹកដៃលោកយាយម្នាក់ទៀតឈ្មោះ ធ្លក យន អាយុ៧០ឆ្នាំ ដែលសំណាក់នៅក្នុងវត្តនោះដែរ ឲ្យទៅជួយនិមន្តចៅអធិការឆាន់ចង្ហាន់ ។

ពេលនោះលោកយាយធ្លក យន បានឡើងលើកុដិ និងរុញទ្វារចូលក្នុងបន្ទប់ ស្រាប់តែឃើញព្រះចៅអធិការសុគតនៅលើគ្រែ និងមានភួយពណ៌លឿងគ្របលើព្រះកេស ទើបមានការភ្ញាក់ផ្អើលឆោឡោហៅសេក្ខលោក និងទួងស្គរហៅពុទ្ធបរិស័ទឲ្យមកមើល ។

សមត្ថកិច្ចបង្ហើបទៀតថា បន្ទាប់មកសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានបង្កើតគណៈកម្មការព្រួតពិនិត្យសពនៅកន្លែងកើតហេតុ ដែលនៅលើផ្ទៃព្រះភក្ត្រព្រះអង្គមានស្នាមឈាមហូរ និងលៀនអណ្តាត នៅត្រង់.កមានខ្សែនីឡុងពណ៌សរឹតជុំវិញ និងស្នាមរលាត់ទ្រូងខាងស្តាំ និងស្នាមរលាត់សើស្បែកនៅកញ្ចឹង.កផងដែរ ។

បើតាមរយៈការពិនិត្យ និងធ្វើកោសល្យវិច័យ ព្រះសពព្រះអង្គ សមត្ថកិច្ចសន្និដ្ឋានថា ព្រះចៅអធិការសុគតដោយសារប្រើប្រាស់ខ្សែរឹត.កបណ្តាលឲ្យថប់ដង្ហើម ។ ហើយករណីនេះសមត្ថកិច្ចបានសហការជាមួយកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ ធ្វើការស៊ើបអង្កេត ដើម្បីវែកមុខជនសង្ស័យតែម្តង ។

ជាក់ស្តែង បានតែមួយសប្តាហ៍គត់ គឺនៅថ្ងៃ២៧ ខែធ្នូ ពិតជាឈាមស្រែកស្បែកហៅមែន កិច្ចប្រត្តិបត្តិការ និងស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឈានទៅដល់ការឃាត់ខ្លួនជនផ្តើមគំនិតក្នុងអំពើផ្តាច់ជីវិតទៅលើព្រះចៅអធិការវត្តចេតីយថ្មីនេះ ។

លោកស្នងការនគរបាលខេត្តកណ្តាលដឹកនាំផ្ទាល់ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាលក្នុងរយៈពេល៧ថ្ងៃ ក៏ឈានដល់ការកំណត់បានមុខសញ្ញាមេខ្លោងផ្ដើមគំនិតជួលជនសង្ស័យឲ្យទៅធ្វើគុតព្រះសង្ឃ នោះគឺឈ្មោះ ឡៅ ទ្រី ហៅឃាង នេះ ។

បន្ទាប់ឃាត់ខ្លួនជនផ្តើមគំនិតក្នុងករណីខាងលើនេះ មេក្លោងផ្តើមគំនិតរូបនេះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា នៅថ្ងៃមិនចាំខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ឡៅ ទ្រី ហៅឃាង ណាត់ជួបគ្នានៅហាងម្លប់ស្វាយ ជិតផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាល វិហារលួង ។

ពេលជួបគ្នាជនសង្ស័យបាននិយាយរឿងឈ្លោះគ្នាជាមួយចៅអធិការវត្តចេតតិយ៍ថ្មី ហើយបានសួររកអ្នកស្មាត់ (អ្នកផ្តាច់ជីវិត) ។ ពេលនោះឈ្មោះ ស្រេង ស្រ៊ុន ថា រឿងហ្នឹងកុំភ័យឲ្យតែលុយម៉ោ ទើបឈ្មោះ ឡៅ ទ្រី ហៅឃាង សួរថាប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុនឆ្លើយថា ៧.០០០ដុល្លារ ហើយខ្លួន (ឡៅ ទ្រី) បានយល់ព្រម ។

មេក្លោងផ្តើមគំនិតរូបនេះសារភាពបន្តថា រំលងបានប្រហែល២០ថ្ងៃ ក្រោយមកវេលាម៉ោងប្រហែល៤រសៀល ឈ្មោះស្រេង ស្រ៊ុន (ជនដៃដល់) បានទូរស័ព្ទហៅខ្លួនឲ្យទៅជួបនៅហាងម្លប់ត្នោត ដោយប្រាប់ថា ១០.០០០ដុល្លារទើបបានធ្វើកើត ព្រោះទាល់តែគ្នា៣នាក់បានធ្វើឈ្នះ ពេលនោះខ្លួនក៏បានយល់ព្រម ហើយបានប្រគល់លុយឲ្យមុន៣.០០០ដុល្លារ រួចក៏បែកគ្នាចេញមកមុន ។

លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦និង៤០នាទី ល្ងាចឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកប្រាប់ខ្លួនថា «ប្លង់រឹង» (ភាសាដាក់ម៉ូធ្វើសកម្មភាព) ធ្វើរួចហើយ ខ្លួនក៏ថា ធ្វើរួចក៏រួចទៅ ។

ប្រភពដដែលបន្តថា លុះដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ បានឆាតតាម Telegram ថា បានផ្តាច់ជីវិតចៅអធិការរួចហើយ ដោយរឹត.ករួចលើកដាក់លើគ្រែគ្របភួយ ពេលនោះឈ្មោះស្រេង ស្រ៊ុន បានទារលុយពីខ្លួនបង្គ្រប់ តែខ្លួនថា ចាំស្អែកទៅ ។

លុះស្អែកឡើងវេលាម៉ោង១០និង៣០នាទី ខ្លួន (ឡៅ ទ្រី មេក្លោងផ្តើមគំនិត) បានបើករថយន្តម៉ាកព្រុស យកលុយទៅឲ្យឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ នៅជិតរោងចក្រស្រែចិន្តា ។

ពេលទៅដល់ឃើញឈ្មោះ ស្រេង ស្រ៊ុន ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា អត់ផ្លាកលេខចាំនៅទីនោះ ហើយក៏ហុចលុយ៧.០០០ដុល្លារតាមកញ្ចក់ឡានឲ្យទៅឈ្មោះ ស្រេង ស្រ៊ុន រួចហើយឈ្មោះ ស្រេង ស្រ៊ុន បានប្រាប់ថា ពេលប៉ូលិសសួរ កុំឆ្លើយអ្វីទាំងអស់ និយាយតែមិនដឹងៗទៅប៉ូលីសមិនអាចធ្វើអ្វីកើតទេ និងឲ្យលុបលេខទូរស័ព្ទ និងរូបពាក់ពន្ធ័ទាំងអស់ចោល រួចក៏បែកគ្នាទៅ ។

ចម្លើយរបស់មេខ្លោងផ្តើមគំនិតរូបនេះបន្តថា មូលហេតុដែលខ្លួន (ឡៅ ទ្រី) បានរៀបចំផែនការធ្វើគុតព្រះសង្ឃជាជនរងគ្រោះ ព្រោះបានយកផ្ទះ និងតូបផ្សារនៅផ្សារម៉ាន់អាំង រាជធានីភ្នំពេញ និងដី២ឡូតិ៍នៅផ្សារត្រាច ខេត្តកំពង់ឆ្នាំង ដោយបានយកលុយពីលោកចំនួន ១ ១៥០០ ដុល្លារថា ទៅសង់ផ្ទះ តែមិនបានសង់ទេ ព្រមទាំងយកទ្រព្យសម្បត្តិរបស់លោក(ចៅអធិការ) ដែលជនរងគ្រោះឲ្យខ្លួនឈរឈ្មោះជំនួស យកទៅលក់អស់ទៀតផង ។

ហើយចុងក្រោយនេះខ្លួនបានលេចឮព័ត៌មានថា ព្រះចៅអធិការលោកជិតសឹក នៅដំណាច់ឆ្នាំនេះ ដើម្បីទៅកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងអស់របស់លោកវិញ ទើបខ្លួនរៀបចំផែនការធ្វើគុត ដើម្បីបំបិទមាត់ព្រះអង្គឲ្យបានសម្រេចនៅថ្ងៃទី១៩ ខែធ្នូ នេះតែម្ដង ក្នុងគោលបំណងប្រមូល និងកាន់កាប់លុយកាក់ និងទ្រព្យសម្បត្តិរបស់ព្រះចៅអធិការទាំងអស់។

ក្រោយបញ្ចប់ការសួរយកចម្លើយ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តតាមស្វែងបក្សពួក ដែលជាជនដៃដល់បន្តទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព