លើកមុន បន្លំសារមកពីធនាគារកាណាឌីយ៉ា ពេលនេះ ជនខិលខូចក្លែងជាធនាគារអេស៊ីលីដា ម្ដង!
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
រាជធានីភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយរបស់ធនាគារអេស៊ីលីដា បានឲ្យដឹងថា មានជនខិលខូច បានផ្ញើសារដែលបន្លំ ធ្វើជាសារមកពីធនាគារអេស៊ីលីដា ដែលមានតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ ។
តាមការស្រាវជ្រាវរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថា គេហទំព័រក្លែងក្លាយ ដែលជនខិលខូចបានបង្កើតនេះ គឺវាដូចគ្នានឹងគេហទំព័រក្លែងក្លាយ ដែលពួកគេបង្កើតសម្រាប់ធនាគារកាណាឌីយ៉ា ដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ ។
គេហទំព័រទាំងនេះបង្កើតឡើង ដើម្បីបោកបញ្ឆោតយកព័ត៌មាន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរស័ព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ ដែលអាចឲ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ ។
ដូចគ្នានេះដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានរកឃើញមានអ្នកប្រើប្រាស់មួយចំនួន ធ្លាប់ទទួលសារជាភាសាអង់គ្លេសដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា ដោយអះអាងថា គណនីធនាគាររបស់លោកអ្នកត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ដើម្បីឱ្យពួកគេបញ្ជាក់អំពីអត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights.) ។
នៅពេលដែលអ្នកប្រើប្រាស់ចូលទៅគេហទំព័រតាមតំណភ្ជាប់នោះ វានឹងទាមទារឲ្យបំពេញព័ត៌មានលម្អិតមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរស័ព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ផងដែរ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំជាថ្មីម្ដងទៀត ដល់អ្នកប្រើប្រាស់ទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន នៅពេលដែលទទួលបានសារណាមួយ ដែលទាមទារឲ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព្រោះនេះគឺជាល្បិចដែលជនខិលខូចប្រើដើម្បីលួចយកព័ត៌មានរបស់លោកអ្នកតែប៉ុណ្ណោះ ហើយវិធីដែលល្អបំផុតដើម្បីចៀសវាងពីការបោកបញ្ឆោតនោះ គឺលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានព័ត៌មានបន្ថែម ៕
ដកស្រង់ពី៖កោះសន្តិភាព