Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជន​ដៃ​ឆើត​២​នាក់​ប្ដី​ប្រពន្ធ​កំពុង​រៀបចំ​គេចខ្លួន​ពី​ផ្ទះ តែ​ត្រូវ​ជាប់អន្ទាក់​(​វី​ដេ​អូ​)

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ជនដៃឆើត២នាក់ប្ដីប្រពន្ធដែលពូកែឌុបគ្នាដើរលួចកាបូបលុយពីអាជីវករនៅតាមផ្សារនានា ដែលពេលខ្លះទៅលួចឆ្លងខេត្តទៀតនោះ ពេលនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់ហើយ កាលពីម៉ោង៧និង៣៨នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលជនដៃឆើត២នាក់ប្ដីប្រពន្ធនេះ កំពុងរៀបចំគេចខ្លួនពីផ្ទះ ដែលស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោយពេលលួចកាបូបលុយអ្នកលក់ចេកនៅផ្សារទំនើប «ភូពុយ»។

ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ជនសង្ស័យខាងលើនោះ ប្ដីឈ្មោះ វ៉ា យ៉ុង អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ សុខ ផល្លា អាយុ៥៤ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ស្រុកបាត់ដំបង។ រីឯជនរងគ្រោះឈ្មោះ កាន់ កុឡាប ភេទស្រី អាយុ៥៣ឆ្នាំ មានមុខរបរលក់-ទិញចេក (ឈ្មួញកណ្ដាល) រស់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែបានដឹកចេកមកលក់នៅផ្សារទំនើប «ភូពុយ» ក្នុងក្រុងបាត់ដំបង។លោកឈឿង គឹមសុង បានប្រាប់ថា ជនសង្ស័យ២នាក់ប្ដីប្រពន្ធនេះ បានធ្វើសកម្មភាពលួចយកកាបូបលុយអ្នកលក់ចេកខាងលើនេះ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ខណៈពេលដែលស្ត្រីរងគ្រោះកំពុងមមាញឹកលក់ចេកឲ្យម៉ូយនៅក្នុងផ្សារ«ភូពុយ» ហើយស្របពេលនោះ ស្ត្រីដៃឆើតក៏បានបន្លំលួចយកកាបូបលុយ រួចគេចខ្លួនបាត់តែម្ដង។

ប៉ុន្តែលោក គឹមសុង បញ្ជាក់ថា រាល់សកម្មភាពស្ត្រីដៃដល់បានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ទើបក្រោយជនរងគ្រោះដាក់ពាក្យបណ្ដឹង លោកស្នងការខេត្តបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាប្ដីប្រពន្ធនេះបាន និង ឈានដល់ការតាមឃាត់ខ្លួនដល់លំនៅឋានទៀតផង។ស្ត្រីរងគ្រោះឈ្មោះ កាន់ កុឡាប បានប្រាប់សមត្ថកិច្ចថា ស្ត្រីដៃឆើតបានធ្វើជាចូលទៅរកទិញចេកកន្លែងគាត់លក់នៅក្នុងផ្សារ«ភូពុយ» ប៉ុន្តែនៅពេលគាត់កំពុងរៀបចំច្រកចេក ស្រាប់តែស្ត្រីរូបនេះបានបន្លំយកកាបូបគាត់ដែលទុកនៅខាងក្រោយខ្នង រួចគេចខ្លួនបាត់ភ្លាមៗតែម្ដង។

បើតាមជនរងគ្រោះបាននិយាយថា ក្រោយលួចបានកាបូប ស្ត្រីដៃដល់រូបនេះ បានដើរចេញយ៉ាងលឿន ហើយឡើងជិះម៉ូតូប្ដីរបស់ខ្លួន ដែលចាំនៅខាងក្រៅផ្សារគេចបាត់ស្រមោល។

ប៉ុន្តែយ៉ាងណា សកម្មភាពស្ត្រីដៃដល់នេះ បានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពដែលគេបំពាក់គ្រប់ទិសទីនៅក្នុងផ្សារនោះ។ នៅក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញស្ត្រីដៃដល់ពាក់អាវដៃវែងពណ៌លឿង។ ដំបូងគេឃើញស្ត្រីរូបនេះអង្គុយនៅក្បែរអ្នកលក់ចេក ប៉ុន្តែទំនងជាអ្នកលក់កំពុងតែរវល់លក់ដូរនោះ ក៏ស្រាប់តែគេឃើញស្ត្រីដៃដល់លូកយកកាបូបនៅក្បែរខ្នងជនរងគ្រោះមកដាក់នៅក្នុងថង់ប្លាស្ទិចពណ៌ស រួចងើបកាន់ថង់នោះដើរចេញយ៉ាងរំភើយបាត់ពីមុខកាមេរ៉ាភ្លាមៗតែម្ដង។

ពាក់ព័ន្ធនឹងការបាត់បង់ទ្រព្យសម្បត្តិវិញ បើតាមស្ត្រីរងគ្រោះឈ្មោះ កាន់ កូឡាប បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិដែលបាត់បង់នៅក្នុងកាបូបនោះមានប្រាក់ខ្មែរចំនួន១២លានរៀល ប្រាក់បាតចំនួន១០ម៉ឺនបាត ប្រាក់ដុល្លារចំនួន៩ពាន់ដុល្លារ ខ្សែ.កមាស១ខ្សែទម្ងន់១តំឡឹង រួមទាំងបន្ដោងទម្ងន់៣ជី និងទូរស័ព្ទម៉ាក OPPO ១គ្រឿងផង។

លោក ឈឿង គឹមសុង បានប្រាប់ថា ក្រោយពីលួចយកកាបូបបានជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ បានដកយកលុយទាំងអស់ចេញពីកាបូប រួចជិះឌុបគ្នាយកកាបូបនោះមកបោះចោលនៅម្ដុំផ្សារបឹងឈូក ដោយសារតែទូរស័ព្ទជនរងគ្រោះនៅក្នុងកាបូបនោះរោទិ៍ញឹកញ៉ាប់ពេក។ ប៉ុន្តែក្រោយមក ក៏ត្រូវសន្តិសុខផ្សារបឹងឈូក រើសបានយកទៅប្រគល់ឲ្យសមត្ថកិច្ច តែគេឃើញមានតែទូរស័ព្ទ១គ្រឿង និងកាបូបស្ពាយ១ប៉ុណ្ណោះ មិនឃើញមានលុយ ឬគ្រឿងអលង្ការនោះទេ។

ជាមួយនឹងការឃាត់ខ្លួនជនដៃឆើត២នាក់ប្ដីប្រពន្ធនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងដែលជនទាំង២នាក់ប្ដីប្រពន្ធជិះធ្វើសកម្មភាព, កាបូបស្ពាយ១ (កាបូបដាក់លុយរបស់ជនរងគ្រោះ), ទូរស័ព្ទ១គ្រឿង, ប្រាក់ដុល្លាចំនួន៣,៧០០ដុល្លារ, ប្រាក់បាតចំនួន៩ម៉ឺនបាត, អាវយឿតដៃវែងពណ៌លឿង និងខោជើងវែងពណ៌ខ្មៅមួយកំភ្លេ ដែលស្ត្រីដៃដល់ស្លៀកពាក់នៅថ្ងៃធ្វើសកម្មភាព។ នៅចំពោះមុខសមត្ថកិច្ច និងវត្ថុតាងនានាដែលបានដកហូត ជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិនៅក្នុងកាបូបស្ពាយរបស់ជនរងគ្រោះមែន។

ប្ដីប្រពន្ធនេះសារភាពទៀតថា កន្លងមក ប្ដីប្រពន្ធខ្លួនធ្លាប់ដើរលួចកាបូបលុយគេនៅតាមផ្សារបែបនេះចំនួន៣លើកមកហើយ គឺ២លើកធ្វើសកម្មភាពនៅបាត់ដំបង និង១លើកទៀត ធ្វើសកម្មភាពនៅខេត្តប៉ៃលិន។

ជុំវិញការប្រព្រឹត្តអំពើចោរកម្មរបស់ប្ដីប្រពន្ធនេះ លោក ឈឿង គឹមសុង បានប្រាប់ថា ជនសង្ស័យ២នាក់ប្ដីប្រពន្ធនេះ ក៏កំពុងមានដីកាបញ្ជាឲ្យចូលខ្លួនផងដែរ ដែលចេញដោយតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដែលប្ដីប្រពន្ធនេះជាប់ចោទពីបទ «លួច» ដែលប្រព្រឹត្តនៅខេត្តប៉ៃលិន។

ប៉ុន្តែពេលនេះ ត្រូវបានកម្លាំងការិយាល័យរបស់លោកឃាត់ខ្លួនបានហើយ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត បន្ទាប់ពីជនដៃដល់២នាក់ប្ដីប្រពន្ធនេះ ប្រព្រឹត្តបទល្មើសជាក់ស្ដែងលើកចុងក្រោយ នៅផ្សារទំនើប «ភូពុយ» នៅក្រុងបាត់ដំបង។

ពេលនេះលោកស្នងការខេត្ត បានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញរបស់លោក ធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនចោរដៃឆើត២នាក់ប្ដីប្រពន្ធនេះ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ហើយ៕

 

ដកស្រង់ពី៖កោះសន្តិភាព