Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេខ្យល់ម្នាក់ទៀត ត្រូវបានចាប់ខ្លួន នៅខេត្តបន្ទាយមានជ័យ

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ មឿន សារឿន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិចំបក់ ឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកអធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ថា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥១១នៃកងពលតូចដថ្មើរជើងលេខ៥១ បានធ្វើការទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ ចំនួន ១៥នាក់ ( ស្រី ០៦នាក់ ) មកពីចំនួន ០៣ខេត្ត រួមមាន៖ បន្ទាយមានជ័យ ចំនួន ១១នាក់ សៀមរាបចំនួន ០៣នាក់ និងខេត្តបាត់ដំបង ចំនួនម្នាក់ នៅចំណុចដីរបស់ឈ្មោះ ទ្រី ភាព ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ដើម្បីធ្វើការសួរនាំ។

ក្នុងនោះ ពលករទាំង ១៥នាក់ បានឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគាត់ត្រូវបានឈ្មោះ ទូច ភេទប្រុស អាយុប្រហែល ២០ឆ្នាំ នៅធ្វើការប្រទេសថៃ ឲ្យទំនាក់ទំនងជាមួយឈ្មោះ មឿក សុភា ភេទប្រុស អាយុប្រហែល២៩ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។

ពេលពួកគាត់ មកដល់ស្រុកម៉ាឡៃ មានឈ្មោះ មឿន សារឿន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង អ្នករត់ម៉ូតូឌុប បានឌុបពួកគាត់ មកដាក់នៅចំណុចដីឈ្មោះ ទ្រី ភាព ដើម្បីឆ្លងដែន។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ មឿន សារឿន ជាអ្នកដឹកជញ្ជូនពលករ បានសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងនោះ មែន ឲ្យឈ្មោះ មឿក សុភា ដោយពលករម្នាក់ មឿក សុភា ឲ្យតម្លៃ ១០.០០០រៀល។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ដោយផ្អែកលើការបំភ្លឺរបស់ពលករទាំង ១៥នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ មឿន សារឿន ត្រូវបានកម្លាំងជំនាញ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះមេខ្យល់ឈ្មោះ មឿក សុភា កម្លាំងនគរបាលមូលដ្ឋាន កំពុងស្រាវជ្រាវ ដើម្បីឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព