Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំបែកសំណុំរឿង​ក្រុម​ចោរប្លន់ ក្របួច​​ជា​បន្តបន្ទាប់​តាំងពី​ខេត្តកំពង់ចាម​ដល់​ក្រុងភ្នំពេញ

  • បោះពុម្ព

ខេត្តកំពង់ចាម ៖ ក្រោមការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចគ្រប់ច្រកល្ហកតាមស្វែងរកក្រុមចោរញីឈ្មោល ដែលមានគ្នា២នាក់បានជិះម៉ូតូមួយគ្រឿងពណ៌ខ្មៅ ធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿងមិនបានសម្រេច ដោយម្ចាស់ម៉ូតូចេញមកទាន់ ក៏ស្រាប់តែក្រុមចោរនោះបានដកកាំភ្លើងខ្លីបាញ់លើម្ចាស់មួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម នាពេលកន្លងទៅនោះ នៅទីបំផុត ក្រុមចោរនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រម៉ាញ់ចាប់បានហើយរហូតដល់ទៅ៣នាក់ឯណោះ និងដកហូតអាវុធខ្លីមួយដើម ព្រមទាំងបន្តស្រាវជ្រាវតាមចាប់បក្ខពួកបាន២នាក់ទៀតនៅរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ថា បន្ទាប់ពីស្រាវជ្រាវដោយយកចិត្តទុកដាក់ ក៏បានដឹងពីមុខសញ្ញាជួលបន្ទប់ស្នាក់នៅរបស់ក្រុមចោរ កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែឧសភាកន្លងទៅ លោកស្នងការនគរបាលខេត្ដកំពង់ចាម បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលផ្ទាល់ពីលោក សាន សុភ័ក្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បើកកិច្ចប្រតិបត្ដិការបង្ក្រាបក្រុមចោរ នៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខណៈពេលដែលមុខសញ្ញាក្រុមចោរទាំង៣នាក់ដែលកំពុងតែសម្ងំនៅក្នុងបន្ទប់ជួល។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ជនសង្ស័យទាំងនោះមានចំនួន៣នាក់ រួមមាន ៖ ១.ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរះ ហៅឡុង សម្បត្តិ ហៅឡុង ធា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត ។

២.ឈ្មោះ ដេត សុផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និង៣.ឈ្មោះ ហោ ស្រីអូន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០៣គ្រឿង (ធុនសេ១២៥ ចំនួន២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន១គ្រឿង), ស្លាកលេខម៉ូតូចំនួន១៤ ស , អាវុធខ្លីចំនួន០១ដើម (ម៉ាក k59 ) , គ្រាប់ចំនួន១០គ្រាប់ , សោកាច់ចំនួន២៣គ្រាប់ និងសម្ភារៈវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។

ហើយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងនេះបានឆ្លើយថា «កន្លងមក ពួកខ្លួនធ្លាប់ធ្វើសកម្មភាពចំនួន១៥លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូដែលធ្វើសកម្មភាពយកបានពីអំពើ លួចនោះ គឺបានយកទៅលក់ឲ្យមុខសញ្ញាទទួលផលចោរកម្មនៅរាជធានីភ្នំពេញ» ។

លុះនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានចម្លើយសារភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការពីកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្តចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានមុខសញ្ញាទទួលផលចោរកម្មចំនួន២នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ហើយមុខសញ្ញាទទួលផលចោរកម្មទាំង២នាក់នេះមាន ៖ ១-ឈ្មោះ សួន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ និង២-ឈ្មោះ អ៊ួង សុខគា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ៖ រថយន្ត១គ្រឿង ម៉ាកកាមរី ពណ៌ស ពាក់ផ្លាក់លេខ ២AQ-៩០៦៨ (ប្រើប្រាស់ស្លាកលេខក្លែងក្លាយ), ទូរស័ព្ទដៃចំនួន២គ្រឿង និងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) ដែលមានឈ្មោះថា បូ សំបេត ឋានន្តរស័ក្កិ អនុសេនីយ៍ឯក ឋានៈមន្ត្រី ។

គួររំលឹកផងដែរថា ជនសង្ស័យប្រុសស្រីមានគ្នា២នាក់ដែលជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ធ្វើសកម្មភាពកាច់សោ.កម៉ូតូមួយគ្រឿងមិនបានសម្រេច ដោយម្ចាស់ម៉ូតូចេញមកទាន់ ចោរទាំង២នាក់នោះក៏បានដកកាំភ្លើងខ្លីបាញ់លើម្ចាស់មួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

លុះរហូតមកដល់រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមចោរញីឈ្មោលទាំង២នាក់នោះ មិនទាន់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងចាប់ខ្លួននៅឡើយទេ។បើតាមសមត្ថកិច្ចរៀបរាប់ឲ្យដឹងថា ម៉ូតូម៉ាកឌ្រីមដែលចោរបំរុងលួចនោះ គឺត្រូវបានម្ចាស់ទុកនៅមាត់ទ្វារខាងមុខ ដោយម្ចាស់ម៉ូតូដេកអង្រឹងមើលពីក្នុងមកក្រៅមិនទាន់បានប៉ុន្មានផង ក៏មានចោរប្រុសម្នាក់ចូលមកកាច់សោ.កម៉ូតូម៉ាក dream។

ដែលហេតុការណ៍នោះបានកើតឡើងនៅរសៀលថ្ងៃទី៩ មេសា ម្ល៉េះ។ ហើយលុះពេលចោរកាត់សោ.កបានហើយ មិនទាន់ទាំងបានជិះចេញផង ក៏ត្រូវបានស្ត្រីម្ចាស់ម៉ូតូរត់ចេញមកដណ្ដើមម៉ូតូមកវិញ ហើយក៏ត្រូវបានចោរបាញ់មួយគ្រាប់ បណ្ដាលឱ្យដួលដេកទៅលើដីរងរបួសធ្ងន់។

ភ្លាមៗនោះ ប្រុសជាចោរក៏បានប្រញាប់រត់ទៅដោយមានស្រីម្នាក់ជិះម៉ូតូរង់ចាំឌុបជាស្រេច ហើយក៏ជិះគេចខ្លួនបាត់តែម្តង។សមត្ថកិច្ចបានប្រាប់បន្តថា ក្រោយពីនគរបាលយុត្តិធម៌នៃអធិការរដ្ឋានក្រុងកំពង់ចាម ទទួលព័ត៌មានពីលោកស្រីមេភូមិបឹងកុក២ ថា មានករណីលួចមានស្ថានទម្ងន់ទោស (ដោយប្រើអាវុធខ្លីបាញ់មិនបានសំរេច) យកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1J 2336 កាលពីវេលាម៉ោង១និង៣៥នាទីរសៀល នៅចំណុចបន្ទប់ជួល ភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាមនោះ ។

ជាមួយនោះ ជំនាញព្រហ្មទណ្ឌក្រុងកំពង់ចាម សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងកុក ជំនាញបច្ចេកទេសខេត្ត ជំនាញព្រហ្មទណ្ឌខេត្ត បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះមានឈ្មោះ លឿត ស្រីលាភ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម នៅនឹងកន្លែងកើតហេតុ ដោយត្រូវជនសង្ស័យបាញ់ បណ្ដាលឱ្យរងរបួសត្រង់លើដោះខាងស្ដាំ១គ្រាប់ដួលដេកក្បែរម៉ូតូ ។

ក្រោយកើតហេតុនោះ ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយសាច់ញាតិជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ។ ហើយនៅកន្លែងកើតហេតុវិញ បានបន្សល់ទុកនៅសំបកគ្រាប់ចំនួន១គ្រាប់ ប្រភេទTHAIARMS (8mm) ។

បើយោងតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញចោរប្រុសស្រី២នាក់ (ចោរញីឈ្មោល) ជិះម៉ូតូម៉ាកសេ១២៥ មួយគ្រឿង ព្រមទាំងពាក់មួកសុវត្ថិភាព ដោយបុរសជាចូលលួច ហើយស្ត្រីវិញជាអ្នកជិះម៉ូតូរង់ចាំបក្សពួកខ្លួននៅឆ្ងាយពីកន្លែងកើតហេតុ។ លុះពេលប្លន់យកម៉ូតូពុំបានសម្រេច ក៏រត់ទៅរកបក្សពួកខ្លួន ហើយជិះម៉ូតូគេចខ្លួនបាត់។

ហើយក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្តនៅរាជធានីភ្នំពេញ លុះរហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានជាសះស្បើយ និងបានត្រឡប់មកលំនៅដ្ឋានវិញផងដែរ។

សូមបញ្ជាក់ថា ប្រតិបត្តិការតាមប្រម៉ាញ់ក្រុមចោរក្រសោបបានបន្តបន្ទាប់ចំនួន៥នាក់ខាងលើនេះ គឺមានការចង្អុលបង្ហាញពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈជាការឯកភាពខេត្ត ដល់ឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់មុខសញ្ញាមកផ្ដន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព