Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូន​បុគ្គល​ក្លែងបន្លំ​ជា​មន្ត្រី​នគរបាល ទៅ​តុលាការកាត់ទោស​តាម​ច្បាប់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុគ្គលឈ្មោះ សៅខូ ច័ន្ទសូឡារ ត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ក្រោយទទួលបានជនសង្ស័យពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ជនសង្ស័យរូបនេះ បានក្លែងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (លួចបន្លំអត្តលេខ), ក្លែងប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការតម្លើងឋានន្ដរស័ក្ដិមន្ដ្រីនគរបាលជាតិ និងប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិដោយខុសច្បាប់, ក្លែងបន្លំលិខិតបេសកកម្ម របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ដាក់តួនាទីជា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ក្លែងបន្លំលិខិតបេសកកម្មរបស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ ។

មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់អោយដឹងថា ជនសង្ស័យរូបនេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងបានប្រគល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបន្ដសួរនាំ និងចាត់ការតាមនីតិវិធី ។ ក្រោយបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ ជនសង្ស័យត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ។

គួរជម្រាបដែរថា ជនឈ្មោះ សៅខូ ច័ន្ទសូឡារ ភេទប្រុស អាយុ២២ឆ្នាំ មានបណ្ដឹងមួយចំនួនទៀត ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីទទួលបានព័ត៌មានពីលោកវរសេនីយ៍ អ៊ឹង សុភ័ក្ត្រ អធិការរងនគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការសង្ស័យលើជនម្នាក់នេះ ក្លែងបន្លំខ្លួន ធ្វើជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ព្រោះជាទង្វើធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋនៃអគ្គស្នងការដ្នាននគរបាលជាតិក្រសួងមហាផ្ទៃ ។

ជាក់ស្តែងកម្លាំងជំនាញ (ក១០) ដឹកនាំដោយលោកឧត្តមសេនីយទោ សារី បុត្រសត្យា នាយករងមន្ទីរសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនល្មើសនោះ នៅចំណុចស្ថានីយប្រេងឥន្ទនៈ LHR និងចំណុចផ្ទះលេខ១២០បេ ភូមិចំកាឱឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លទ្ធផលចាប់យកវត្ថុតាងរួមមាន ៖ ១. អាវុធខ្លី ១ដើម ម៉ាកTACTICAL23 លេខ WET5168 និងបង់ចំនួន ២(កាំភ្លើងហ្គាស), ២. គ្រាប់អាវុធប្រភេទ 9mm ចំនួន ១២គ្រាប់ ៣. ខ្នោះដៃ ចំនួន ១គូ ៤. វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន ១គ្រឿង ៥.ស្រោមអាវុធខ្លី ចំនួន ៤ស្រោម ៦.កាតនគរបាលជាតិក្លែងក្លាយចំនួន ២សន្លឹក ៧.ស័ក្តិថ្នាក់វរសេនីយ៍ទោ ១គូ ៨.កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន ២សន្លឹក ៩.មួកនគរបាលជាតិថ្នាក់វរសេនីយចំនួន ២ និងថ្នាក់អនុសេនីយ៍ ១០.ឯកសណ្ឋាននគរបាលជាតិចំនួន ៦កំប្លេ ១១.ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ. របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និង របស់នាយក ដ្ឋាននគរបាលព្រហ្មទណ្ឌមួយចំនួនធំ ។

១២.ប្រអប់ដាក់អាវុធខ្លីម៉ាក CZ ចំនួន១ ១៣.ម៉ាស៊ីនកាត់កាត ចំនួន ១គ្រឿង ១៤. អាវក្រោះការពារគ្រាប់ចំនួន ១អាវ ១៥. អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិចំនួន1 ១៦. កាបូបដាក់សម្ភារៈចំនួន ៣ ១៧.ស្បែកជើងកវែងចំនួន ១គូ ៕

ដកស្រង់ពី៖កោះសន្តិភាព