Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធររាជធានីភ្នំពេញ ប្រកាស​ឲ្យ​ក្រុមបុគ្គលិក ណាហ្គា ត្រូវឈប់​ធ្វើបាតុកម្ម​ដោយខុសច្បាប់ ជាបន្ទាន់​

  • បោះពុម្ព

នៅថ្ងៃទី៣១ ខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឲ្យក្រុមបុគ្គលិក សណ្ឋាគារ និងកាស៊ីណូ ណាហ្គា ត្រូវបញ្ឈប់ជាបន្ទាន់នូវការធ្វើសកម្មភាពបាតុកម្ម ដោយខុសច្បាប់។

រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់លោកស្រី លឹម ស៊ីថរ លោកស្រី លឹម សុខន លោកស្រី ហៃ សុភាព លោកស្រី រឺ សុវណ្ណឌី លោកស្រី សុន ស្រីពេជ្រ លោក ប៉េង សោភា និងលោក សុខ គង្គា ដែលជាតំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត ឱ្យបានជ្រាបថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ នាពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ និងសំណូមពរលោក-លោកស្រីជាច្រើនលើកច្រើនសាឱ្យបញ្ឈប់សកម្មភាពសម្តែងមតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ ដូចមានខ្លឹមសារក្នុងលិខិតលេខ ១៤០១/២១ ឆត ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែលោក-លោកស្រីនៅតែបន្តដឹកនាំធ្វើបាតុកម្មដោយខុសច្បាប់ អស់រយៈពេល ១៣ ថ្ងៃ ជាបន្តបន្ទាប់ ដោយមិនបំពេញនីតិវិធី ដែលបានចែងក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

បន្ថែមលើនេះ រដ្ឋបាលរាជធានីភ្នំពេញ កត់សម្គាល់ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវ ដើម្បីក្រើនរំលឹកជូនលោក-លោកស្រី និងក្រុមបាតុករ ឱ្យបញ្ឈប់នូវសកម្មភាពតវ៉ាដោយខុសច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែជាក់ស្តែង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ លោក-លោកស្រី និងក្រុមបាតុករ នៅតែបន្តរឹងរូស មិនគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបន្តសកម្មភាពបំពានម្តងហើយម្តងទៀត ផ្ទុយទៅនឹងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីដដែល។ ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងជាថ្មីម្តងទៀតដល់លោក-លោកស្រី និងក្រុមបាតុករ ត្រូវបន្តការចរចាតាមនីតិវិធី ដូចមានចែងក្នុងច្បាប់ ស្តីពី ការងារ តាមរយៈយន្តការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ទៀងផ្ទាត់ ការទូទាត់សំណង ក៏ដូចជា អត្ថប្រយោជន៍ផ្សេងៗ និងស្នើឱ្យលោក-លោកស្រី ត្រូវបញ្ឈប់នូវសកម្មភាពតវ៉ាដោយខុសច្បាប់ជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសព្រមានថា «ក្នុងករណីលោក-លោកស្រី នៅតែបន្តសកម្មភាពបាតុកម្មដោយខុសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

សូមរម្លឹកថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ អំឡុងពេលកូវីដឆ្លងរាលដាលខ្លាំង ក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្តីជូនដំណឹងពីផែនការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង ដែលរួមមាន៖ ការកាត់បន្ថយបុគ្គលិក តាមរយៈការបញ្ចប់កិច្ចសន្យាការងារ ចំនួន ៣៦៥នាក់។ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្ទុះការតវ៉ា ដោយធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុន ទទួលយកកម្មករនិយោជិតចំនួន ៣៦៥នាក់ ក្នុងចំណោមកម្មករនិយោជិត ១៣២៩នាក់ ដែលត្រូវបានបញ្ឈប់ពីការងារដោយបង្ខំ តាំងពីខែមេសា ឆ្នាំ២០២១។ ក្នុងការតវ៉ានោះ បុគ្គលិកមួយចំនួន ដែលមានឈ្មោះ ត្រូវកាត់ចេញពីការងារ ទាមទារប្រាក់សំណងសមស្រប ចំពោះការបញ្ឈប់ពីការងារ និងខ្លះទៀត ទាមទារឲ្យបានចូលធ្វើការងារដូចដើមវិញ។

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ បានអញ្ជើញបងប្អូនកម្មករនិយោជិត ដែលតវ៉ា និងអ្នកតំណាង រួមទាំងតំណាងក្រុមហ៊ុនណាហ្គា ប្រជុំដោះស្រាយវិវាទ នៅទីស្តីការក្រសួងការងារ។ តែគិតត្រឹមម៉ោង ១រសៀល ថ្ងៃទី២២ធ្នូ ក្រសួងការងារ ប្រកាសថា មានកម្មករនិយោជិតម្នាក់ បានមកចូលរួម និងបានឯកទទួលយកដំណោះស្រាយពីក្រុមហ៊ុន។ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសម្របសម្រួលដោះស្រាយករណីវិវាទការងារ នៅក្រុមហ៊ុន ណាហ្គា វើលដ៍ លីមីធីត ដោយមានលោកស្រី ឈឹម ស៊ីថរ និងលោកមេធាវី ហម ស៊ុនរិទ្ធិ ជាតំណាងភាគីកម្មករនិយោជិត និងលោក Mike Ngai ជាតំណាងភាគីក្រុមហ៊ុន។ សេចក្តីប្រកាស លើកឡើងថា ក្រោយការប្រជុំពិភាក្សា ភាគីទាំងពីរ នៅតែមិនទាន់ព្រមព្រៀងក្នុងការបញ្ចប់ករណីវិវាទនៅឡើយ ដោយសារ៖ ១-តំណាងក្រុមហ៊ុន នឹងពិចារណា លើរូបមន្តក្នុងការគណនាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនបងប្អូនកម្មករនិយោជិត ចំនួន ៨៥នាក់ ដែលបានឯកភាព ទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ ក្រោមការសម្របសម្រួលរបស់ក្រសួង ប៉ុន្តែក្រុមហ៊ុនមិនព្រមទទួលយកកម្មករនិយោជិត ដែលកំពុងតវ៉ាផ្សេងទៀត ឲ្យចូលធ្វើការវិញទេ។

២-តំណាងកម្មករនិយោជិត ទាមទារឲ្យដោះស្រាយជាកញ្ចប់ ដោយតម្រូវឲ្យក្រុមហ៊ុន ទទួលយកកម្មករនិយោជិត ដែលកំពុងតវ៉ា ឲ្យចូលធ្វើការជាមុន ទើបកម្មករនិយោជិត ចំនួន ៨៥នាក់ផ្សេងទៀត ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់។ ចំពោះកិច្ចប្រជុំពិភាក្សាមិនទាន់ត្រូវរ៉ូវគ្នានេះ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិត សហជីព ក៏ដូចជា និយោជក បន្តចូលរួមសហការជាមួយក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ចប់ករណីវិវាទការងារនេះ ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក៕

ដកស្រង់ពី៖ កោះសន្តិភាព