Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការ​រាជធានី​ភ្នំពេញ ប្រកាស​​បើក​ការ​ស៊ើប​សួរ លើ​មេដឹកនាំ​បាតុកម្ម នៅ​ណាហ្គា​វើ​លដ៍ ៩​នាក់​

  • បោះពុម្ព

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានប្រកាសពីការសម្រេចបើកការស៊ើបសួរ លើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន ៩នាក់ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រុមព្រះទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាស នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានទទួលចាត់ការស៊ើបអង្កេតលើសំណុំរឿង ដែលមានជនសង្ស័យ ចំនួន ៩នាក់ រួមមាន៖ ១-ឈឹម ស៊ីថរ ភេទស្រី ២-រី សុវណ្ណឌី ភេទស្រី ៣-សុន ស្រីពេជ្រ ភេទស្រី ៤-ហៃ សុភាព ភេទស្រី ៥-ឃ្លាំង សុបិន្ត ភេទស្រី ៦-ទូច សិរីមាស ភេទស្រី ៧-ឈឹម សុខន ភេទស្រី ៨-សុខ ណារិទ្ធ ភេទប្រុស និង៩-សុខ គង្គា ភេទប្រុស។ សេចក្តីប្រកាសដដែល លើកឡើងថា ជនសង្ស័យទាំង ៩នាក់ខាងលើនេះ ព្រមទាំងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងអង្គហេតុញុះញង់បំផុសបំផុលក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានបណ្តេញចេញ ឲ្យធ្វើសកម្មភាពបង្កចលាចល ដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឲ្យមានអសន្តិសុខដល់សង្គម។

តាមសេចក្តីប្រកាស បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងរួចមក អំពើដែលបានប្រព្រឹត្តខាងលើ បានបំពានច្បាប់ ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ដោយផ្អែកតាមអង្គហេតុ និងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ លើបុគ្គលខាងលើ រួមទាំងបក្ខពួកពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា»។ សូមរម្លឹកថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ប៉ូលិសរាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកតវ៉ា នៅមុខណាហ្គាវើលដ៍ ៩រូប ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ជាមេដឹកនាំបាតុកម្មខុសច្បាប់។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ថា ការចាប់ខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់ចំនួន ៩នាក់ កាលពីវេលាម៉ោង ១៩:០០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺអនុលោមទៅតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនត្រូវបានធ្វើឡើងដោយសារតែពួកគេ «បានរៀបចំបាតុកម្មដោយខុសច្បាប់ នៅមុខក្រុមហ៊ុន ណាហ្គាវើល ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»។ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ អំឡុងពេលកូវីដឆ្លងរាលដាលខ្លាំង ក្រុមហ៊ុន ណាហ្គាវើលដ៍ បានចេញសេចក្តីជូនដំណឹងពីផែនការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង ដែលរួមមាន៖ ការកាត់បន្ថយបុគ្គលិក តាមរយៈការបញ្ចប់កិច្ចសន្យាការងារ ចំនួន ៣៦៥នាក់។ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្ទុះការតវ៉ា ដោយធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុន ទទួលយកកម្មករនិយោជិតចំនួន ៣៦៥នាក់ ក្នុងចំណោមកម្មករនិយោជិត ១៣២៩នាក់ ដែលត្រូវបានបញ្ឈប់ពីការងារដោយបង្ខំ តាំងពីខែមេសា ឆ្នាំ២០២១។ ក្នុងការតវ៉ានោះ បុគ្គលិកមួយចំនួន ដែលមានឈ្មោះ ត្រូវកាត់ចេញពីការងារ ទាមទារប្រាក់សំណងសមស្រប ចំពោះការបញ្ឈប់ពីការងារ និងខ្លះទៀត ទាមទារឲ្យបានចូលធ្វើការងារដូចដើមវិញ។

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ បានប្រកាស អញ្ជើញបងប្អូនកម្មករនិយោជិត ដែលតវ៉ា និងអ្នកតំណាង រួមទាំងតំណាងក្រុមហ៊ុនណាហ្គា ប្រជុំដោះស្រាយវិវាទ នៅទីស្តីការក្រសួងការងារ។ ក្នុងនោះ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសម្របសម្រួលដោះស្រាយករណីវិវាទការងារ នៅក្រុមហ៊ុន ណាហ្គា វើលដ៍ លីមីធីត ដោយមានលោកស្រី ឈឹម ស៊ីថរ និងលោកមេធាវី ហម ស៊ុនរិទ្ធិ ជាតំណាងភាគីកម្មករនិយោជិត និងលោក Mike Ngai ជាតំណាងភាគីក្រុមហ៊ុន។ សេចក្តីប្រកាស លើកឡើងថា ក្រោយការប្រជុំពិភាក្សា ភាគីទាំងពីរ នៅតែមិនទាន់ព្រមព្រៀងក្នុងការបញ្ចប់ករណីវិវាទនៅឡើយ ដោយសារ៖

១-តំណាងក្រុមហ៊ុន នឹងពិចារណា លើរូបមន្តក្នុងការគណនាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនបងប្អូនកម្មករនិយោជិត ចំនួន ៨៥នាក់ ដែលបានឯកភាព ទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ ក្រោមការសម្របសម្រួលរបស់ក្រសួង ប៉ុន្តែក្រុមហ៊ុនមិនព្រមទទួលយកកម្មករនិយោជិត ដែលកំពុងតវ៉ាផ្សេងទៀត ឲ្យចូលធ្វើការវិញទេ។ ២-តំណាងកម្មករនិយោជិត ទាមទារឲ្យដោះស្រាយជាកញ្ចប់ ដោយតម្រូវឲ្យក្រុមហ៊ុន ទទួលយកកម្មករនិយោជិត ដែលកំពុងតវ៉ា ឲ្យចូលធ្វើការជាមុន ទើបកម្មករនិយោជិត ចំនួន ៨៥នាក់ផ្សេងទៀត ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់។ ក្រុមអ្នកតវ៉ា នៅតែបន្តការតវ៉ា ហើយសាលារាជធានីភ្នំពេញ និងក្រសួងការងារ ក៏បានចេញប្រកាស ជាបន្តបន្ទាប់ឲ្យក្រុមអ្នកតវ៉ា ផ្អាកការប្រមូលធ្វើបាតុកម្ម ដែលជាបាតុកម្មខុសច្បាប់ ហើយស្វែងរកដំណោះស្រាយតាមច្បាប់ការងារ ដោយមានទាំងការប្តឹងទៅតុលាការ ផងដែរ។ ប៉ុន្តែក្រុមបាតុករ នៅបន្តការតវ៉ា រហូតដល់មានការចាប់ខ្លួនមេដឹកនាំបាតុកម្ម ៩នាក់ កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាយប់ឆ្លងឆ្នាំសកលតែម្តង៕

ដកស្រង់ពី៖ កោះសន្តិភាព