Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ បំបែកសំបុក​ក្រុម​ចោរ ចាប់ខ្លួន​ ៥​នាក់ ក្នុង​ចំណោម​បក្ខពួក​ ៩​នាក់

  • បោះពុម្ព

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ កម្លាំងនគរបាលស្រុកព្រៃនប់ កម្លាំងនគរបាលស្រុកកំពង់សីលា និងកម្លាំងនគរបាលស្រុកស្ទឹងហាវ បានបំបែកសំបុកក្រុមចោរ (ធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ) ដោយកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ចំនួន ៥នាក់ ក្នុងចំណោមបក្ខពួក ៩នាក់ ។

ករណីធាក់ប្លន់ និងកាប់យកទ្រព្យសម្បត្តិនេះ កើតឡើងកាលពីវេលាម៉ោង ២០និង៣០នាទីនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយជនសង្ស័យ មានគ្នា០៥នាក់ ជិះម៉ូតូ ០២គ្រឿង (ម៉ាកហុងដា ស្គុបពី ស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខ កំពត 1S-8446 និងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ កំពត 1R-7442) បានធ្វើសកម្មភាព ធាក់ផ្តួលម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូ ធ្វើដំណើរតាមផ្លូវ ដោយបុរសជាអ្នកបើកម៉ូតូ រីឯនារីជាសង្សារជិះពីក្រោយ បណ្តាលឲ្យដួលរងរបួស បន្ទាប់មកក្រុមជនសង្ស័យ បានប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយទៅលើជនរងគ្រោះបន្ថែមទៀត ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1R-6102 ព្រមទាំងប្លន់យកកាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ មានទូរស័ព្ទដៃ ០២គ្រឿង ម៉ាក iPhone11 pro ពណ៌ខ្មៅ iPhone8 ពណ៌ខ្មៅ និងគ្រឿងសម្អាងមួយចំនួន កាបូបតូចវែង ០១ ពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) និងកាត់ផ្សេងៗ មួយចំនួន រួចជិះគេចខ្លួនបាត់ ។

ជនរងគ្រោះទាំង ០២នាក់ រួមមាន ៖ទី១-ឈ្មោះ តាត់ ភត្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ វិមានខ្សាច់ស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ និងទី២-ឈ្មោះ ប្រាក់ ច័ន្ទដាលីន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារដែលបាត់បង់ រួមមាន ៖ -ម៉ូតូ ០១គ្រឿង ម៉ាក Honda Scoppy-I -កាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ -ទូរស័ព្ទដៃ ០២ គ្រឿង (ម៉ាក iPhone11 pro និង iPhone8) -គ្រឿងសម្អាងមួយចំនួន -កាបូបលុយតូចវែង ០១ ពណ៌ខ្មៅ -លុយខ្មែរ ចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល) -អត្តសញ្ញាណប័ណ្ណ ០២សន្លឹក និងកាតចាក់វ៉ាកសាំង ០២សន្លឹក ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ កម្លាំងនគរបាលស្រុកព្រៃនប់ កម្លាំងនគរបាលស្រុកកំពង់សីលា និងកម្លាំងនគរបាលស្រុកស្ទឹងហាវ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមដងផ្លូវត្រង់ចំណុចសំខាន់ ដើម្បីចាំស្ទាក់ចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង២១និង១៥នាទីយប់ថ្ងៃដដែល ទើបធ្វើការស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ជាជនជាតិខ្មែរ នៅចំណុចផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រីឯជនសង្ស័យ ០១នាក់ ទៀត ជាជនជាតិខ្មែរ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ កម្លាំងសមត្ថកិច្ចយើងកំពុងស្វែងរកចាប់ខ្លួន ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវរហូតដល់វេលាម៉ោង០៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ធ្វើការចាប់ឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យបាន ០១នាក់ទៀត ជាជនជាតិខ្មែរ ភេទប្រុស ។ ជនសង្ស័យទាំង០៥នាក់ រួមមាន ៖

១-ឈ្មោះ ហុក ចិត្រា ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ រាជធានីភ្នំពេញ (មិនពិតប្រាកដ) ។

២-ឈ្មោះ ព្រំ ឈៀងសៀវថង ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសឹង ឃុំរការខ្នង ស្រុកដូនកែវ ខេត្តតាកែវ ។

៣-ឈ្មោះ ហន ប៊ុនថុង ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

៤-ឈ្មោះ យ៉ាង វាសនា ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកប្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ។

៥-ឈ្មោះ អំ ពេជ ហៅ ពេជ្រ ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។

វត្ថុតាង ដកហូតបាន រួមមាន ៖ -កាំប៉ិតបុ័ងតោ ០១ដើម (ឧបករណ៍ធ្វើសកម្មភាព) -កាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ មានគ្រឿងសម្អាងមួយចំនួន (ផលនៃអំពើប្លន់) -កាបូបលុយតូចវែង ០១ ពណ៌ខ្មៅ មានកាត់ផ្សេងៗមួយចំនួន (ផលនៃអំពើប្លន់) -ទូរសព្ទដៃ ០១គ្រឿង ម៉ាក iPhone11 pro ពណ៌ខ្មៅ (ផលនៃអំពើប្លន់) -ម៉ូតូចំនួន ០៥គ្រឿង រួមមាន ៖ ១-ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ កំពត 1R-7442 (មធ្យោបាយជិះធ្វើសកម្មភាព និងជាផលនៃអំពើប្លន់នៅខេត្តកំពត) ២-ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ គ្មានស្លាកលេខ (ផលនៃអំពើប្លន់) ៣-ម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខៈ ព្រៃវែង 1R-6102 (ផលនៃអំពើប្លន់) ៤-ម៉ាក Honda Scoppy ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខៈ កំពត 1S-8446 (មធ្យោបាយជិះធ្វើសកម្មភាព) ៥-ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខៈ កំពត 1Q-7988 (មធ្យោបាយជិះធ្វើសកម្មភាព) ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ក្រុមបក្ខពួករបស់គេ ដែលចេញធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ សរុបមានគ្នា ចំនួន ០៩នាក់ ដោយបច្ចុប្បន្ន ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន ០៥នាក់ ។ បើតាមប្រវត្តិធ្វើសកម្មភាព ដែលបានប្រព្រឹត្តកន្លងមក ៖

១-នៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃបានចំនួន ០៨ករណី ។

២-នៅខេត្តកំពត ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ បានចំនួន ០៥ករណី ។

៣-នៅរាជធានីភ្នំពេញ ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ ,កាំប៉ិតបុ័ងតោ ,ដំបងដែក កាប់ និងវាយប្លន់យកម៉ូតូព្រមទាំងសម្ភារមានតម្លៃ បានចំនួន ០៦ករណី ។

៤-នៅខេត្តតាកែវ មានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ ផងដែរ ។

ចំពោះជនសង្ស័យ ទាំង៥នាក់ខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំពោះបក្ខពួករបស់ជនសង្ស័យដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន មកផ្ដន្ទាទោសតាមច្បាប់ផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព