Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចៅក្រម​សម្រេច​ឃុំខ្លួន​អតីត​សង្ឃ ពឿ​យ មេត្តា ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ី បណ្តោះអាសន្ន ពាក់ព័ន្ធ ៦​បទល្មើស

  • បោះពុម្ព

លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានសម្រេចចេញដីកា ឃុំខ្លួនអតីតសង្ឃ ពឿយ មេត្តា ដាក់ពន្ធនាគារ(ប៉េហ្ស៊ី) ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ៦បទល្មើស ។

អតីតចៅអធិការ ពឿយ មេត្តា អាយុ៤៧ឆ្នាំ កម្រិតវប្បធម៌អនុបណ្ឌិតរដ្ឋបាលសាធារណៈ មានទីកន្លែងកំណើតនៅភូមិឫស្ដកណ្តាល សង្កាត់ឈ្មួញមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ អាសយដ្ឋានមុនឃាត់ខ្លួនស្នាក់នៅវត្តកោះមេត្តពោធិ៍វង្ស ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនជាប់ចោទ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ទី១-ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ទី២-បទ ក្លែងបន្លំ ទី៣-បទ ប្រើប្រាស់លិខិតក្លែង ទី៤-បទ ក្លែងបន្លំឯកសារសាធារណៈ ទី៥-បទ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងទី៦-បទ ញុះញុងឲ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០២១ ដែលបទល្មើសនេះមានបញ្ញត្តិ នឹងឲ្យផ្តន្ទាទោសតាមមាត្រា ៣០៥ មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការស៊ើបសួរ លើអតីតសង្ឃ ពឿយ មេត្តា ដែលពាក់ព័ន្ធទៅនឹងបណ្តឹងរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង នឹងបានប្រគល់ជនសង្ស័យ ទៅឲ្យសមត្ថកិច្ចគ្រប់គ្រងវិញ លុះព្រឹកថ្ងៃទៅ១៧ ខែមករា សំណុំរឿងនេះ ត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមសាកសួរ ដើម្បីសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនសង្ស័យ នោះជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានបើកការស៊ើបសួរលើ អតីតសង្ឃមួយអង្គ ពាក់ពន្ធសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ, ប្រើប្រាស់ត្រាក្លែងក្លែង, បន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, ញុះ ញង់ឲ្យមានការរើសអើង និងបាតុកម្ម តាមពាក្យបណ្តឹងអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង ។ ជនជាប់សង្ស័យអតីតសង្ឃ ពឿយ មេត្តា ត្រូវបានសមត្ថកិច្ចនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងតាមពាក្យបណ្តឹងសុំអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង ។

តាមប្រភពព័ត៌មានឲ្យដឹងថា ការចាប់ខ្លួនអតីតសង្ឃនេះ ធ្វើឡើងក្រោយពីមានការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ មុខភូមិគ្រឹះលោក ស្រីឧកញ៉ា សៀង ចាន់ហេង ពាក់ព័ន្ធដីវត្តនៅប្រទេសជប៉ុន ។ យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បង្ហាញឲ្យឃើញថា អតីតសង្ឃ ពឿយ មេត្តា ត្រូវចូលបង្ហាញខ្លួននៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ។ ដើមចម នៃការចាប់ខ្លួនអតីតសង្ឃនោះ បានបញ្ជាក់ថា សង្ឃដីកាសម្រេចមួយ ស្ដីពី ដំណោះស្រាយករណីអធិករណ៍ នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ហៅវត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន បានចេញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ មានរហូតដល់ចំនួន៩ ប្រការ ។

ក្នុងសង្ឃដីកាសម្រេចនេះ គឺបានថ្វាយប្រគល់សិទ្ធិគ្រប់គ្រង និងកាន់កាប់ដីវត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន ដល់គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទុកជាគរុភ័ណ្ឌសង្ឃ និងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជា តទៅ ។ ជាមួយគ្នានោះ សង្ឃដីកាសម្រេច ក៏បានឲ្យព្រះទេវសត្ថា ពឿយ មេត្តា និងក្រុមការងារត្រូវបញ្ចប់អធិករណ៍ ការតវ៉ា និងការទាមទារដីវត្តលោកយាយជំទាវហេង ព្រមទាំងសំណងពីគ្រប់ភាគីទាំងអស់ ក្នុងអធិករណ៍នេះ ពេលនេះតទៅ ។ សង្ឃដីកាសម្រេចនេះ ក៏បានព្រមានដែរថា «ក្នុងករណីមិនគោរពតាមសង្ឃដីកាសម្រេចនេះ សាមីខ្លួនត្រូវទទួលខុសត្រូវចំពោះ មុខវិន័យនិងច្បាប់ជាធរមាន» ។ ដូច្នេះអតីតសង្ឃ ពឿយ មេត្តា អាចនឹងពាក់ព័ន្ធដីកាសម្រេច ដូចរៀបរាប់ខាងលើនេះ ទើបត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការនោះ ៕

ដកស្រង់ពី៖ កោះសន្តិភាព