Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹម​១​យប់​បាត់​អស់​៦​គ្រឿង ម្ចាស់​ម៉ូតូ​ម្នាក់​ៗ​បាន​ត្រឹមតែ​ស្រឡាំងកាំង

  • បោះពុម្ព

ត្រឹមតែរយៈពេលតែ១យប់តែប៉ុណ្ណោះ ម៉ូតូចំនួន៦គ្រឿងដែលម្ចាស់ទុកនៅក្នុងបន្ទប់ផ្ទះជួល ត្រូវបានចោរគាស់ទ្វារ និងកាត់សោលួចយកទៅបាត់អស់ ខណៈពេលដែលម្ចាស់រវល់លង់លក់ក្នុងដំណេក លុះវេលាជិតភ្លឺទើបដឹង និងមានការភ្ញាក់ផ្អើលឆោឡោ ព្រមទាំងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឲ្យជួយអន្តរាគមន៍គ្រប់ៗគ្នាតែម្តង ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅចំណុចទីតាំងបន្ទប់ជួល ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ម៉ូតូដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់នោះ រួមមាន ៖

១- ម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1G-9343,

២- ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១,

៣- ម៉ាកហុងដា Zimmerman-X,

៤- ម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី,

៥- ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦

៦- ម៉ាកហុងដាវ៉េវ។

ដោយឡែកម្ចាស់ម៉ូតូត្រូវបានគេស្គាល់ចំនួន២នាក់ ក្នុងនោះម្នាក់មានឈ្មោះ ម៉េត ស្រីគីម ភេទស្រី អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ រ័ត្ន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុដូចគ្នា រីឯម្ចាស់ម៉ូតូចំនួន៤នាក់ទៀត ពុំត្រូវស្គាល់ឈ្មោះឡើយ។បើតាមម្ចាស់ម៉ូតូខាងលើ បាននិយាយឱ្យដឹងថា នៅវេលាយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ក្រោយពេលត្រឡប់មកពីធ្វើការវិញ ពួកគាត់បានទុកម៉ូតូនៅក្នុងបន្ទប់ជួលដូចរាល់ថ្ងៃដែរ ដោយបន្ទប់មួយទុកចំនួន២គ្រឿង និងបន្ទប់មួយទៀតទុកចំនួន៤គ្រឿង។

បន្ទាប់មក ក៏បាននាំគ្នាចូលដេកហើយក៏លង់លក់រហូតដល់វេលាម៉ោង៤ជិតភ្លឺឈានចូលថ្ងៃទី៣១ ខែមករា ទើបភ្ញាក់ពីដំណេក ស្រាប់តែឃើញទ្វាររបើក និងសោទ្វាររប៉ាត់រប៉ាយ ហើយក៏បាត់ម៉ូតូអស់តែម្តង។ប្រភពដដែលបានបន្តទៀតថា ខណៈពេលនោះ ម្នាក់ៗបានត្រឹមតែស្រឡាំងកាំងតែប៉ុណ្ណោះ ដោយពុំដឹងថា ក្រុមចោរមានគ្នាប៉ុន្មាននាក់ ហើយចូលលួចយកម៉ូតូទៅបាត់តាំងពីពេលណាឡើយ ។ ម្យ៉ាងទៀត ក៏ពុំដឹងថា លួចជិះយកទៅ ឬក៏លួចដឹកតាមរថយន្តតែម្ដងនោះទេ ។ លុះព្រឹកឡើង ម្ចាស់ម៉ូតូមួយចំនួនក៏បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ភ្លាមៗ ហើយអ្នកខ្លះទៀតក៏បាននាំគ្នាដើររក រីឯអ្នកខ្លះមានការត្រូវធ្វើដំណើរទៅស្រុកកំណើតក៏ទៅសិនទៅ រួចទើបទៅដាក់ពាក្យប្ដឹងតាមក្រោយ។ ចំណែកនគរបាល ក៏បានកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមចោរ ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំទាន់រកឃើញ និងចាប់បានក្រុមចោរនៅឡើយទេ៕

ដកស្រង់ពី៖ កោះសន្តិភាព