Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆក់​ដូច​ព្យុះ មួយ​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​ចោរឆក់ ២​ករណី

  • បោះពុម្ព

ក្រុមចោរ«ឆក់» ហាក់កំពុងបង្កើនសកម្មភាពយ៉ាងគគ្លើន នាប៉ុន្មានខែចុងក្រោយនេះ ទាំងនៅក្នុងក្រុងបាត់ដំបង និងតាមបណ្ដាស្រុកមួយចំនួន តែត្រូវបានកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ខណៈកម្លាំងនៅតាមមូលដ្ឋានសំងំដេកលក់ស្ងាត់ឈឹង ។

ជាក់ស្ដែង កាលពីរសៀលថ្ងៃទី០៧ មិថុនា កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការស្រាវជ្រាវបង្ក្រាបក្រុមចោរ«ឆក់»នេះ បានចំនួន០២ករណីជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នា និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក នៃក្រុមនីមួយៗជាច្រើននាក់ ។ យោងតាមរបាយការណ៏ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា លើកទី១ នៅរសៀលថ្ងៃទី០៧ មិថុនា នៅចំណុចភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង កម្លាំងជំនាញ ដែលដឹកនាំដោយ លោក ឈឿង គឹមសុង ប្រធានការិយាល័យជំនាញនេះ ក្រោមបញ្ជាផ្ទាល់ពីលោកស្នងការ និងតំណាងអយ្យការអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង សៀក ហ៊ ហៅហ៊ួរ ប្រុសអាយុ១៧ឆ្នាំ នៅភូមិកំពង់សីម៉ា សង្កាត់វត្តគេ ។ ចម្លើយសារភាពរបស់ជននេះថា ខ្លួននិងបក្ខពួកចំនួន០៤នាក់ទៀត បានជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាព«ឆក់យកកាបូប»ពីស្ត្រីម្នាក់ នៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី ២៤ មេសា ហើយពួកខ្លួនបានជិះគេចខ្លួនភ្លាមៗ តែរហូតដល់ថ្ងៃទី០៧ មិថុនា ក៏ត្រូវសមត្ថកិច្ចក្របួចកជាប់ល្មម ។

ខ្លួនស្មានតែគេភ្លេចហើយ! ។ ដោយឡែក ការបង្ក្រាបលើកទី២ គឺក្រោយការបង្ក្រាបលើកទី១ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងថ្ងៃដដែលនេះ កម្លាំងការិយាល័យដដែលបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលធ្វើសកម្មភាព«ឆក់»ដូចគ្នាដែរ តែក្នុងហេតុការដាច់ដោយឡែកពីគ្នា ។ ជននេះឈ្មោះ ធា ឆេង អាយុ១៩ឆ្នាំ រស់នៅភូមិច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ។ បើតាមរបាយការណ៏បានឲ្យដឹងថា ជននេះនឹងបក្ខពួកចំនួន០២នាក់ទៀត បានជិះម៉ូតូធ្វើសកម្មភាព«ឆក់យកទូរស័ព្ទ»ពីមនុស្សប្រុសម្នាក់ កាលពីយប់ថ្ងៃទី០៣ ឧសភា កន្លងទៅនេះដែលកំពុងធ្វើដំណើរ ត្រង់ចំណុចក្បែររង្វង់មូលលោកតាដំបងគ្រញូង ក្នុងក្រុងបាត់ដំបង។ ជនសង្ស័យឈ្មោះ ធា ឆេង នេះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនមានបក្ខពួកចំនួន០២នាក់ទៀត ដែលកំពុងគេចខ្លួន។ ពួកខ្លួនពិតជាបាន«ឆក់យកទូរស័ព្ទ» នៅចំណុចខាងលើមែន ។ សូមបញ្ជាក់ថា បើពិនិត្យលើសកម្មភាពអំពើចោរកម្ម ដែលបាននិងកំពុងកើតឡើងនាពេលនេះ គឺកើតឡើងស្ទើររាល់យប់ថ្ងៃនិងស្ទើរគ្រប់ទីកន្លែង ទាំងនៅក្នុងក្រុង ទាំងនៅតាមបណ្ដាស្រុក ។ ករណីខ្លះត្រូវបានមន្ត្រីថ្នាក់ក្រោម នាំគ្នាលាក់បាំង មិនរាយការណ៏ជូនមេទេ ព្រោះខ្លាចថ្នាក់ជាតិដឹងអំពីភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមឬថ្នាក់មូលដ្ឋាន ។

រីឯករណីខ្លះទៀត ត្រូវបានមន្ត្រីថ្នាក់ក្រោមស្ទុះស្ទារ ចុះសួរនាំជនរងគ្រោះធ្វើរបាយការណ៏ជូនថ្នាក់លើបានជ្រាបជាដំណឹងដែរ ។ ប៉ុន្តែក៏ព្រោះតែករណីទាំងនោះ ត្រូវបានបណ្ដាញសង្គមបង្ហោះ ឬថ្លោះថ្លោយបែកដល់អ្នកសារព័ត៏មានយកទៅទម្លាយជាសាធារណៈដែរ ទើបលោកមន្ត្រីមូលដ្ឋានធ្វើរបាយការណ៏ជូនលោកធំ បើមិនដូច្នេះទេ ត្រូវថ្នាក់ក្រោមបិទសំណុំរឿងស្ងាត់ឈឹងតែម្ដង ។ មិនតែប៉ុណ្ណោះ មន្ត្រីតាមអធិការមួយចំនួន ថែមទាំងមិនខ្ចី ទទួលបណ្ដឹងជនរងគ្រោះទៀតផង ។

ករណីបែបនេះ ធ្លាប់កើតមានញឹកញ៉ាប់ណាស់ ពិសេសនៅក្នុងអធិការក្រុងបាត់ដំបង ។ យ៉ាងណាក្ដី ជុំវិញការបង្ក្រាបអំពើ«លួចមានស្ថានទម្ងន់» ចំនួន០២ករណីខាងលើនេះ លោក ឈៀង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្លាំងជំនាញរបស់លោកបានធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនមុខសញ្ញា«ឆក់ ឬលួចមានស្ថានទម្ងន់» បានចំនួន០៣ករណីហើយ ដែលឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ក្នុងចំណោមបក្ខក្រុមនេះជាច្រើននាក់ទៀត ដែលកំពុងគេចខ្លួន ។ លោកបានបញ្ជាក់ថា ជនសង្ស័យចំនួនចំនួន០២នាក់ ដែលបានឃាត់ខ្លួនក្នុងបទល្មើស ដាច់ដោយឡែកពីគ្នានេះ ត្រូវបានលោកស្នងការបញ្ជាឲ្យកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព