ចោរចូលស៊ីគ្រឿងសង្ហារឹមក្នុងវីឡាមួយដែលម្ចាស់កំពុងនៅUSA
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
ឈើប្រណីត និងគ្រឿងសង្ហារឹមដែលមានតម្លៃទុកនៅក្នុងវីឡាបិទទ្វារទុកចោលមួយកន្លែង នៅក្នុងភូមិរំចេករំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវចោរចូលលួចដឹកយកអស់គ្មានសល់ ខណៈម្ចាស់វីឡាកំពុងរស់នៅសហរដ្ឋអាមេរិក តែសាច់ញាតិម្ចាស់ផ្ទះទើបដឹងនៅព្រឹកថ្ងៃទី៨ សីហា នេះ ដែលគិតជាទឹកប្រាក់ប្រមាណជាង១.៥០០០ដុល្លារ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះវិឡាដ៏ធំស្គឹមស្គៃនោះ មានម្ចាស់ឈ្មោះ ថាំ ថា ភេទស្រី អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក ។ វីឡារបស់គាត់ហ៊ុមព័ទ្ធទៅដោយរបងថ្មខ្ពស់ត្រដែត ហើយគាត់បិទទ្វារទុកចោលគ្មានមនុស្សស្នាក់នៅទេ ។ ប្រភពដដែលបានប្រាប់ថា គេមិនបានដឹងឲ្យប្រាកដអំពីពេលវេលានៃការបាត់បង់នោះទ្រព្យសម្បត្តិនៅក្នុងវីឡានោះទេ តែកូនក្មួយម្ចាស់ផ្ទះបានដឹង នៅព្រឹកថ្ងៃទី៨ សីហា ពេលទៅមើលវីឡានោះ ហើយក៏មានការភ្ញាក់ផ្អើល និងរាយ ការណ៍ប្ដឹងទៅសមត្ថកិច្ចតែម្ដង ។
លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង មិនទាន់ផ្ដល់ព័ត៌មានជាក់លាក់អំពីករណីចោរកម្ម នេះនៅឡើយទេ ដោយលោកបានប្រាប់ថា ពេលនេះ មន្ត្រីជំនាញរបស់លោកកំពុងចុះពិនិត្យ និង ធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុនៅឡើយ ។ ប៉ុន្តែលោក ពេជ្រ សារ៉ែន បានដាក់ការសង្ស័យ ជំហាបដំបូងយ៉ាងដូច្នេះថា «យើងកំពុងមានការសង្ស័យករណីចោរលួចឈើប្រណីតនិងគ្រឿងសង្ហារឹមនៅក្នុងវីឡានោះ ជារឿងមិនប្រក្រតី។
អាចជាចោរផ្ទៃក្នុង ព្រោះបើតាមមើលទំហ៊ុមឈើ និងគ្រែធំៗនៅក្នុងវីឡានោះសុទ្ធតែប្រភេទឈើល្អ មានទំហំធំចោរខាងក្រៅមិនអាចមានឱកាស លើកចេញ និងដឹកជញ្ជូនចេញពីក្នុងវិឡាដោយងាយៗនោះទេ ខ្ញុំសង្ស័យជារឿងមិនប្រក្រតី តែពេលនេះមន្ត្រីជំនាញកំពុងធ្វើស៊ើបអង្កេតហើយ»។យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា សម្ភារដែលបាត់បង់រួមមាន គ្រែចំនួន០២ ឈើទ្វារ ឈើសន្លឹកគ្រែ ម៉ាស៊ីនទឹកក្ដៅ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ និងក្រណាត់ខោអាវល្អៗមួយចំនួនទៀត ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា គ្រែ និងឈើដែលត្រូវលោកចោរលួចយកទៅនោះ សុទ្ធតែជាប្រភេទឈើប្រណិត និងគ្រែដែលមានតំលៃថ្លៃៗបំផុត ដែលប៉ាន់ប្រមាណជាទឹកប្រាក់សរុបជាង១.៥០០០ដុល្លារ ។យ៉ាងណាក្ដី នេះគ្រាន់តែរបាយការណ៍បឋមប៉ុណ្ណោះ ដែលសមត្ថកិច្ចទទួលបានពីសាច់ញាតិម្ចាស់ផ្ទះ។ ពេលនេះ សមត្ថកិច្ចកំពុងនៅត្រូតពិនិត្យទីតាំងកើតហេតុ និង ធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យឲ្យជាក់លាក់ថា តើអំពើចោរកម្មនេះ ប្រព្រឹត្តឡើងដោយចោរពីក្រៅរបង ឬ ចោរនៅក្នុងរបង ? ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ដកស្រង់ពី៖ កោះសន្តិភាព