Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី​ចម្លែក​នៅ​សិង្ហបុរី, កុមារី​ម្នាក់​ស.ម្លា.​ប់​ជីតា រួច​ស.ម្លា.ប់​ខ្លួន​ឯង

  • បោះពុម្ព

សិង្ហបុរី៖ មានហេតុការណ៍ចម្លែកមួយកើតឡើងនៅប្រទេសសិង្ហបុរី។ នារីវ័យជំទង់អាយុ១៥ឆ្នាំចាប់សម្លាប់ជីតារបស់ខ្លួន រួចហើយលោតពីលើផ្ទះកម្ពស់២៥ជាន់សម្លាប់ខ្លួនឯងថែមទៀត។ ស្ត្រីជាម្ដាយជនដៃដល់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញឃើញឪពុកក្មេករបស់ខ្លួនវ័យ៨៤ឆ្នាំដេកស្លាប់ និងឃើញកូនកាំបិតប្រឡាក់សុទ្ធតែឈាម។

ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ហើយត្រូវតុលាការបើកសវនាការប្រកាសអំពីការរកឃើញរបស់ខ្លួនក្រោយការស៊ើបអង្កេតដ៏យូរ។ លោកតាធីវអាននី (Teo An Nee) ត្រូវចៅស្រីចាក់ឡើងសុសពេញខ្លួន ហើយដេកស្លាប់ច្រងាងផ្ងារខ្លួនឡើងលើនៅក្នុងផ្ទះល្វែងដែលគាត់រស់នៅជុំគ្នាជាមួយកូនប្រុស កូនប្រសាស្រី និងចៅស្រីដែលយកកាំបិតចាក់សម្លាប់គាត់។ នេះជាសោកនាដកម្មទ្វេគ្រោះព្រោះនៅថ្ងៃនោះ បន្ទាប់ពីចាក់សម្លាប់ជីតារបស់ខ្លួនរួច កុមារីឈ្មោះអេលីស ធីវ (Ellis Teo) ក៏ធ្វើអត្តឃាតតាមក្រោយ។ គេប្រទះឃើញសាកសពរបស់នាងនៅលើវាលស្មៅដែលឃ្លាតឆ្ងាយត្រឹមតែប៉ុន្មានខុនដូប៉ុណ្ណោះពីផ្ទះរបស់នាង។ យោងតាមការស៊ើបអង្កេត រឿងនេះពាក់ព័ន្ធតែ២នាក់ជីតា និងចៅស្រីប៉ុណ្ណោះ មិនមានឡូកឡំជាមួយភាគីទីបីទេ។ នាងអេលីស ធីវ រស់នៅជាមួយប៉ាម៉ាក់ និងជីតាក្នុងផ្ទះល្វែងតាមបណ្ដោយផ្លូវ៣១។ នៅថ្ងៃកើតហេតុនោះ ប៉ាម៉ាក់ចេញទៅធ្វើការអស់។ ជីតារបស់នាងធ្វើដំណើរចូលទៅក្នុងផ្ទះនៅម៉ោង២:៣០រសៀល។ នៅម៉ោង៥រសៀល នាងធីវដើរចេញពីក្នុងផ្ទះល្វែងដោយមានកាន់របស់អ្វីម៉្យាងនៅដៃខាងឆ្វេង។

នេះបើយោងតាមរូបវីឌីអូឃ្លីបដែលទាញចេញពីកាមេរ៉ាសុវត្ថិភាព។ តាមរយៈកំណត់ត្រារបស់ការិយាល័យដឹកជញ្ជូនសាធារណៈ គេដឹងថានាងធីវបានធ្វើដំណើរតាមរថភ្លើងទៅប្លុក១១៥ តាមបណ្ដោយផ្លូវលេខ៦។ បន្ទាប់មក នាងឡើងតាមជណ្ដើរយន្តទៅជាន់ទី២៥ និងលោតសម្លាប់ខ្លួនតែម្ដង។ ម្ដាយប្រាប់ថាកូនស្រីបាននិយាយទូរស័ព្ទទៅខ្លួនចំនួន២ដងនៅថ្ងៃកើតហេតុនោះ។ នាងប្រាប់ម្ដាយថាកុំទិញទឹកដោះគោឱ្យនាងអីព្រោះថ្ងៃនេះនាងមិនចូលផ្ទះទេ។ នាងថានាងបានប្រព្រឹត្តទង្វើដ៏អាក្រក់មួយ។

បើម៉ាក់ដឹងការពិត ម៉ាក់ប្រាកដជាខឹងនឹងនាងហើយ។ គ្រាន់តែស្ដាប់ឮពាក្យបែបហ្នឹង ម្ដាយមានអារម្មណ៍ថាកូនស្រីហាក់ដូចជាប្លែកខុសពីធម្មតា។ ប៉ុន្តែម្ដាយមិនទាន់ដឹងច្បាស់ថាមានរឿងអ្វីកើតឡើងទេ។ ម្ដាយចេញពីកន្លែងធ្វើការទៅដល់ផ្ទះវិញនៅម្ដុំម៉ោង៥:៣០ល្ងាច ហើយឃើញឆ្កែមួយក្បាលរត់ទៅបក់កន្ទុយទទួលដោយមានប្រឡាក់ឈាមនៅនឹងមាត់របស់ឆ្កែ។ ម្ដាយក៏ចូលឆែកមើលក្នុងបន្ទប់របស់ប៉ាក្មេក ឃើញគាត់ដេកស្លាប់ក្បែរបង្គន់ ជាលក្ខណៈផ្ងារខ្លួនឡើងលើ។ នៅខាងស្ដាំសាកសព ម្ដាយរកឃើញកូនកាំបិតមួយនៅក្បែរចានបង្គន់។ នៅពេលឪពុករបស់នាងតូចទាក់ទងហៅឡានពេទ្យ ម្ដាយរបស់នាងក៏គិតថាត្រូវតែរើសកំាបិតប្រឡាក់ឈាមលាងទឹកឱ្យស្អាត ហើយយកទៅសៀតនៅលើធ្នើផ្ទះបាយ។ លទ្ធផលពិនិត្យសាកសពបង្ហាញថាលោកតាធីវត្រូវចៅស្រីចាក់ឡើងសុសសាច់មិនក្រោម៧កាំបិតទេ។ អាវសិស្សសាលារបស់នាងត្រូវគេប្រទះឃើញនៅក្នុងធុងទឹកជូតឥដ្ឋដែលប្រឡាក់សុទ្ធតែឈាមរបស់ជីតា។

គេយកកាំបិតមកពិនិត្យឌីអឹនអេឃើញថាមានឌីអឹនអេរបស់លោកតាធីវ។ ប៉ុន្តែឌីអឹនអេរបស់កុមារីនោះពិនិត្យមិនឃើញទេ។ ប្រហែលជាមកពីម្ដាយនាងលាងសម្អាតកាំបិតនោះខ្លាំងពេកធ្វើឱ្យបាត់ដានឌីអឹនអេអស់រលីង។ អាថ៌កំបាំងនៅពីក្រោយគម្រោងធ្វើអត្តឃាត បន្ទាប់ពីរកឃើញសាកសពមនុស្សទាំង២នាក់នេះ សមត្ថកិច្ចឆែកឆេរបន្ទប់របស់កុមារីធីវ និងរកឃើញសៀវភៅកំណត់ហេតុរបស់នាងដែលកត់ត្រាប្រវត្តិនៃវិបត្តិផ្លូវចិត្តរបស់នាង និងគម្រោងធ្វើអត្តឃាត។ នៅក្នុងកំណត់ហេតុចុះឆ្នាំ២០២១នោះ នាងសរសេររៀបរាប់អំពីអារម្មណ៍ឯកោ និងផែនការបញ្ចប់ជីវិតខ្លួនឯង។ នាងចង់សម្លាប់ខ្លួនដោយលោតពីលើផ្ទះថ្មដែលស្ថិតនៅខាងក្រោយផ្ទះរបស់បងប្អូនជីដូនមួយ។ ទីនោះស្ថិតនៅកៀកនឹងកន្លែងដែលគេរកឃើញសាកសពរបស់នាង។ សៀវភៅកំណត់ហេតុនោះមិនបាននិយាយអំពីគម្រោងមិនល្អដែលនាងប្រុងធ្វើចំពោះជីតារបស់នាងទេ។ គ្រាន់តែថានៅក្នុងសៀវភៅនោះមានចំណុចមួយបង្ហាញថានាងមានបញ្ហាពិបាកនៅក្នុងទំនាក់ទំនងរវាងជីតា និងចៅស្រី។ នាងសរសេររៀបរាប់ថានាងពិបាកនិយាយជាមួយគាត់ និងពិបាកបង្រៀនគាត់ឱ្យចេះនិយាយទូរស័ព្ទ។ នាងមិនសូវចេះនិយាយភាសាចិនកុកងឺទេ។ បញ្ហានេះទោះបីនាងខិតខំយ៉ាងណាក៏មិនអាចជម្នះឧបសគ្គនេះបានឡើយ។ នៅក្នុងសៀវភៅកំណត់ហេតុនោះ នាងសរសេររៀបរាប់ថានាងមានប៉ាម៉ាក់ដ៏ល្អដែលយកចិត្តទុកដាក់ចំពោះរូបនាង ហើយនាងក៏ស្រឡាញ់ពួកគេផងដែរ។ សាច់ញាតិម្នាក់របស់កុមារីរូបនេះប្រាប់ថានាងប្រហែលជាទ្រាំលែងបានតទៅទៀតនឹងសំឡេងទូរស័ព្ទរោទិ៍មិនចេះឈប់របស់ជីតានាង។ នាងជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ ហើយពិបាកទ្រាំនឹងសំឡេងរំខាន។

ក៏ប៉ុន្តែនៅពេលសមត្ថកិច្ចឆែកមើលទូរស័ព្ទជីតារបស់នាង ពួកគេមិនបានរកឃើញការផ្ញើសារ, ការហៅទូរស័ព្ទ ឬការដាក់ម៉ោងរោទិ៍នៅអំឡុងពេលកើតហេតុនោះទេ។ សមត្ថកិច្ចគ្មានព័ត៌មាននៅក្នុងដៃដើម្បីជម្រាបជូនតុលាការអំពីហេតុការណ៍ដែលកើតឡើងមុនពេលកើតហេតុនៅពេលដែលមានតែចៅស្រី និងជីតាវ័យចាស់ជរានៅក្នុងផ្ទះល្វែងនោះតែពីរនាក់។ ឧបមាថាមានចោរចូលលួច ចូលប្លន់ក៏មិនត្រូវ ព្រោះសមត្ថកិច្ចធ្វើកោសល្យវិច័យក្នុងផ្ទះ និងរកឃើញថាគ្មានករណីអ្នកខាងក្រៅចូលទៅក្នុងផ្ទះនោះទេ។ នៅក្នុងផ្ទះ គេឃើញតែដានជើង និងឌីអឹនអេរបស់ជីតា និងចៅតែប៉ុណ្ណោះ។

សមត្ថកិច្ចយល់ថាប្រហែលជាមានអំពើហិង្សាកើតឡើងដែលប្រព្រឹត្តឡើងដោយកុមារីទៅលើជីតារបស់ខ្លួននៅក្នុងបន្ទប់របស់ជីតាក្បែរមាត់ច្រកចូលបង្គន់។ ប៉ុន្តែគេមិនយល់សោះថាកត្តាអ្វីដែលជំរុញឱ្យនាងធ្វើបែបនេះ។ មិត្តភក្តិរបស់នាងមានតម្រុយខ្លះៗតាំងពីដំបូងដៃអំពីគម្រោងធ្វើអត្តឃាត។ ប៉ុន្តែប៉ាម៉ាក់របស់នាងដែលរស់នៅក្បែរគ្នាបែរជាមិនអាចកាត់យល់ ឬមានចិត្តសង្ស័យចំពោះរឿងនេះសូម្បីតែបន្តិច។ ឥឡូវនេះ សមាជិកគ្រួសារខាងប្រពន្ធ និងខាងប្ដីសុខចិត្តរក្សាភាពស្ងប់ស្ងាត់។ ពួកគេហាក់ដូចជាមិនចង់ចូលរួមនៅក្នុងការស៊ើបអង្កេតរបស់ក្រុមកោសល្យវិច័យទេ។ ប៉ុន្តែសមត្ថកិច្ចបានព្រមានពីរនាក់ប្ដីប្រពន្ធនេះថាពួកគេអាចនឹងមានបញ្ហាបើមិនព្រមសហការជាមួយសមត្ថកិច្ចដើម្បីស្វែងរកការពិត៕

ដកស្រង់ពី៖កោះសន្តិភាព