Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះថ្នាក់ចរាចរណ៍ ៥ករណី កក្រើក នៅភ្នំពេញ រយៈពេល ២ខែ នៅខែធ្នូ និងខែមករានេះ​

  • បោះពុម្ព

ភ្នំពេញ៖ យ៉ាងហោចណាស់ មានគ្រោះថ្នាក់ចរាចរណ៍ ៥ករណី ដែលធ្វើឱ្យកក្រើកដល់មហាជន បានកើតឡើង នៅភ្នំពេញ នៅខែធ្នូ ឆ្នាំ២០២៣ និងនៅក្នុងខែមករា ឆ្នាំ២០២៤។

ក្នុងនោះ អ្នកបើកបរ ច្រើនតែស្រវឹងស្រា ហើយបង្កសោកនាដកម្មស្លា.ប់ និងរបួសច្រើននាក់។ ១.គ្រោះថ្នាក់ នៅមុខព្រលានយន្តហោះ កាលពីយប់ថ្ងៃទី២ធ្នូ ឆ្នាំ២០២៣៖ កាលពីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី រវាងរថយន្ត ១គ្រឿងម៉ាក Ford Mustang ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BW-0080 បើកបរដោយឈ្មោះ ជា ថាណាកា ហៅ ជា ណាកា ភេទស្រី អាយុ ២៥ឆ្នាំ បានបុកម៉ូតូអគ្គិសនី ១គ្រឿង ម៉ាក Sunra ពណ៌ខ្មៅ បើកបរដោយឈ្មោះ សុត មាល័យ ភេទប្រុស អាយុ ៣៧ឆ្នាំ។

បុរសអ្នកបើកបរម៉ូតូ ស្លា.ប់នៅកន្លែងកើតហេតុ។ ស្ត្រីអ្នកបើកបរ ត្រូវប៉ូលិសចា.ប់ខ្លួនភ្លាមៗ។ ២-យុវជនបើកឡាន Jeep បុកបុរសបើកបរម៉ូតូស្លា.ប់ នៅកន្លែងកើតហេតុ ហើយរត់គេចខ្លួន៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ យុវជនម្នាក់ បានបើកឡានទំនើបម៉ាក Jeep ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2CB-9963 បុកម៉ូតូ នៅផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឱ្យស្លាប់បុរសម្នាក់ ជាអ្នកបើកបរម៉ូតូ។ រហូតដល់រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ទើបយុវជន អ្នកបើកបរឡាន Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ចូលសារភាព នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

តុលាការ បានចោទប្រកាន់ និងឃុំខ្លួនអ្នកបើកបរឡានបុកមនុស្សស្លា.ប់នេះ នៅពន្ធនាគារ PJ។ ៣-អ្នកបើកបរ ហាំម័រ បុកម៉ូតូជិះ ៣នាក់ ឪពុក-ម្តាយ-កូនតូច បណ្តាលឱ្យស្លា.ប់ ម្តាយ និងកូន ហើយឪពុករបួសធ្ងន់៖ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្តទំនើបម៉ាក ហាំម័រ (Hummer) បានបើកបរក្នុងល្បឿនលឿន បុកអ្នកជិះម៉ូតូ ១គ្រួសារ ៣នាក់ បណ្តាលឱ្យស្ត្រី និងកុមារតូច ស្លា.ប់នៅកន្លែងកើតហេតុ ហើយបុរស ជាប្តី និងជាឪបុក ដែលជាអ្នកបើកម៉ូតូ រងរបួសធ្ងន់។

ហេតុការណ៍នោះ បានកើតឡើង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣។ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ទើបអ្នកបើកបររថយន្តស៊េរីទំនើប ម៉ាក ហាំម័រ (Hummer) ចូលខ្លួនសារភាពកំហុស នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អ្នកបើកបរឡាននោះ ឈ្មោះ យ៉េត ច័ន្ទគ្រឹះស្នា អាយុ ២៧ឆ្នាំ រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ៤-អ្នកបើកឡានស្រវឹង បុកម៉ូតូ ស្លា.ប់បុរសម្នាក់ នៅព្រែកព្នៅ៖ កាលពីម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បុរសម្នាក់ បានបើកបរឡាន FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL-6655 បើកបរក្នុងស្ថានភាពស្រវឹង បុកម៉ូតូ ដែលបើកបរដោយបុរសចំណាស់ម្នាក់ វ័យ ៦៣ឆ្នាំ បុកផ្ទប់នឹងតូបកាហ្វេ បណ្តាលឲ្យស្លា.ប់ភ្លាមៗ។ ហេតុការណ៍នេះ កើតឡើង នៅបណ្តោយផ្លូវបេតុង ម្តុំវត្តជុំ ផ្លូវបំបែកជា៣ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៥-មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកឡាន ក្នុងស្ថានភាពស្រវឹង បុកស្លា.ប់ ៤នាក់ របួស ៣នាក់ នៅស្ពានឫស្សីកែវ៖ អ្នកបើកឡាន Ford ឈ្មោះ នាង សំអូន អាយុ ៥៦ឆ្នាំ បានបើកឡាន ក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី នៅឫស្សីកែវ កាលពីព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ហេតុការណ៍នោះ បណ្តាលឱ្យស្លា.ប់ ៤នាក់ និងរបួស ៣នាក់។ អ្នកបើកឡាននោះ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ។

ករណីអ្នកបើកបរទាំងនោះ ត្រូវបានតុលាការ ចោទប្រកាន់បទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោក បណ្តាលឲ្យស្លាប់អ្នកដទៃ» តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទរត់គេចខ្លួន តាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងនោះ តុលាការ ក៏បានចោទប្រកាន់អ្នកបើកបរឡានស្រវឹង បុកមនុស្សស្លា.ប់ និងរបួសខ្លះពីបទល្មើស ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា៨៣ កថាខណ្ឌ២ ចំណុច ខ និងគ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ និងគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ តាមការកំណត់នៃច្បាប់ចរាចរណ៍ ក្នុងបទចោទប្រកាន់នោះ គឺត្រូវផ្តន្ទាទោស តាមមាត្រា ៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក ដែលចៅក្រម អាចផ្តន្ទាទោស ដាក់ពន្ធនាគារ ចាប់ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល។ រីឯមាត្រា ៨៥ ផ្តន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ១០លានរៀល ទៅ ២៥លានរៀល៕

ដកស្រង់ពី៖កោះសន្តិភាព