Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​ចោរតែងលួច​ទ្រព្យ​​ភ្ញៀវ​​​តាម​បន្ទប់​ផ្ទះ​សំណាក់​បានជាប់ជុចហើយ

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ក្នុងចំណោម០៣នាក់ ដែលតែងដើរលួចទ្រព្យសម្បត្តិភ្ញៀវតាមផ្ទះសំណាក់យ៉ាងមមារញឹក ត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន និងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅសៀលថ្ងៃទី៣០ មករា នេះហើយ ។

នេះបើតាមការផ្ដល់ព័ត៌មានពីមន្ត្រីការិយាល័យជំនាញ។ មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសកម្មខាងលើ «ចូលលួចតាមផ្ទះសំណាក់»ម្នាក់ ឈ្មោះ ហេង វិភូ អាយុ៣០ឆ្នាំ ដែលត្រូវកម្លាំងអធិការក្រុងបាត់ដំបងឃាត់ខ្លួននោះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៣០ មករា នេះហើយ ក្រោយបញ្ចប់ការសួរនាំ។

ជននេះ ត្រូវកម្លាំងអធិការក្រុងបាត់ដំបង ឃាត់ខ្លួនកាលពីជិតពាក់កណ្ដាលយប់ថ្ងៃទី២៧ មករា ក្រោយពីកំណត់បានថា ជាមុខសញ្ញាប្រព្រឹត្តអំពើចោរកម្មតាមផ្ទះសំណាក់ និងក្រោយពីមានបណ្ដឹងចោទប្រកាន់ពីជនរងគ្រោះ។ នាយផ្នែកនគរបាលយុត្តិធម៌នៃអធិការក្រុងបាត់ដំបង លោក ប្រៀន អេលីសា បានប្រាប់ថា ជនឈ្មោះ ហេង វិភូ នេះ ជាមួយនឹងបក្សពួក០២នាក់ទៀត ដែលកំពុងគេចខ្លួន ត្រូវបានកំណត់ជាមុខសញ្ញាដែលតែងចូលលួចទ្រព្យសម្បត្តិភ្ញៀវតាមបន្ទប់ផ្ទះសំណាក់ ហើយចំនួន០២ករណីចុងក្រោយ ក្នុងខែនេះក្រុមចោរសកម្មនេះ បានធ្វើសកម្មភាពចូលលួចលុយ និងទូរស័ព្ទរបស់ភ្ញៀវនៅក្នុងផ្ទះសំណាក់«ឡាក់គី» ដែលស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ យោងតាមរបាយការណ៍ករណីទី១ ក្រុមចោរនេះអាជីពនេះ បានធ្វើសកម្មភាពចូលលួចកាបូបស្ពាយរបស់ភ្ញៀវម្នាក់ឈ្មោះ វ៉ាន់ ស៊ីដេ ភេទប្រុស អាយុ៤២ឆ្នាំ នៅវេលាទៀបភ្លឺថ្ងៃទី ០៨ មករា ខណៈគាត់បានស្នាក់នៅផ្ទះសំណាក់ «ឡាក់គី» បន្ទប់លេខ២០៣។ ក្រុមចោរនេះបានឡើងទៅខាងលើ រួចទាញបង្ហើបកញ្ចក់បង្អូចចូលយ៉ាងស្រូល ខណៈជនរងគ្រោះកំពុងសំរាន្តលក់។ ជននេះបានលួចយកកាបូបស្ពាយមួយ ដែលមានទូរស័ព្ទចំនួន០៥គ្រឿង នាឡិការដៃ០១គ្រឿង កាតគ្រីម៉ូតូ០១ និង ខ្សែដៃអង្កាំឈើ០១ខ្សែ។ ប៉ុន្តែនៅព្រឹកថ្ងៃដដែល ក្រោយពីមានការភ្ញាក់ផ្អើល ស្រាប់តែអ្នកបំរើការក្នុងផ្ទះសំណាក់នេះ បានដើររកឃើញកាបូបស្ពាយយកឲ្យជនរងគ្រោះវិញ តែបាត់ទូរស័ព្ទ០៥គ្រឿង និងនាឡិការដៃ។

ដោយឡែក ករណីទី២ ជនសង្ស័យដែលសមត្ថកិច្ចអះអាងថា ប្រព្រឹត្តដោយក្រុមចោរដ៏សកម្មដែលនេះ បានចូលផ្ទះសំណាក់ «ឡាក់គី» ដដែលធ្វើសកម្មភាពលួចម្ដងទៀត នៅយប់ថ្ងៃទី ២៣ មករា ដែលជនរងគ្រោះជាស្ត្រីអនិកជនខ្មែរមកពីប្រទេសកាណាដា។ បើតាមរបាយការណ៍អធិការក្រុងបាត់ដំបង ជនរងគ្រោះឈ្មោះ អ៊ុង អ៊ែលី ស្រីអាយុ៦៤ឆ្នាំ រស់នៅប្រទេសកាណាដា តែបានមកស្នាក់នៅបន្ទប់ផ្ទះសំណាក់ «ឡាក់គី» ពេលគាត់មកដល់ទឹកដីខេត្តបាត់ដំបង។ ក្រុមចោរខាងលើនេះ បានធ្វើសកម្មភាពដូចករណីទី១ ដែរ ដោយបានបង្ហើបកញ្ចក់បង្អូចចូលក្នុងបន្ទប់លួចយកលុយ និងទូរស័ព្ទជនរងគ្រោះអស់គ្មានសល់ពេលជនរងគ្រោះកំពុងសំរាន្តលក់។ បើតាមជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ចោរបានលួចយកទូរស័ព្ទចំនួន០៣គ្រឿង ប្រាក់ខ្មែរចំនួន១,២លានរៀល, ប្រាក់ដុល្លាអាមេរិកចំនួន១,០០០ដុល្លា, ប្រាក់ដុល្លាកាណាដាចំនួន៥,០០០ដុល្លា និង ប្រាក់ថៃចំនួន៦,០០០បាត។ រាល់សកម្មភាពរបស់ពួកចោរលួចប្រចាំតាមផ្ទះសំណាក់ខាងលើនេះ ពេលខ្លះត្រូវថតជាប់ដោយកាមេរ៉ាសុវត្ថិភាពទៀតផង ។

លោក ប្រៀន អេលីសា នាយផ្នែកយុត្តិធម៌ក្រុងបាត់ដំបងបានបញ្ជាក់ថា ក្រោយពីទទូលបានបណ្ដឹងរបស់ជនរងគ្រោះទាំង០២ករណី លោក ពេជ្រ សារ៉ែន អធិការក្រុង បានបញ្ជាឲ្យមន្ត្រីជំនាញ ធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យ រហូតត្រូវកំណត់បាននូវមុខសញ្ញាក្រុមជនសង្ស័យ។ លោកនាយផ្នែករូបនេះ បានបញ្ជាក់ថា ក្រោយពីកំណត់បាននូវមុខសញ្ញាក្រុមជនដៃដល់នេះ កម្លាំងរបស់លោកក៏បានតាមដានសកម្មភាពក្រុមនេះ រហូតឈានដល់ការឃាត់ខ្លួនបានម្នាក់ នៅយប់ថ្ងៃទី ២៧ មករា គឺ ឈ្មោះ ហេង វិភូ ដែលជាមេសខ្លោង តែបក្បពួកចំនួន០២នាក់ទៀត បានរត់គេចខ្លួន។ បើតាមចម្លើយសារភាពជនដៃដល់ឈ្មោះ ហេង វិភូ បានសារភាពថា ពួកខ្លួនមានគ្នា០៣នាក់ ដែលតែងដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិភ្ញៀវដែលស្នាក់នៅតាមបន្ទប់ផ្ទះសំណាក់។ ជាពិសេសភ្ញៀវដែលបានមកស្នាក់នៅផ្ទះសំណាក់«ឡាក់គី»ខាងលើនេះ ដែលធ្វេសប្រហែសដេកមិនបិទកញ្ចក់បង្អួច ។

លោក ប្រៀន អេលីសា បានបញ្ជាក់ដែរថា ពេលត្រូវឃាត់ខ្លួន យើងមិនបានដកហូតវត្តុតាងណាមួយដែលក្រុមចោរនេះបានលួចយកទៅទេ។ ព្រោះទូរស័ព្ទមួយចំនួនពួកគេបានលក់យកលុយចាយ និង មួយចំនួនទៀតបក្បពួកជននេះដែលកំពុងគេចខ្លួន បានយកទៅជាមួយ រីឯលុយដែលលួចបានរាប់ពាន់ដុល្លា ក៏ពួកគេចែកគ្នាចាយខ្ទេចខ្ទីអស់ដែរ។ នេះបើតាមចម្លើយសារភាពរបស់លោកចោរដែលលួចប្រចាំតាមផ្ទះសំណាក់ខាងលើនេះ។ ប៉ុន្តែយ៉ាងណា បើតាមមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត បានបញ្ជាក់ដែរថា ជនសង្ស័យត្រូវបានកម្លាំងជំនាញ បញ្ជូនខ្លួនទៅតុលាការហើយ៕

ដកស្រង់ពី៖កោះសន្តិភាព