Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ស្បែកជើង មិន​ទាន់​រលត់​នៅឡើយ ជាង​៤​ម៉ោង​ហើយ ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង

  • បោះពុម្ព

ខេត្តកណ្ដាល ៖ គិតមកត្រឹមវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ភ្លើងដែលឆេះរោងចក្រផលិតស្បែកជើង(RG) នៅស្រុកអង្គស្នួល ខេត្តកណ្ដាល នៅមិនទាន់រលត់នៅឡើយទេ។

បើទោះបីជាមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅបាញ់ពន្លត់ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ប៉ុន្តែភ្លើងនៅតែឆេះខ្លាំង ដែលទំនងឆេះទាល់តែអស់ទើបរលត់។

ព្រោះនៅក្នុងរោងចក្រមានសុទ្ធតែសម្ភារៈដែលងាយនឹងឆេះហើយឆេះងំថែមទៀត ដូចជា កាវបិទស្បែកជើង ជ័រ ស្បែក និងរបស់របរជាច្រើនមុខទៀត។ អគាររោងចក្រច្រើនខ្នង រួមទាំងម៉ាស៊ីនសង្វាក់ផលិតកម្ម វត្ថុធាតុដើមសម្រាប់ផលិតស្បែកជើងមានដូចជា ជ័រ ស្បែក កាវបិទស្បែកជើង និងរបស់របរជាច្រើនមុខទៀត ព្រមទាំងស្បែកជើង ដែលជាផលិតផលសម្រេចរាប់រយគូ ត្រូវបានភ្លើងឆេះទាំងស្រុង។ នេះបើយោងតាមការឲ្យដឹងពីអ្នក ដែលស្ថិតនៅក្នុងហេតុការណ៍នោះ ប៉ុន្តែនៅមិនទាន់ដឹងថា ទំហំ នៃការខូចខាតគិតជាទឹកប្រាក់ប៉ុន្មាននៅឡើយ ។ ប្រភពខាងលើបានប្រាប់ថា ដោយឡែកកម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋ ដែលស្នាក់នៅផ្ទះជួលកៀក និងរោងចក្រនោះក៏ត្រូវបានសមត្ថកិច្ចជម្លៀសចេញជាបណ្ដោះអាសន្ន ឬអ្នកដែលមានរថយន្ត និងម៉ូតូ ត្រូវឲ្យយកទៅទុកឲ្យឆ្ងាយពីកន្លែងកើតហេតុ ។ ដើម្បីការពារសុវត្ថិភាពពួកគាត់ និងមិនឲ្យមានការខាតបង់ទ្រព្យសម្បត្តិ ដែលអាចនឹងបង្កឡើងដោយសារតែភ្លើងនោះ ក្រែងមិនអាចទប់ស្កាត់បានព្រោះការឆាបឆេះនោះ មានទំហំធំពេក ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀត រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង បានចេញទៅកាន់ទីនោះ មានដូចជារថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រថយន្តពន្លត់អគ្គិភ័យអង្គភាព៧១១ កងពលតូចលេខ៧០ និងរថយន្តពន្លត់អគ្គិភ័យមកពីបណ្ដាក្រុមហ៊ុនឯកជនជាច្រើនទៀត។ ចំណែកក្រុមអ្នកពន្លត់ភ្លើងមានទាំងកម្លាំង សមត្ថកិច្ច និងស៊ីវិល ម្នាក់ៗបានខំប្រឹងធ្វើការ អស់ពីកម្លាំងកាយចិត្ត និងប្រើគ្រប់វិធី និងជំនាញ ដើម្បីធ្វើយ៉ាណាឲ្យភ្លើងរលត់ បើទោះបីជាអគាររោងចក្រ ត្រូវភ្លើងឆេះទាំងស្រុងហើយក៏ដោយ ។

សូមរម្លឹកថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងរោងចក្រផលិតស្បែកជើងយីហោ«អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯក(RG) ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ត្រូវបានភ្លើងឆេបឆេះសន្ធោរសន្ធៅ ដែលសង្ស័យបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ក្នុងខណៈដែលកម្មករ កម្មការិនីរាប់រយនាក់កំពុងធ្វើការ ជាហេតុធ្វើឲ្យពួកគេមានការភ័យខ្លាច ហើយបាននាំគ្នារត់ចេញក្រៅយ៉ាងប្រសេចប្រសាច ហើយពុំទាន់មានការអះអាងណាមួយថា តើមានអ្នករងគ្រោះក្នុងហេតុការណ៍នេះឬអត់នៅឡើយទេ ៕

ដកស្រង់ពី៖កោះសន្តិភាព