កាលបាត់សាច់ជ្រូកច្រើនគីឡូរកមុខអត់ឃើញ តែលើកនេះបាត់តិចចាប់បានច្បាស់ឱ្យក្រឡែត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
រាជធានីភ្នំពេញ ៖ បុរសជាអ្នកលក់សាច់ជ្រូកនៅផ្សារពិភពថ្មីកំបូល១ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញម្នាក់បាននិយាយថា កាលពីប៉ុន្មានខែមុន គាត់ធ្លាប់ត្រូវបានចោរលួចយកសាច់ជ្រូកអស់ជាង៨០គីឡូក្រាមម្ដងរួចមកហើយ និងរកមុខចោរអត់ឃើញសោះ។ លុះមកវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូធូដេ១គ្រឿងចូលទៅលួចសាច់ជ្រូករបស់គាត់១ថង់ទម្ងន់ជិត៣០គីឡូក្រាមពីកន្លែងលក់ទៀត ។
ប៉ុន្តែលើកនេះ គាត់បានឃើញទាន់ ក៏ស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើល ហើយឃាត់ខ្លួនជនសង្ស័យម្នាក់នោះបានភ្លាមៗ បន្ទាប់មកបានប្រគល់ជូននគរបាល ធ្វើការសួរនាំតែម្ដង។ គាត់ក៏មិនទាន់បានដឹងថា សាច់ជ្រូកជាង៨០គីឡូក្រាម ដែលបាត់កាលពីលើកមុនគឺជនសង្ស័យរូបនេះជាអ្នកលួចឬបែបណានោះទេ។ បុរសដែលជាអាជីវករលក់សាច់ជ្រូកខាងលើ ឈ្មោះ ឈួន គឹមឈៀង អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ហើយសាច់ជ្រូករបស់គាត់ដែលត្រូវចោរលួចនោះ ត្រូវបានដកហូតយកមកវិញ ។
ដោយឡែក ជនសង្ស័យឈ្មោះផន ដានី អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
និងមានស្រុកកំណើតភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ អ្នកលក់សាច់ជ្រូករូបនោះបានប្រាប់ថា ជារៀងរាល់ព្រឹក គាត់តែងតែដឹកសាច់ជ្រូកយកទៅដាក់លក់នៅក្នុងផ្សារពិភពថ្មីកំបូល១ ហើយកាលពីអំឡុងក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ ត្រូវបានសាច់ជ្រូកអស់ចំនួនជាង៨០គីឡូក្រាមម្ដងរួចមកហើយ ។
ប៉ុន្តែរកមុខចោរមិនទាន់ឃើញនៅឡើយ លុះដល់ព្រឹកថ្ងៃកើតហេតុ គាត់បានដឹកសាច់ជ្រូក១ថង់ទម្ងន់ជិត៣០គីឡូក្រាមយកទៅដាក់លើតុនៅកន្លែងលក់ ហើយខណៈនោះគាត់មិនទាន់បានស្រាយថង់រៀបចំដាក់លក់នៅឡើយ តែគាត់បានស្ថិតនៅក្បែរនោះដែរ។ បុរសនេះបានប្រាប់ឱ្យដឹងទៀតថា លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញជនសង្ស័យឈ្មោះផន ដានី ជិះម៉ូតូម៉ាកហុងដាធូដេ ពណ៌ត្រួយចេក អត់ស្លាកលេខ១គ្រឿង ចូលទៅធ្វើសកម្មភាពលួចយកសាច់ជ្រូករបស់គាត់ដាក់លើម៉ូតូបម្រុងជិះគេចខ្លួន។ ប៉ុន្តែគាត់បានឃើញទាន់ក៏ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើល ពេញក្នុងផ្សារ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចប្រគល់ជូននគរបាលប៉ុស្តិ៍កន្ទោកដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ដកស្រង់ពី៖កោះសន្តិភាព