ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងនាយផ្នែក សង្កាត់រដ្ឋបាលជលផលចុងឃ្នៀស ចុះពិនិត្យ និងទស្សនាសមាគម សហគមន៍ធម្មជាតិពារាំង ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម និងក្រុមការងារបានវាយតម្លៃអំពីការងាររបស់សមាគម សហគមន៍ទេសចរណ៍ពារាំង ដែលអភិរក្សបានល្អនូវជម្រកបក្សីប្រមាណ១២០ ទៅ១៣០ប្រភេទទៅតាមរដូវ ដោយគ្រប់គ្រងបានល្អនូវបរិស្ថានជុំវិញ ដែលជាជម្រកត្រីពងកូនដ៏សំខាន់មួយនៅប៉ែកខាងជើងបឹងទន្លេសាប។

បើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំសមាគម សហគមន៍ពារាំង សមាគមកំពុងខិតខំកែលម្អបន្ថែមទៀត ដើម្បីឲ្យសហគមន៍នេះក្លាយជាគោលដៅអេកូ-ទេសចរណ៍ធម្មជាតិមួយដ៏សំខាន់នៅក្នុងខេត្តសៀមរាប ព្រោះថាប្រភេទសត្វស្លាបមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់នេះ ជាប្រភេទនៃបក្សីកម្រ និងជិតផុតពូជ៕

ដកស្រង់ពី៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ