ក្រុមហ៊ុនរបស់អូស្រ្តាលី គ្រោងមកវិនិយោគលើដី១ពាន់ហិកតា នៅខេត្តសៀមរាប ដើម្បីដាំដំណាំសម្រាប់កែច្នៃទៅជាជីវម៉ាស

នៅពេលឆាប់ៗខាងមុខកម្ពុជាអាចនឹងមានគម្រោងវិនិយោគធំមួយមកពីក្រុមហ៊ុនអូស្រ្តាលីឈ្មោះ Agribusiness Asian Group (AAG) ដើម្បីវិនិយោគលើផ្ទៃដីប្រហែល ១ ០០០ ហិកតា ក្នុងរយៈពេល ៥ឆ្នាំ ដោយដាំដុះដំណាំពោត និងកែច្នៃកាកសំណល់កសិកម្ម (ចង្រ្កានពោត) ទៅជាជីវធ្យូង ដើម្បីរក្សាទុកកាបូន។

យោងតាមការបញ្ជាក់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថា ក្រុមហ៊ុនអូស្រ្តាលី AAG បានប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្មដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័ន សំណល់ដំណាំ (ជីវម៉ាស)។

ជីវម៉ាសត្រូវបានដុតនៅសីតុណ្ហភាព ៦០០ អង្សាសេ ដើម្បីឈានដល់ជីវម៉ាសកម្រិតខ្ពស់ ហើយជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់ ១ ០០០ឆ្នាំ។

ជីវម៉ាសចុងក្រោយដែលទទួលបាន នឹងយកទៅប្រើលើដីដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដី រួមមាន៖ ការបង្កើន pH ដី បរិយាកាសដី សមត្ថភាពផ្ទុកសារធាតុចិញ្ចឹម និងសកម្មភាពអតិសុខុមប្រាណក្នុងដី។

ជាការឆ្លើយតប ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានស្នើឱ្យ AAG សិក្សាបន្ថែមលើការប្រែក្លាយកាកសំណល់កសិកម្មលើដំណាំស្រូវ (ជាពិសេសចំបើង) និងដំណាំដទៃទៀត ដែលអាចជា Bio Recycle។

តាមរយៈការអនុវត្តលើដី ១ ០០០ហិកតាក្នុងដំណាក់កាលដំបូង AAG អាចពិចារណាពង្រីកឱ្យកាន់តែធំជាងនេះបន្ថែមទៀត ករណីមានការសិក្សាលើសេដ្ឋកិច្ចច្បាស់លាស់ លើដំណាំពោតដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាងដំណាំផ្សេងៗ៕