កត្ដាធំៗទាំង ៤ នេះ កំពុងធ្វើឲ្យតំបន់ភាគខាងត្បូងរាជធានីភ្នំពេញលេចធ្លោខ្លាំង

បច្ចុប្បន្នតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ កំពុងបានក្លាយជាទីតាំងមួយដ៏សំខាន់ និងទាក់ទាញបំផុត សម្រាប់ការវិនិយោគទាំងក្រុមហ៊ុនក្នុងស្រុក នឹងក្រៅស្រុក។

ដោយសារតែទៅថ្ងៃអនាគតតំបន់នេះនឹងក្លាយនឹងត្រូវអភិវឌ្ឍន៍ទៅមជ្ឈមណ្ឌល និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឈមណ្ឌលឡូជីស្ទិកដ៏សំខាន់ស្របទៅតាមផែនការមេដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ហើយខាងក្រោមនេះគឺជាកត្ដាសំខាន់ៗមួយចំនួនដែលជំរុញឲ្យភាគខាងត្បូងរាជធានីភ្នំពេញមានភាពលេចធ្លោ៖ ១. គម្រោងព្រលានយន្ដថ្មី ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ដកណ្ដាល ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញកំពុងទាក់ទាញអ្នកវិនិយោគជាច្រើនឲ្យកាន់តំបន់នោះ ពិសេសនៅតំបន់តំណរដែលភ្ជាប់រវាងភ្នំពេញ និង ព្រលាននេះតែម្ដង(ផ្លូវ៦០)។

ដោយមួយរយៈចុងក្រោយការសាងសង់លំនៅឋាន ផ្សារ កន្លែងរថយន្ដល្បីៗបានសម្រុកទៅបើកនៅតំបន់នេះព្រោងព្រាត។ សូមជម្រាបផងដែរថា គិតមកដល់ពេលនេះ គម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោ សម្រេចការសាងសង់បានជិត ៩០ ភាគរយៈហើយ ហើយតាមការគ្រោងទុកគម្រោងនេះនឹងបើកដំណើរការនៅដើមឆ្នាំ២០២៥ សម្រាប់ដំណាក់កាលទី១។

ព្រលានយន្ដហោះថ្មីនេះជាប្រភេទ 4F ត្រូវបានសាងលើផ្ទៃដីសរុប ២៦០០ ហិកតា និងគម្រោងចំណាយថវិកាប្រមាណ ១.៥ ពាន់លានដុល្លារឯកណោះ ខណៈគម្រោងនេះគឺប្រើប្រាស់ ទុន វិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC ។

 ២. ផ្សារទំនើបធំៗ មួយរយៈចុងក្រោយនេះ ផ្សារទំនើបធំៗបាននាំធ្វើគ្នាសម្រុកវិនិយោគបើកដំណើរផ្សាររបស់ខ្លួននៅតំបន់មួយនេះជាហូហែរ ជាក់ស្ដែងដូចជាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ត្រូវបានបើកដំណើរការកាលពីពាក់កណ្ដាលឆ្នាំ២០២២២, ផ្សារទំនើប AEON ទី៣ បានបើកដំណើរការកាលពីចុងឆ្នាំ២០២២, និងផ្សារទំនើបមួយចំនួន ក៏បានបើកដំណើរការទីតាំងនេះដូចគ្នា។ 

៣. ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ងាកមកដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភាគខាងត្បូងកំពុងសំរុកសាងសង់យ៉ាងខ្លាំងដោយក្នុងនោះរួមមានទាំង មហាវិថី ឈុន គង់ ដែលតភ្ជាប់ពីតំបន់បឹងជើងឯកភ្ជាប់ទៅផ្លូវជាតិលេខ២, ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីមហាវិថី ឈុន គង់ ទៅកាន់តំបន់ព្រែកប្រា, គម្រោងស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងផ្លូវជាតិលេខ២ ដែលបច្ចុប្បន្នគម្រោងទាំងនេះកំពុងបាននឹងដំណើរការសាងសង់។

ក្រៅពីនោះការអភិវឌ្ឍន៍លំនៅឋានធំៗដូចជាបុរី ប៉េង ហួត បុរីជីប ម៉ុង លែន បុរី និងគម្រោងខុនដូជាច្រើនទៀត។

៤. គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្ដិសាស្ដ្រ មានទីតាំងនៅភាគខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញ។ គម្រោងនេះនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះហើយ។

នៅពេលគម្រោងនេះចាប់ផ្ដើមដំណើរការវានឹងផ្ដល់នូវផលប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ដ្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ។

ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី១ របស់កម្ពុជា ការជំរុញការអភិវឌ្ឍក្រុង នគរូបីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ៕




ដកស្រង់ពី៖ business-cambodia