Social Network

លោក ជា សុផារ៉ា ឱ្យពន្លឿនសាងសង់ផ្ទះក្នុងដីសម្បទានសង្គមកិច្ចជាប់ព្រំដែន​កម្ពុជា-វៀតណាម ជូនពលរដ្ឋ

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានជំរុញដល់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ

និងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា ផ្លូវ ទឹកស្អាត សម្រាប់ប្រើប្រាស់ ភ្លើងអគ្គិសនី មកកាន់តំបន់ទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ហិចតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

ដើម្បីរៀបចំសង់លំនៅឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រ។

ការជំរុញរបស់លោកឧបនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងពេលដែលលោក និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចុះពិនិត្យផ្ទាល់កាលពីថ្ងៃទី ០៥ ខែ មីនា ។ទន្ទឹមនឹងនេះ លោក ជា សុផារ៉ា ក៏ជំរុញក្នុងការសាងសង់សំណង់លំនៅដ្ឋាន ត្រូវធានានូវគុណភាពតាមលក្ខណៈបច្ចេកទេសផងដែរ។

ជាមួយគ្នានេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន នគរបាល និវត្តជន

គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រឲ្យមានលំនៅដ្ឋានសមរម្យ និងមានជីវភាពល្អប្រសើរ៕

ដកស្រង់ពី់៖ រស្មីកម្ពុជា