Social Network

បុរសកម្មករម្នាក់ ជិះម៉ូតូជ្រុលបុកខឿនផ្លូវ បណ្តាលឲ្យស្លាប់

ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់ ដែលទើបបើកលុយ ពីកន្លែងធ្វើការ បម្រុងជិះត្រឡប់ទៅផ្ទះវិញ ប៉ុន្តែជាអកុសល ក៏បានរេចង្កូតបុកខឿនការ៉ូឡា នៅចិញ្ចើមផ្លូវ បណ្តាលឲ្យផ្លោងខ្ទាតឡើង លើខឿនការ៉ូឡា បោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ ៦អា ចន្លោះស្ពានទី១០ និងទី១១ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ រឹម ពៅ អាយុ២៧ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិសាត់ 1H-4693 ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនពេលកើត ហេតុ គេបានឃើញបុរសរងគ្រោះ បើកម៉ូតូ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីខាងលិច ទៅខាងកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើត ហេតុ ខាងលើ ពុំដឹងថា មានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតមកខាងស្តាំដៃ រួចក៏ជ្រុល ទៅបុកខឿនផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលផ្លោងបុរសរងគ្រោះ ទៅលើចិញ្ចើម ផ្លូវ បោកក្បាលស្លាប់ មួយរំពេច ។

ចំណែកឯម៉ូតូវិញ រងការខូចខាត បាក់បូមខាងមុខ ទាំងសងខាង រួចពលរដ្ឋ ក៏បានទំនាក់ទំនង ទៅខាងសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមក ពិនិត្យទីតាំងកើតហេតុ ភ្លាមៗតែម្តង។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានប៉ុស្ថិ៍នគបាលរដ្ឋបាលសង្កាត់ក្បាលកោះ បានចុះមកដល់ ពិនិត្យរួច ក៏បានទាក់ទងទៅខាងមន្ត្រីជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង និងធ្វើកំណត់ ហេតុយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើត តាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា