Social Network

ទីភ្នាក់ងារជនភៀសខ្លួន UN ទទូចដល់ប៉ាគីស្ថាន កុំបណ្តេញជនជាតិអាហ្វហ្គានីស្ថាន អំឡុងរដូវរងា

(អ៉ីស្លាម៉ាបាដ)៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានទទូចដល់ប៉ាគីស្ថាន បញ្ឈប់ការបណ្តេញជនភៀសខ្លួនអាហ្វហ្គានីស្ថាន អំឡុងពេលនៃរដូវរងាខ្លាំងនេះ ខណៈប៉ូលិសប៉ាគីស្ថាននៅតែបន្តស្វែងរក និងធ្វើការបណ្តេញជនជាតិអាហ្វហ្គានីស្ថាន ដែលគ្មានឯកសារត្រឹមត្រូវ ឲ្យចាកចេញពីប្រទេសរបស់ពួកគេ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ កាលពីខែតុលា ទីក្រុងអ៉ីស្លាម៉ាបាដបានប្រកាសពីបណ្តេញជនភៀសខ្លួនជាង ១លាននាក់ ភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ចំពេលមានជម្លោះនឹងគ្នា ជុំវិញការចោទប្រកាន់ថាអាហ្វហ្គានីស្ថាន គាំទ្រក្រុមសកម្មប្រយុទ្ធប្រឆាំងប៉ាគីស្ថាន។

អ្នកនាំពាក្យប្រចាំតំបន់ លោក Babar Baloch បានប្រាប់ Reuters ថា «UNHCR កំពុងអំពាវនាវឲ្យរដ្ឋាភិបាលប៉ាគីស្ថាន បញ្ឈប់ការបញ្ជូនជនភៀសខ្លួន ត្រឡប់មកវិញក្នុងចំនួនដ៏ច្រើនអំឡុងរដូវរងាដ៏អាក្រក់នេះ ពីព្រោះភាពត្រជាក់នៅអាហ្វហ្គានីស្ថាន ពិតជាគ្រោះថ្នាក់ដល់ជីវិត ហើយអាចឆក់យកជីវិតមនុស្ស»។

លោក Baloch បានបន្ថែមថា «យើងកំពុងនិយាយអំពីស្ត្រី កុមារ និងបុរសដែលកំពុងអស់សង្ឃឹម ក្នុងការចាកចេញពីប្រទេសប៉ាគីស្ថាន»។

គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាជម្រកនៃជនចំណាកស្រុក និងជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤លាននាក់ហើយក្នុងនោះប្រហែល ១.៧លាននាក់គឺគ្មានឯកសារត្រឹមត្រូវ។ ចំនួនដ៏ច្រើននេះបានកើតឡើង បន្ទាប់ពីក្រុមតាលីបង់ដណ្តើមយកអាហ្វហ្គានីស្ថានមកវិញ នៅឆ្នាំ ២០២១។

ប៉ូលិសប៉ាគីស្ថានបាននិងកំពុងស្វែងរកអ្នកដែលគ្មាឯកសារត្រឹមត្រូវ ពីផ្ទះមួយទៅផ្ទះមួយនៅឯតំបន់តាំងទីលំនៅ ដោយចាប់ផ្តើមពីទីក្រុងកំង់ផែ Karachi ជាកន្លែងដែលមានជនជាតិអាហ្វហ្គានីស្ថានរាប់សែននាក់រស់នៅ។ អ្នកដែលនៅសេសសល់អាចនឹងត្រូវបណ្តេញចេញដោយបង្ខំ៕

ដកស្រង់ពី៖ Fresh News