Social Network

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម មានវឌ្ឍនភាពរីកចម្រើនរឹងមាំបន្ថែមទៀត

លោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសវៀតណាមនឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងមានវឌ្ឍនភាពរីកចម្រើនរឹងមាំបន្ថែមទៀត។

ការគូសបញ្ជាក់បែបនេះរបស់ លោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសជួបជាមួយ សម្តេចសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ថ្ងៃ នៅប្រទេសវៀតណាម។

ក្នុងជំនួបនេះ លោក ង្វៀន ហ៊្វូចុង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

លោកអគ្គលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន រហូតនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

លើសពីនេះ លោក ង្វៀន ហ៊្វូចុង ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី គឺកម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏នឹងត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរធូរធារចម្រុងចម្រើន។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តែងការគួរសមចំពោះ លោក ង្វៀន ហ៊្វូចុង ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៩ កន្លងទៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រកម្ពុជា ជូនចំពោះលោកអគ្គលេខាធិការបក្ស ផងដែរ ព្រមជាមួយនឹងការអំណរគុណចំពោះការអបអរសាទររបស់ លោក ង្វៀន ហ៊្វូចុង ក្នុងឱកាសដែលអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចធិបតី ក៏បានរំឭកឡើងវិញអំពីដំណើរទស្សនកិច្ចផ្លូវការជាច្រើនលើកមកកាន់ប្រទេសវៀតណាម នៅពេលដែល សម្តេចធិបតី កាន់មុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក៏នៅបន្តអនុវត្តគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជាប្រកបដោយសង្គតិភាព និងនិរន្តរភាព ហើយតាមរយៈគោលនយោបាយដែលបានដាក់ចេញនេះ ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបានបន្តពូនជ្រំក្នុងស្មារតីមិត្តភាពជាប្រពៃណី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ព្រមជាមួយនឹងការពង្រឹងពង្រីកលើផ្នែកសក្តានុពលថ្មីៗបន្ថែមទៀតផងដែរ៕

ដកស្រង់ពី៖ Fresh News