Social Network

ទេសរដ្ឋមន្ត្រី អៀង មូលី ផ្តល់សារអប់រំដល់យុវវ័យ កុំឲ្យយកទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ជាថ្ងៃចម្លងមេរោគអេដស៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់សារណែនាំ ដល់យុវវ័យទាំងអស់ កុំឲ្យយល់ច្រឡំនៃទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ ថា ជាការផ្តល់ក្តីស្រឡាញ់សម្រាប់គូសង្សារ ហើយកុំនាំគ្នាទៅប្រព្រឹត្តអំពើមិនគប្បី ខុសនឹងប្រពៃណីជាតិដែលនាំ មានបញ្ហាដល់សុខភាព។

យុវជនត្រូវចេះស្រឡាញ់គ្រួសារ ស្រឡាញ់ប្រទេសជាតិ និងជាពិសេស ត្រូវចេះស្រឡាញ់ខ្លួនឯង ដោយធ្វើយ៉ាងណាឲ្យមានសុខភាពល្អ ជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនរបស់ជាតិ។

ដូច្នេះ យុវជនត្រូវចេះថែទាំសុខភាព កុំឲ្យឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី អៀង មូលី ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ អំពីការបង្ការនៃការឆ្លងរាលដាល មេរោគអេដស៍ និងជំងឺអេដស៍ ក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ នៅទីធ្លាមុខអគារអាជ្ញាធរជាតិ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី សូមអំពាវនាវបន្ថែម សុំឲ្យមានស្នេហាស្មោះត្រង់ប្តីមួយប្រពន្ធមួយ សុំប្រើប្រាស់ស្រោមអនាម័យ ឲ្យបានមួយរយភាគរយ នៅពេលមានដៃគូក្រៅ និងប្រញាប់ទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ប្រសិនបើសង្ស័យថា មានផ្ទុកមេរោគអេដស៍ ដើម្បីឆាប់បានទៅទទួលសេវាផ្តល់ប្រឹក្សា និងទទួលឱសថពន្យារជីវិត។

ជាពិសេសការបរិភោគអាហារប្រកបដោយ អនាម័យត្រឹមត្រូវ ដើម្បីបង្ការ កុំឲ្យមានបញ្ហាជំងឺមិនឆ្លងផ្សេងទៀត ដូចជា ការឡើងគីឡូលើសទម្ងន់ ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។

សូមជម្រាបថា យុទ្ធនាការផ្សព្វផ្សាយ អំពីការបង្ការនៃការឆ្លងរាលដាល មេរោគអេដស៍ និងជំងឺអេដស៍ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរួមសហការជាមួយ អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារអេដស៍មួយចំនួនដូចជា អង្គការ KHANA អង្គការFHI360 អង្គការ PSI អង្គការ AHF និងដៃគូពាក់ព័ន្ធផ្សែងទៀត ដើម្បីផ្តល់សារអប់រំបង្ការ នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ដល់ប្រជាជនដែលធ្វើដំណើឆ្លងកាត់ និងបងប្អូនដែលមានលំនៅដ្ឋានក្បែរនេះ ព្រមទាំងលើកទឹកចិត្ត ដល់ពួកគាត់ឱ្យទៅធ្វើតេស្តឈាម រកមេរោគអេដស៍ និងទៅទទួលសេវាសុខភាពឲ្យបានទាន់ពេលវេលា ជាពិសេសចូលរួមរំលឹកដល់ យុវជន យុវនារី ឱ្យយកចិត្តទុកដាក់បង្ការខ្លួន កុំឆ្លងមេរោគអេដស៍។

ជាលទ្ធផល យើងសង្កេតឃើញថា មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងការឆ្លើយសំនួរដែលមានខ្លឹមសារអប់រំបង្ការ នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ និងចូលរួមធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់នៅតាមស្តង់ដែលរៀបចំដោយ អង្គការមិនមែនរដ្ឋាភិបាល៕

ដកស្រង់ពី៖ Fresh News