Social Network

រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យនិស្សិតពេទ្យចាក់វ៉ាក់សាំងដូសជំរុញការពារការឆ្លងជំងឺកូវីដក្នុងរដូវត្រជាក់

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកទឹកចិត្ត និងជំរុញឱ្យនិស្សិតពេទ្យចាក់វ៉ាក់សាំង ដូសជំរុញឱ្យបានគ្រប់ៗគ្នាដើម្បីការពារជំងឺកូវីដ១៩នៅក្នុងរដូវត្រជាក់នេះ។

 

ថ្លែងក្នុងកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ “ចែករំលែកជីវិតគឺបរិច្ចាគឈាមទាំងអស់គ្នា” កាលពីព្រឹកថ្ងៃទី២០ធ្នូនេះ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា និស្សិតពេទ្យទាំងអស់ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានទាំងអស់គ្នាពិសេសដូសជំរុញទី៣ទី៤ និងទី៥ ព្រោះថាក្មួយៗជាសកម្មជននៅជួរមុខក្នុងសង្គមដូចជាយុវជនកាកបាទក្រហម យុវជនក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ យុវជន ស.ស.យ.ក និងនិស្សិតតែងតែចូលរួមក្នុងការងារសង្គមទៅជួបបងប្អូនច្រើន។

ដូច្នេះការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមជាការងារមួយដើម្បីការពារខ្លួនឯងផងធ្វើមិចកាត់បន្ថយការចម្លងនៅក្នុងគ្រួសារក៏ដូចជានៅក្នុងសហគមន៍របស់យើង។ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានណែនាំឱ្យក្មួយៗជានិស្សិតត្រូវបន្តអនុវត្តវិធានការ៣កុំ៣ការពារឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងជំងឺកូវីដ១៩។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ឥឡូវនេះដល់រដូវត្រជាក់ងាយស្រួលដល់ការចម្លងវីរុសដូចជាផ្តាសាយ ក្អក កណ្តាស់ មេរោគផ្គុំគ្នាបង្កើតទៅជាបញ្ហារលាកកំពង់ករលាកសួត។ ដូច្នេះការចាក់ដូសជំរុញ និងវិធានការ៣កុំ៣ការពារត្រូវប្រតិបត្តិឱ្យបានជាប់ជានិច្ច»។

លើសពីនេះទៀតលោករដ្ឋមន្ត្រីបានជំរុញឱ្យនិស្សិតពេទ្យជួយអប់រំបន្តដល់ក្រុមគ្រួសារឪពុកម្តាយបងប្អូនសមាជិកក្នុងសហគមន៍និងអ្នកជំងឺពីជំងឺកូវីដ១៩ដើម្បីទប់ស្កាត់កុំឱ្យឆ្លងរាលដាលជំងឺ នេះជាបន្តទៀត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា«ខ្ញុំសូមលើកសទឹកចិត្តឱ្យនិស្សិតពេទ្យមិនត្រឹមក្លាយជាគ្រូពេទ្យទេថែមទាំងក្លាយជាអ្នកផ្តល់សារឬផ្តល់ជាព័ត៍មានស្តីពីជំងឺកីវីដ១៩នេះជូនសគមន៍របស់យើងដើម្បីឱ្យពួកគាត់បានយល់ដឹងការពារនិងចៀសផុតពីការឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នា»។

យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងបន្តទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យមចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅតាមតំបន់មួយចំនួនចុះត្រជាក់ដល់១៦អង្សា ហើយក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី