Social Network

ប្រកាសតែងតាំងក្រុមការងារគ្រប់គ្រងសិស្ស-និសិ្សតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅខេត្តកោះកុង

(កោះកុង)៖ ក្រុមការងារ អ.ម.ត ខេត្តកោះកុង បានរៀបចំពិធីប្រកាសតែងតាំងក្រុមការងារគ្រប់គ្រងសិស្ស-និសិ្សតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតខេត្តកោះកុង ដោយមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ហាក់ ឡេង តំណាងក្រុមការងារ អ.ម.ត ខេត្តកោះកុង ព្រះអង្គម្ចាស់នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) រួមទាំងក្រុមការងារ សិស្ស និសិ្សតដែលទទួលអាហារូបរកណ៍ជាច្រើននាក់ ដែលរៀបចំឡើងរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្របខេត្តកោះកុង។

 

លោក ហាក់ ឡេង បានឲ្យដឹងថា ក្រុមការងារគ្រប់គ្រងសិស្ស-និសិ្សតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ៥៨ ស.ស.រ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរូបភាពមួយជាកម្មាធិការអាហារូបករណ៍សិស្ស និសិ្សតក្រីក្រ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងផ្តល់អាហារូបករណ៍ជូនសិស្ស-និសិ្សតក្រីក្រ ដើម្បីផ្តល់លទ្ធភាពសិស្សនិសិ្សត ដែលគាត់មានជីវភាពក្រីក្រចង់សិក្សាបន្តនៅក្នុងប្រទេសឬក្រៅប្រទេសដែលមិនមានលទ្ធសិក្សាបន្ត។

លោក ហាក់ ឡេង បានបន្តថា សិស្សនិសិ្សតដែលទទួលបានអាហារូបករណ៍ត្រូវខិតខំបង្កើនធនធានមនុស្សសិក្សារៀនសូត្រដើម្បីអនាគត និងអភិវឌ្ឍន៍ប្រទេសឲ្យមានភាពរីកចម្រើនគ្រប់វិស័យ បន្តវេនពីព្រឹទ្ធាចារ្យចាស់ៗដែលគាត់បានចូលនិវត្តន៍ និងដើម្បីបន្តក្នុងការដឹងនាំប្រទេសជាតិទៅថ្ងៃអនាគត មានតែសិស្សនិស្សិតនេះទេដែលដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត។

លោកស្រី មិថុនា ភូថង បានថ្លែងថា សមាគមសិស្សនិស្សិតក្រីក្រសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិស័យអប់រំដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការកសាងប្រទេស ជាពិសេសការបណ្ដុះបណ្ដាលសិស្សនិស្សិតឲ្យក្លាយជាយុវជនបន្តវេនពោរពេញដោយសមត្ថភាព។

លោកស្រីអភិបាលខេត្តបានបន្តថា សហគមបានចូលរួមសកម្មភាពនានាជាច្រើន ដូចជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋ ការចុះសម្អាតបរិស្ថាន ការដាំកូនឈើ បង្កើតកម្មវិធីមិត្តជួយមិត្ត (ក្លឹបសិក្សា) អ្នកចេះច្រើនបង្រៀនអ្នកចេះតិចជាដើម។

លោកស្រីអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែងតែជំរុញនិងក្រើនរំលឹកដល់ក្រុមការងារទាំងអស់ ធ្វើយ៉ាងណាជួយបំពេញតម្រូវការ បញ្ហាប្រឈមជាអាទិភាពរបស់ប្រជាពលរដ្ឋសិស្ស និស្សិតឱ្យបានឆាប់បំផុត ដើម្បីដាក់គោលដៅដោះស្រាយទាន់សភាពការណ៍ ស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា៕

ដកស្រង់ពី៖ Fresh New