Social Network

ប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ប្រចាំសាខារាជធានីភ្នំពេញ

ភ្នំពេញៈ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងលោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ អមដំណើរដោយថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ សមាគមរាជសីហ៍ កាលពីពេលថ្មីៗ កន្លងទៅនេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចំនួន ២៤២ នាក់ ប្រចាំសាខា រាជធានីភ្នំពេញ នៅវិទ្យាល័យ ស៊ីសុវត្ថិ រាជធានីភ្នំពេញ។

 

លោក អ៊ុង សារ៉ាវ៉ាន់ អនុប្រធានអចិន្ត្រៃយ៍សមាគមរាជសីហ៍ និងលោក ស៊ិន ឌីណា អគ្គលេខាធិការសមាគម បានអានសេចក្តីសម្រេចតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ត្រី សរ សំណាង ជាប្រធានសាខារាជធានីភ្នំពេញ និងលោក អ៊ុង សារុំ ជាប្រធានក្រុមប្រឹក្សា យោបល់ អមដោយសមាជិក សមាជិកា សរុប ២៤២ នាក់ ។

បន្ទាប់ពីត្រូវបានប្រកាសតែងតាំងរួចមក លោកឧត្តមសេនីយ៍ត្រី សរ សំណាង ប្រធានសាខារាជធានីភ្នំពេញ បានឡើងប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធី ចំនួន ៧ ចំណុចគឺៈ

១.ខិតខំអនុវត្តតួនាទី ភារកិច្ច និងគោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់សមាគម,

២.បន្តដឹកនាំ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង,

៣.បន្តសហការល្អជាមួយ អាជ្ញាធរ បង្កើនទំនាក់ទំនង ដើម្បីសម្រេចគោលបំណង ទិសដៅរបស់សមាគម ។

៤. កៀរគរសប្បុរសជន ជួយដល់សមាគម ខិតខំដឹកនាំ សម្របសម្រួល បន្តធ្វើសកម្ម ភាព មនុស្សធម៌ ។

៥.បន្តផ្សព្វផ្សាយគោលការណ៍សកម្មភាពការងារសមាគម ដើម្បី ពង្រឹង និងពង្រីកចលនាយុវជន ចូលរួមជាមួយរាជសីហ៍។

៦. រៀបចំផែនការ យុទ្ធសាស្ត្រ ធ្វើរបាយការណ៍ ជូនថ្នាក់កណ្តាល។

៧.គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងលោកបណ្ឌិត ហ៊ុន ម៉ា ណែត ជាបេសក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។

លោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ សមាគមរាជសីហ៍ បានថ្លែងកោតសរសើរ ការរៀបចំពិធីនេះ ដែលមានសមាសភាពចម្រុះ និងគាំទ្រការប្តេជ្ញាចិត្តរបស់លោក ប្រធានសាខារាជធានីភ្នំពេញ ដែលទើបទទួលបានការតែងតាំង ។

លោកបានលើកឡើងថាៈ សមាគម មានចក្ខុវិស័យច្បាស់លាស់ ធ្វើសកម្មភាពមនុស្ស ធម៌ និងសប្បុរសធម៌ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្របច្បាប់ ក្នុង គោលបំណងសម្រាលបន្ទុកជនរងគ្រោះ និងជនងាយរងគ្រោះ ដោយរួមសហការ ជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឱ្យកាន់តែប្រសើរឡើង ។

លោកបានបញ្ជាក់ថាៈ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់សមាគម ត្រូវ អនុវត្តការងារដោយយកចិត្តទុកដាក់ ល់ចំណុចសំខាន់ ៣ គឺ៖

១. ធានាគុណភាពការងារ ដោយត្រូវបំពេញភារកិច្ច ប្រកបដោយសុជីវធម៌ និងសីលធម៌ ,

២.សុវត្ថិភាពការងារ គឺ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់កំណត់ និង

៣.ធានានិរន្តរ៍ភាពការងារគ្រប់ទីកន្លែង ។

លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ក៏បានសម្តែងការអបអរសាទរចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខារាជធានីភ្នំពេញទាំងអស់ ដែលទើបទទួលបានការតែងតាំងថ្មីផងដែរ ហើយលោក បានបញ្ជាក់ថា: សកម្មភាព របស់សមាគមរាជសីហ៍យើង មានការគាំទ្រពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែ ឧបត្តម្ភគាំទ្រ ជាពិសេសការផ្តល់អាហារូបករណ៍ជាច្រើន ជូនយុវជនរាជសីហ៍។

លោក បានលើកពីប្រវត្តិនៃការកកើតសមាគម តាំងពីមានក្បាលម៉ាស៊ីន តែ ៥ នាក់ បង្កើតជាស្ទីតយោ Studio ថតបទចម្រៀង រួចហើយ ទើបបង្កើតជាសមាគម ចុះបញ្ជីនៅ ក្រសួងមហាផ្ទៃ ។

រហូតដល់បច្ចុប្បន្ន មានសមាជិកជាង ៤.០០០ នាក់ និងមានសាខា រាជធានី ខេត្តចំនួន ២៤ និងសាខាក្រៅប្រទេស ចំនួន៥ គឺ ប្រទេសកូរ៉េ ថៃ វៀតណាម ជប៉ុន និង ម៉ាឡេស៊ី ។

ក្រៅពីធ្វើសកម្មភាពមនុស្សធម៌ កីឡា ជួយសង្គម ក្នុងប្រទេស សមាគមរាជសីហ៍ ក៏ បានធ្វើសកម្មភាពក្រៅប្រទេស ដូចជា កូរ៉េ បារាំង ថែមទាំងបានចុះ MOU សហការគ្នា ធ្វើសកម្មភាពមនុស្សធម៌ ជាមួយក្រុមហ៊ុនបរទេសធំៗជាច្រើន ៕

ដកស្រង់ពី៖ រស្មីកម្ពុជា