Social Network

ព័ត៌មានជាតិមន្ត្រីជំនាញប្រកាសឱ្យពលរដ្ឋបង្កើនប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយ ខណៈជំងឺនេះមានអត្រាខ្ពស់ជាងជំងឺកូវីដ១៩

មន្ត្រីជំនាញក្រសួងសុខាភិបាលបានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺផ្តាសាយ ខណៈបច្ចុប្បន្នជំងឺនេះមានអត្រាវិជ្ជមានខ្ពស់ជាងជំងឺកូវីដ១៩ទៅទៀត។

 

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រាប់ កម្ពុជាថ្មី នៅព្រឹក ថ្ងៃទី១៣មិថុនានេះថា រដូវភ្លៀងធ្លាក់តែងតែមានការរីករាលដាលជំងឺផ្តាសាយដែលបណ្តាលមកពីមេរោគផ្តាសាយ ហើយ បើតាមទិន្នន័យនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបង្ហាញថា អត្រាវិជ្ជមាននៃជំងឺផ្តាសាយនាពេលបច្ចុប្បន្នខ្ពស់ជាងជំងឺកូវីដ១៩ទៅទៀត។លោកវេជ្ជបណ្ឌិតបានពន្យល់ថា ជំងឺផ្តាសាយនៅរដូវភ្លៀងមានភាពខុសគ្នាទៅនឹងជំងឺផ្តាសាយនៅរដូវត្រជាក់។

ជំងឺផ្តាសាយនៅរដូវត្រជាក់មិនមែនបង្កឡើងដោយមេរោគផ្តាសាយទេភាគច្រើនបង្កឡើងដោយការប្រែប្រួលអាកាសធាតុហើយការព្យាបាលក៏ខុសគ្នាដែរ។ លោកវេជ្ជបណ្ឌិតបានបន្តថា ចំពោះការព្យាបាលជំងឺផ្តាសាយបង្កឡើងដោយមេរោគអ្នកជំងឺត្រូវពិសារទឹកឱ្យបានច្រើន និងបរិភោគថ្នាំបញ្ចុះកម្តៅ និងពិសារថ្នាំវីតាមីនសេដើម្បីជួយឱ្យឆាប់ជាសះស្បើយ។

ជាមួយគ្នានេះអ្នកជំងឺក៏អាចព្យាបាលតាមរបៀបធម្មជាតិផងដែរដោយអ្នកជំងឺត្រូវបរិភោគទឹកក្តៅអ៊ុនៗឱ្យបានច្រើន និងញឹកញាប់ និងពិសារអាហារដែលមានសារជាតិវីតាមីនសេក្នុងនោះមានដូចជា ផ្លែក្រូច ស្ត្រូប៊ើរី ស្វាយទុំ ល្ហុងទុំ ត្របែក ម្នាស់ទុំ ក្រូចឆ្មានិងបន្លែពណ៍ខៀវលោកវេជ្ជបណ្ឌិតបន្តទៀតថា ជំងឺផ្តាសាយបង្កឡើងដោយមេរោគអាចជាដោយខ្លួនឯងវិញទេចំពោះអ្នកមានសុខភាពល្អ។ប៉ុន្តែចំពោះអ្នកមិនមានសុខភាពមិនល្អ និងមនុស្សវ័យចំណាស់ដូចជាជំងឺទឹកនោមផ្អែម លើសឈាម រលាកក្រពះពោះវៀន មហារីក និងជំងឺរ៉ាំរ៉ៃដ៏ទៃទៀតដែលមានភាពស៊ាំក្នុងខ្លួនថយចុះអាចប្រឈម និងវិវត្តន៍ទៅជាធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងករណីប្រើថ្នាំបញ្ចុះកម្តៅនិងអនុវត្តតាមវិធីធម្មជាតិហើយរយៈពេល៣ថ្ងៃនៅមិនធូរស្រាលហើយក្នុងអំឡុងពេលព្យាបាលមានអាការៈដូចជាហត់ពិបាកដកដង្ហើមគួរទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឱ្យបានសមស្របនិងព្យាបាលឱ្យបានត្រឹមត្រូវនិងកុំទិញថ្នាំផ្តេសផ្តាសពិសារពិសេសកុំប្រើថ្នាំផ្សះដោយខ្លួនឯងអាចធ្វើឱ្យខូចសុខភាពនិងស៊ាំថ្នាំ។

លោកវេជ្ជបណ្ឌិតបានណែនាំដល់អ្នកជំងឺផ្តាសាយគួរតែពាក់ម៉ាស និងនៅឱ្យដាច់ពីគេ និងអនុវត្តវិធានការអនាម័យ។ព្រោះជំងឺផ្តាសាយឆ្លងពីម្នាក់ទៅម្នាក់ទៀតតាមរយៈតំណក់ទឹកតូចៗពេលអ្នកជំងឺកណ្តាស់ឬក្អកចេញពីមាត់និងច្រមុះហើយអាចសាយភាពមេរោគ១ម៉ែត្រទៅ១ម៉ែត្រកន្លះ។

លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋបើឃើញកន្លែងណាមានករណីជំងឺផ្តាសាយច្រើនខុសធម្មតានៅក្នុងសហគមន៍ ឬកន្លែងធ្វើការសូមរាយការណ៍មកលេខ១១៥ចាបន្ទាន់ដើម្បីឱ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជួនមន្ត្រីចុះទៅអង្កេតស្រាវជ្រាវរកមេរោគអ្វីពិតប្រាកដបណ្តាលឱ្យឆ្លងជំងឺផ្តាសាយសំដៅទប់ស្កាត់ការឆ្លងរីករាលដាលឱ្យបានទាន់ពេលវេលា៕

ដកស្រង់ពី៖ កម្ពុជាថ្មី