Social Network

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាចេញសេចក្តីថ្លែងការណ៍គាំទ្រការផ្តួចផ្តើមដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

 ភ្នំពេញ៖សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាបានប្រកាសគាំទ្រការផ្តួចផ្តើមដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុនសែនក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់«សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជានៅថ្ងៃទី ១៣ខែមិថុនាឆ្នាំ២០២៣។

 

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ និងមានសុទិដ្ឋិនិយមចំពោះស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ដែលចូលរួមយ៉ាងផុសផុលក្លៀវក្លា គាំទ្រដល់គំនិតផ្តួចផ្តើមដ៏មានតម្លៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់លើចំណុច «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»។

នេះគឺជាការគិតគូរប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយ ហើយក៏ជាការត្រួសត្រាយអនាគតកម្ពុជាដ៏មានតម្លៃ ជាពិសេសពង្រឹងបាននូវ «ភាពទទួលខុសត្រូវខ្ពស់» របស់ប្រជាពលរដ្ឋនិងអ្នកនយោបាយចំពោះជាតិ និងប្រជាជនខ្លួនឯងដោយ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនរាប់ចាប់តាំងពី «សិទ្ធិបោះឆ្នោត» ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។

សេចក្តីថ្លែងការណ៍បន្តថា ការកសាងបាននូវមូលដ្ឋាន «ប្រជាធិបតេយ្យចូលរួម»គឺការប្រឹងប្រែងប្រកបដោយភាព ប្រាកដនិយមក្នុងការពង្រឹងកម្លាំងជាតិពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋលើគ្រប់ដំណើរជាតិលុបបំបាត់វប្បធម៌នយោបាយជ្រុលនិយមការបំបែកបំបាក់ការបន្ទុចបង្អាក់ជាពិសេសលុបបំបាត់ជំងឺប្រឆាំងជ្រុលនិយមចំពោះផលប្រយោជន៍ជាតិគ្មានទីបញ្ចប់។

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក៏យល់ឃើញដែរថា ការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះ គឺមានតម្លៃដូចគ្នាទៅនឹងការផ្តួចផ្តើមកន្លងមក ក្នុងការរៀបចំច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» ចំពោះឥស្សជនជាន់ខ្ពស់ដែលប្រាថ្នាក្លាយជាថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ប្រទេស ដែលច្បាប់នេះក្លាយជាមូលដ្ឋានសម្រាប់កសាងមេដឹកនាំដែលមានភាពស្មោះត្រង់ ជាត្រីវិស័យសម្រាប់សម្រួចនូវភក្តីភាពរបស់អ្នកនយោបាយ ចំពោះប្រទេសជាតិខ្លួន ហើយលើសពីនេះគឺជាកំផែងការពារនិងបញ្ចៀសបាននូវការជ្រៀតជ្រែករបស់បរទេសមកលើកិច្ចការប្រទេសជាតិផងដែរ។

ជាថ្មីម្តងទៀត ការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន គឺជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសជាតិ និងមានតម្លៃសម្រាប់អនាគតកម្ពុជាពិតប្រាកដ៕

ដកស្រង់ពី៖ រស្មីកម្ពុជា