Social Network

ក្រសួងពាណិជ្ជកម្ម ប្រកាសព័ត៌មានពី ការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ និងប្រកាសស្តីពី ខសន្យាមិនសុចរិត ក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋាន

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅថ្មីៗនេះ ស្តីពីការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើ ប្រាស់ និងប្រកាសស្តីពី ខសន្យាមិនសុចរិត ក្នុងវិស័យអចលនទ្រព្យនិងលំនៅដា្ឋន។

 

បើយោងតាមសេចក្តីប្រកាសព័ត៌មាននោះ បានលើកឡើងថាៈដើម្បីការពារផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលកម្ពុជា បានកសាង សេចក្តីព្រាងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើ តាមរយៈព្រះរាជក្រម លេខ នស/រកម/១១១៩/០១៦ ចុះថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក៏ត្រូវបានបង្កើតឡើង តាមរយៈ អនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដែលមាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន និងមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាអនុប្រធាន និងជាសមាជិក។

គ.ជ.ក.ប. មានតួនាទីរៀបចំ និងផ្សព្វផ្សាយ អំពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងដឹកនាំ និងត្រួតពិនិត្យលើការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងបរិបទដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងមានការរីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនៈ ដែលក្នុងនោះ វិស័យអចលនទ្រព្យ និងលំនៅដ្ឋាន ក៏មានសន្ទុះកើនឡើង យ៉ាងខ្លាំងក្លាផងដែរ។

ជាមួយនឹងការរីកលូតលាស់ខ្លាំងបែបនេះ បានបង្កឱ្យមានការប្រកួត ប្រជែងយ៉ាងផុលផុស ក្នុងវិស័យជួញដូរអចលនទ្រព្យ ដែលអាចនឹងបង្កលក្ខណៈ ឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់ ឬកឹបកេងយកផលចំណេញ ពីអ្នកប្រើប្រាស់ ដោយហួសហេតុជាដើម។

កន្លងមកនេះ ក្នុងចរន្តនៃការទិញ លក់អចលនទ្រព្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញមានការប្រើប្រាស់ទម្រង់ស្ដង់ដារ នៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ច មួយចំនួន មានភាពមិនសុចរិត។

ទម្រង់ស្ដង់ដារនៃកិច្ចសន្យាខ្លះ មិនបានផ្ដល់លទ្ធភាពឱ្យ អ្នកប្រើប្រាស់ ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌ ណាមួយ នៃកិច្ចសន្យា ដើម្បីការពារផល ប្រយោជន៍ ស្របច្បាប់របស់ពួកគាត់ឡើយ។ ទម្រង់ស្ដង់ដារនៃ កិច្ចសន្យាមួយចំនួន បានបង្កប់នូវខ្លឹមសារ និងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុ ពីអ្នក ប្រើប្រាស់។

ខសន្យាមិនសុចរិតទាំងនោះមានជាអាទិ៍៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលខុសត្រូវ របស់បុគ្គលធ្វើធុរកិច្ច លើការធានាលើទំនិញ និង/ឬ សេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ច អាចកែប្រែ ឬផ្លាស់ប្តូរចំណុច សំខាន់ណាមួយ លើប្រភេទ បរិមាណ តម្លៃ និងគុណភាពនៃទំនិញ និង/ឬ សេវា ឬកែប្រែខសន្យាសំខាន់ៗ នៃទម្រង់ស្ដង់ដារ នៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឱ្យ មានការជូនដំណឹង និងការយល់ព្រមជាមុន ពីអ្នកប្រើប្រាស់ និងខសន្យាដែលផ្ដល់សិទ្ធិ ឱ្យបុគ្គលធ្វើធុរកិច្ច អាចបកស្រាយ ដោយឯកតោភាគី ឬរំលាយកិច្ចសន្យាតាមឆន្ទានុសិទ្ធិ របស់បុគ្គលធ្វើធុរកិច្ច។

ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ គ.ជ.ក.ប. បានរៀបចំប្រកាស លេខ០០៦៧ ព.ណ.អ.កបប.ប្រក ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ស្តីពីខសន្យាមិនសុចរិត សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទប់ស្កាត់ការបង្កើតទម្រង់ស្ដង់ដារ នៃកិច្ចសន្យា ដែលមិនសុចរិត និងមាន លក្ខណៈកេងចំណេញពីអ្នកប្រើប្រាស់។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ខ្លឹមសារនៃប្រកាស ស្តីពីខសន្យាមិនសុចរិត និងប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍ អចលនវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន អចលនទ្រព្យ ដែលកំពុងធ្វើធុរកិច្ច លើវិស័យនេះ ប្រមាណ ១៥០ នាក់ និងមានតំណាង ដែលអញ្ជើញមកពីនិយ័តករអាជីវកម្ម អចលនវត្ថុនិងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមធ្វើជាវាគ្មិនផងដែរ។

គ.ជ.ក.ប. សូមក្រើនរំលឹកដល់បុគ្គលធ្វើធុរកិច្ច លើវិស័យអចលនវត្ថុទាំងអស់ ត្រូវអនុវត្ត ឱ្យបានត្រឹមត្រូវ តាមខ្លឹមសារនៃច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសប្រកាស លេខ ០០៦៧ ព.ណ.អ.កបប.បក ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ស្តីពីខសន្យាមិនសុចរិត ដើម្បីការពារសិទ្ធិ អ្នកប្រើប្រាស់ និងជំរុញឱ្យការប្រកួតប្រជែង ប្រព្រឹត្តប្រកបដោយតម្លាភាព។ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ក្រសួងពាណិជ្ជកម្ម និងជាសេនាធិការរបស់ គ.ជ.ក.ប. ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ នឹងចាត់វិធានការ យ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលទាំងឡាយណា ដែលត្រូវបានរកឃើញថា ប្រព្រឹត្តបំពានទៅនឹងច្បាប់ស្តីពីកិច្ច ការពារអ្នកប្រើប្រាស់ ឬបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមានផ្សេងទៀត។

ទន្ទឹមនឹងនេះ គ.ជ.ក.ប. សូមអំពាវនាវដល់សាធារណជនទាំងអស់ ប្រសិនបើទទួលរង នូវភាពអយុត្តិធម៌ ពាក់ព័ន្ធនឹងការកេងយកចំណេញហួសហេតុ ពីបុគ្គលធ្វើធុរកិច្ច ក្នុងវិស័យអចលនវត្ថុ និងលំនៅដ្ឋាន តាមរយៈការរៀបចំនូវទម្រង់ស្ដង់ដារ នៃកិច្ចសន្យា ដែលមិនសុចរិត អាចដាក់ពាក្យបណ្តឹង មកអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលមានអាសយដ្ឋាន៖ ផ្លូវ១៨ ភូមិ ក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ៖ (១), ០២៣ ២៣១.៨៥៦ និង (២). ០៩២ ៨៣០ ៨៥៦ ៕

 

 

ដកស្រង់ពី៖ រស្មីកម្ពុជា