Social Network

ទឹកទន្លេអាចនឹងងើបឡើងវិញដោយសារឥទ្ធិពលសម្ពាធទាបសកម្ម

ភ្នំពេញៈ សម្ពាធទាបសកម្មនៅក្នុងសមុទ្រចិនខាងត្បូងនៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ វាបានដើរទៅដល់កៀកឆ្នេរភាគកណ្តាលរបស់ប្រទេសវៀតណាម ហើយមានដំណើរបន្តកាត់ តំបន់អាងទន្លេមេគង្គលើក្នុងប្រទេសឡាវមុននឹងចូលទៅដល់ប្រទេសដោយធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់អាងទន្លេមេគង្គលើនិងនៅក្នុងប្រទេសកម្ពុជាក៏នឹងមានភ្លៀងធ្លាក់ច្រើនដែរ ជាពិសេសនៅខេត្តកោះកុង និងខេត្តព្រះសីហនុជាមួយនឹងខ្យល់បក់បោកខ្លាំង។

 

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា សម្ពាធទាបសកម្មនៅក្នុងសមុទ្រខាងត្បូងនៅរសៀលថ្ងៃនេះវាបានដើរទៅដល់កៀកឆ្នេរភាគកណ្តាលរបស់ប្រទេសវៀតណាមមានដំណើរបន្តកាត់លើប្រទេសឡាវចូលទៅដល់ប្រទេសថៃដោយ មានដំណើរលឿននិងធ្វើឱ្យមានភ្លៀងច្រើននៅក្នុងទឹកដីថៃនិងឡាវ។អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថា សម្ពាធទាបសកម្មនេះអាចនឹងបង្កឱ្យមានភ្លៀងច្រើននៅតំបន់អាងទន្លេមេគង្គលើធ្វើឱ្យទឹកទន្លេមេគង្គអាចនឹងងើបឡើងវិញបន្តិចនៅពេលប៉ុន្មានថ្ងៃខាងមុខ តែវាមិនឈានទៅដល់ជំនន់អ្វីធ្ងន់ធ្ងរនោះទេដោយសារទឹកទន្លេនៅគ្រប់ស្ថានីយជលសាស្ត្រពេលនេះបន្តស្រកចុះ ហើយនៅក្នុងប្រទេសកម្ពុជាក៏នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើននៅកន្លែងខ្លះដែរ ជាពិសេសនៅខេត្តកោះកុងនិងខេត្តព្រះសីហនុអាចនឹងមានជំនន់ទឹកភ្លៀងកើតឡើង ។

នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំងជាពិសេសនៅថ្ងៃទី២៧និង២៨ខែកញ្ញា។ លោក ចាន់ យុត្ថា បានឱ្យដឹងផងដែរថាទឹកទន្លេនៅគ្រប់ស្ថានីយជលសាស្ត្រនៅបន្តស្រកចុះពីរបីថ្ងៃទៀត ទើបអាចងើបឡើងវិញបន្តិច បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនដោយសារឥទ្ធិពលសម្ពាធទាបសកម្មដែលបានដើរកាត់តំបន់អាងទន្លេមេគង្គលើ។

តាមព្រឹត្តិបត័្រព័ត៍មាននិងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៣ បានបង្ហាញឱ្យឃើញថាទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែងមានកម្ពស់៧.៩០ម៉ែត្រ ទាបជាងថ្ងៃទី២៤ កញ្ញា ០.៣១ម៉ែត្រ នៅខេត្តក្រចេះទឹកមានកម្ពស់១៨.៥៩ម៉ែត្រ ទាបជាងថ្ងៃទី២៤ ខែកញ្ញា ០.៣២ម៉ែត្រ នៅកំពង់ចាម ទឹកមានកម្ពស់១២.៤២ម៉ែត្រ ទាបជាងថ្ងៃទី២៥ កញ្ញា ០.១៥ម៉ែត្រ នៅចតុមុខទឹកមានកម្ពស់ ៧.៨២ម៉ែត្រ ទាបជាងថ្ងៃទី២៤ ខែកញ្ញា ០.១៤ម៉ែត្រ នៅអ្នកលឿងទឹកមានកម្ពស់ ៥.៦៨ម៉ែត្រ ទាបជាងថ្ងៃទី២៤ ខែកញ្ញា ០.០១ម៉ែត្រ នៅទន្លេបាសាក់កោះខែលទឹកមានកម្ពស់ ៦.៨៧ម៉ែត្រ ទាបជាងថ្ងៃទី២៤ កញ្ញា ០.០៣ម៉ែត្រ នៅទន្លេសាបព្រែកក្តាមទឹកមានកម្ពស់ ៦.៧៩ម៉ែត្រ ស្មើថ្ងៃទី២៤ ខែកញ្ញា នៅបឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់ ៥.៧១ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៤ ខែកញ្ញា ០.០៩ម៉ែត្រ។

តាមការព្យាករដដែលសម្រាប់ថ្ងៃទី២៨ ខែកញ្ញា ទឹកនៅខេត្តស្ទឹងត្រែងអាចស្រកមកនៅកម្ពស់៧ម៉ែត្រ នៅខេត្តក្រចេះទឹកអាចស្រកមកនៅកម្ពស់១៧.៤០ម៉ែត្រ នៅកំពង់ចាម ទឹកអាចស្រកមកនៅកម្ពស់១១.៦៤ម៉ែត្រ នៅចតុមុខទឹកអាចស្រកនៅកម្ពស់៧.៤០ម៉ែត្រ នៅអ្នកលឿងទឹកអាចស្រកមកនៅកម្ពស់ ៥.៤១ម៉ែត្រ នៅទន្លេបាសាក់កោះខែលទឹកអាចស្រកនៅកម្ពស់ ៦.៦២ម៉ែត្រ និងនៅទន្លេសាបព្រែកក្តាមទឹកអាចស្រកមកនៅកម្ពស់ ៦.៥១ម៉ែត្រ៕

តាមការព្យាករដដែលសម្រាប់ថ្ងៃទី២៨ ខែកញ្ញា ទឹកនៅខេត្តស្ទឹងត្រែងអាចស្រកមកនៅកម្ពស់៧ម៉ែត្រ នៅខេត្តក្រចេះទឹកអាចស្រកមកនៅកម្ពស់១៧.៤០ម៉ែត្រ នៅកំពង់ចាម ទឹកអាចស្រកមកនៅកម្ពស់១១.៦៤ម៉ែត្រ នៅចតុមុខទឹកអាចស្រកនៅកម្ពស់៧.៤០ម៉ែត្រ នៅអ្នកលឿងទឹកអាចស្រកមកនៅកម្ពស់ ៥.៤១ម៉ែត្រ នៅទន្លេបាសាក់កោះខែលទឹកអាចស្រកនៅកម្ពស់ ៦.៦២ម៉ែត្រ និងនៅទន្លេសាបព្រែកក្តាមទឹកអាចស្រកមកនៅកម្ពស់ ៦.៥១ម៉ែត្រ៕

ដកស្រង់ពី៖ រស្មីកម្ពុជា