Social Network

អគ្គនាយកដ្ឋានពន្ធដារ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លី មិនបានប្រើប្រាស់ រហូតដល់ដំណាច់ ឆ្នាំ២០២៣

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើ អចលនទ្រព្យ និង/ឬពន្ធលើដីធ្លី មិនបានប្រើប្រាស់ រហូតដល់ដំណាច់ឆ្នាំ២០២៣ ។

 

យោងសេចក្ដីជូនដំណឹងរបស់ខ្លួន ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការ លើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើ ដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះ ឱ្យអស់សក្តានុពល អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូន ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមក មិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត មេត្តាជ្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យម្ចាស់ អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្ដល់ការលើកលែង នូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធ ទាំងពីរប្រភេទនេះ រហូតដល់ដំណាច់ឆ្នាំ២០២៣។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញម្ចាស់អចលនទ្រព្យ មកចុះបញ្ជី និង ប្រកាសបង់ពន្ធលើ អចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានរួចរាល់ ក្នុងឆ្នាំ២០២៣។

ចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យ មិនបានបំពេញ កាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទ នៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើ ត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្ម ចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ។ ក្នុងករណីមានចម្ងល់នានា ពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទំនាក់ទំនង មកមជ្ឈមណ្ឌល ពិគ្រោះយោបល់ (Call Center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ ជាមួយពន្ធដារ GDT Live Chat ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញ កាតព្វកិច្ចសារពើពន្ធ ឱ្យបានទាន់ពេលវេលាកំណត់ខាងលើ ជាពុំខាន៕

ដកស្រង់ពី៖ រស្មីកម្ពុជា