Social Network

ទឹកជំនន់លើផ្លូវជាតិលេខ៤ ស្រកអស់ ចរាចរបើកដំណើរការវិញធម្មតា

ភ្នំពេញៈ ជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវជាតិលេខ៤ ចំនួនពីរកន្លែង កាលពីថ្ងៃទី ២៧ ខែកញ្ញា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា នេះ បានស្រកអស់ទៅវិញ និងគេបានបើកឱ្យចរាចរ ឆ្លងកាត់វិញជាធម្មតា បន្ទាប់ពីបិទមួយរយៈ ក្នុងពេលទឹកលិច នៅលើផ្លូវដល់កម្ពស់ ០,៦០ ម៉ែត្ររួចមក។

 

បញ្ហាជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវជាតិលេខ៤ នៅចំណុចដដែលៗនេះ អភិបាល ខេត្តព្រះសីហនុ បានសំណូមពរ ដល់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ លិចផ្លូវនេះ ឱ្យធ្វើការកែលម្អមុខទឹក នៅតាមស្ពាន និងលើកកម្ពស់តួផ្លូវ ដែលកំពុងធ្វើការជួសជុលនេះ ដើម្បីបញ្ចប់បញ្ហាលិចលង់ ដែលកើតមានដដែលៗនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ថា ជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រ លេខ ១៥៣ និង ១៥៤ និង នៅចន្លោះគីឡូម៉ែត្រលេខ ១១៥ និង ១១៦ កាលពីថ្ងៃទី ២៧ ខែកញ្ញា មកដល់ព្រឹកថ្ងៃទី ២៨ ខែកញ្ញានេះ បានស្រកផុតអស់ទៅវិញហើយ កងកម្លាំងដែលបានបញ្ជូន ទៅជួយអន្តរាគមន៍នោះ ក៏បានដកចេញអស់ ទុកនៅតែ គ្រឿងចក្រ ជាមួយនឹងអ្នកបច្ចេកទេសខ្លះ បង្កាក្រែងលោមានស្រុតផ្លូវរថយន្តជាប់ផុង ក្រោយពីទឹកលិច។ ផ្លូវបានបើកឱ្យចរាចរឆ្លងកាត់វិញធម្មតា។

លោកអភិបាលខេត្ត បាននិយាយឱ្យដឹងផងដែរថា នៅក្នុងពេលចុះពិនិត្យស្ថានភាពទឹក ជំនន់ នៅចន្លោះគីឡូម៉ែត្រលេខ ១១៥ និង ១១៦ កាលពីព្រលប់ថ្ងៃទី ២៧ ខែកញ្ញា លោកបានជួបជាមួយនឹង រដ្ឋមន្ត្រីក្រសួងសាងធារណការ និងដឹកជញ្ជូន ហើយលោក បានលើកជាសំណូមពរដល់រដ្ឋមន្ត្រី ឱ្យរកវិធីធ្វើយ៉ាងណា ដើម្បីបញ្ចប់ការលិចលង់ ដោយជំនន់ទឹកភ្លៀង ដែលតែងតែកើតមាន ពីរទៅបីដង ក្នុងមួយឆ្នាំ នៅចំណុចស្ពាន ស្ទឹងឆាយ ស្ពានស្ទឹងសំរោង និងស្ពានអូរគគីរ ដោយត្រូវពង្រីកមុខទឹក នៅតាមស្ពាន និងលើកកម្ពស់តួផ្លូវ នៅចំណុចដែលមានការប្រឈមនឹងការលិចទឹក ញឹកញាប់នេះ។

តាមប្រសាសន៍របស់លោក គួច ចំរើន ថាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានយល់ស្របនឹងការលើកឡើង ខាងលើ ហើយឱ្យរដ្ឋបាលខេត្ត ជួយលើកជាសំណើឡើង ដើម្បីមានមូលដ្ឋានឈានទៅកែប្រែគម្រោងកែលម្អផ្លូវ និងស្ពាន នៅតាមផ្លូវជាតិលេខ៤ ដែលកំពុងតែដំណើរការសាងសង់ ជាពិសេសកំពុងតែ សាងសង់ស្ពានសំខាន់ៗ នៅតាមផ្លូវនេះ។

លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ២៨ ខែកញ្ញាថា ទឹកលិចផ្លូវជាតិលេខ៤ បានស្រក ទៅវិញអស់ហើយ ឯស្ថានភាពភ្លៀង នៅថ្ងៃនេះ ក៏ថមថយទៅវិញហើយដែរ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ២៤ ខែកញ្ញា បានជូនដំណឹងថា ប្រព័ន្ធសម្ពាធទាបមួយ បានកើតឡើង និងអូសកាត់លើ ព្រះរាជាណាចក្រកម្ពុជា ព្រមពេលជាមួយគ្នានេះ នៅក្នុងសមុទ្រចិនខាងត្បូង មានសម្ពាធទាបសកម្មមួយ នឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា ឡាវរួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា សម្ពាធទាបសកម្មនេះ នឹងបង្កឱ្យតំបន់ ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង តំបន់ទំនាបកណ្តាលភាគពាយព្យ អាចមាន ភ្លៀងពីបង្គួរទៅច្រើន នៅអំឡុងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញា។

ឯនៅតំបន់មាត់សមុទ្រ នាអំឡុងពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ មានខ្យល់ បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា