Social Network

FIFA ប្រកាសថា Club World Cup ដែលបង្កើនដល់ទៅ ៣២ក្រុមនោះ លេងនៅអាមេរិកឆ្នាំ២០២៥

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ក្លិបបាល់ទាត់អន្តរទ្វីប Club World Cup ដែលបន្ថែមក្រុមពី ៧ ឡើងដល់ ៣២ក្រុម នឹងលេងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ ខាងមុខ។

ការប្រកួតនេះដែរ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយលេងរៀងរាល់ ៤ឆ្នាំម្តងដូចពានធំៗផងដែរ គ្រាដែលក្រុមនៅតំបន់អឺរ៉ុប (UEFA) នឹងមាន ១២ក្រុមចូលរួមច្រើនជាងគេ។

ដូចគ្នានោះដែរ កាំភ្លើងធំ Arsenal នឹងមានកៅអីលេងពាន Club World Cup 2025 ប្រសិនបើពួកគេឈ្នះពាន UEFA Champions League រដូវកាលនេះ ស្របពេល Real Madrid របស់អេស្ប៉ាញ ជាក្រុមដែលជោគជ័យក្នុងពាននេះជាងគេ ដោយឈ្នះបាន ៥លើក និងចុងក្រោយក្នុងឆ្នាំ២០២២។

យោងតាមកាលបរិច្ឆេទចាស់ ព្រឹត្តិការណ៍ Club World Cup ត្រូវបានរៀបចំយ៉ាងទៀងទាត់នៅពាក់កណ្តាលរដូវកាលជារៀងរាល់ឆ្នាំ ដោយមាន ៧ក្រុមមកពី ៦សហព័ន្ធដែលជាសមាជិកពេញសិទ្ធិរបស់ FIFA។ តួយ៉ាង ក្រុមជើងឯកដល់ទៅ ៣ពាន គឺ Manchester City ដែលទើបឈ្នះជើងឯកពានអឺរ៉ុបលើកដំបូងកាលខែមិថុនា ឆ្នាំ២០២៣ នឹងត្រូវប៉ះ Urawa Red Diamonds នៅប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៩ ខែធ្នូស្អែកនេះពីក្នុងវគ្គ ៤ក្រុមចុងក្រោយ ដើម្បីប្រជែងកៅអីទៅដណ្តើមពាននារាត្រីថ្ងៃទី២៣ ខែធ្នូខាងមុខ៕

ដកស្រង់ពី៖Fresh New