Social Network

សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃរបស់ជប៉ុន ប្រកាសជួយជំរុញការវិនិយោគជប៉ុន មកកាន់កម្ពុជា

(តូក្យូ, ជប៉ុន)៖ លោក អូបាយ៉ាស៊ី តាកេអុ (OBAYASHI TAKEO) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION របស់ជប៉ុន បានប្រកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយជំរុញអ្នកវិនិយោគចូលមកកម្ពុជាផងដែរ។

លោក អូបាយ៉ាស៊ី តាកេអុ ប្រកាសបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនោះ លោក អូបាយ៉ាស៊ី តាកេអុ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីសកម្មភាពអាជីវកម្មរបស់សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជាពិសេសសកម្មភាពការងារមួយចំនួនដែលបានអនុវត្តក្នុងប្រទេសកម្ពុជាដូចជា ការជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារជាដើម។ លោកប្រធាន បានជម្រាបផងដែរអំពីបំណងពង្រីកវិនិយោគរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្តក្រុមហ៊ុនជប៉ុនដទៃទៀតឱ្យវិនិយោគនៅកម្ពុជា។ លោក អូបាយ៉ាស៊ី តាកេអុ ក៏ជម្រាបសម្តេចធិបតី អំពីគម្រោងពិព័រណ៍សាកលនៅសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃនាឆ្នាំ២០២៤។ លោក អូបាយ៉ាស៊ី តាកេអុ សង្ឃឹមថា កម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះជំនួបជាមួយលោក អូបាយ៉ាស៊ី តាកេអុ និងសហការី ព្រមទាំងបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ដែលប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសជាច្រើនក្នុងតំបន់កាន់សៃ មកបោះទុនវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យបន្តជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបានការចាប់អារម្មណ៍ និងឱកាសពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំការចូលរួមព្រឹត្តិការណ៍ពិព័រណ៍សាកលក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃនាឆ្នាំ២០២៤។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែជាដើម។

សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់។

បរិយាកាសទាំងនេះ ជាការជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសខ្នាតយក្ស ដែលមានទីតាំងក្នុងតំបន់កាន់សៃ នៅភាគខាងលិចនៃប្រទេសជប៉ុន ក្នុងនោះរួមមានចំនួន៧ខេត្ត ដូចជា ខេត្តអូសាកា, ខេត្តក្យូតុ, ខេត្តហ្យូហ្កុ, ខេត្តណារ៉ា, ខេត្តស៊ីហ្កា, ខេត្តមិអិ និងខេត្តវ៉ាកាយ៉ាម៉ា ដោយក្រុមហ៊ុនយក្សទាំងអស់នោះ សុទ្ធសឹងមានឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន៕

ដកស្រង់ពី៖Fresh New